ក្រុង Madrid: ក្រុម​ជម្រើសជាតិ​អេស្ប៉ាញ​បាន​យក​ឈ្នះ​ជម្រើសជាតិ​ស៊ុយអែត ៣-០ កាលពី​រាត្រី​ថ្ងៃ​ចន្ទ ខណៈ​កីឡាករ Sergio Ramos និង Alvaro Morata បាន​ស៊ុត​បាល់​ពិន័យ​​ ១១ ​ម៉ែត្រ​យ៉ាង​ល្អ​ម្នាក់​ ១ ​គ្រាប់ ដើម្បី​រក្សា​ការចាប់ផ្ដើម​ដ៏ល្អ​របស់​ពួកគេ​នៅក្នុង​ការប្រកួត​ជម្រុះ Euro 2020​។

ក្រុម​ជម្រើសជាតិ​អេស្ប៉ាញ​បាន​ខិតខំ​ទម្លុះ​ខ្សែការពារ​ដ៏ស្វិតស្វាញ​របស់​ក្រុម​ស៊ុយអែដ​នៅ​កីឡដ្ឋាន Santiago Bernabeu ប្រទេស​អេស្ប៉ាញ​រហូត​ទាល់តែ​អេស្ប៉ាញ​ទទួល​បាន​បាល់​ពិន័យ​ ១១ ​ម៉ែត្រ​ពី​ស៊ុយអែត​ហើយ​បាល់​ពិន័យ​ ១១ ​ម៉ែត្រ​នេះ ស៊ុត​ដោយ​ខ្សែការពារ Ramos នៅ​នាទី​ទី​ ៦៤ ហើយ​ ១ ​គ្រាប់​ទៀត​ដោយ​កីឡាករ Morata បន្ទាប់​មក Mikel Oyarzabal រក​បាន​ ១ ​គ្រាប់​ចុងក្រោយ​នៅ​នាទី​ទី​ ៨៧​។

ជ័យជម្នះ​នេះ ៣-០ លើ​ក្រុម​ស៊ុយអែត​នេះ​បាន​ជួយ​ឲ្យ​ក្រុម​អេស្ប៉ាញ​នៅតែ​បន្ត​ស្ថិត​នៅ​លើ​កំពូល​តារាង​នៃ​ពូល F ដដែល​ជាមួយ​ការឈ្នះ​ទាំង​ ៤ ​ប្រកួត​ក្នុង​ចំណោម​ ៤ ​ប្រកួត​ដោយ​នាំមុខ​ ៥ ​ពិន្ទុ​ទៅ​លើ​ក្រុម​ជម្រើសជាតិ​ស៊ុយអែត ដែល​ឈរ​នៅ​លេខ​ ២​។

ការឈរ​នៅ​លើ​កំពូល​តារាង​នេះ​បាន​បង្ហាញ​ពី​ការវិល​ទៅ​រក​ភាពខ្លាំង​គួរ​ឲ្យ​ចាប់អារម្មណ៍​មួយ ក្រោយពី​ក្រុម​អេស្ប៉ាញ​មាន​ទម្រង់​លេង​គួរ​ឲ្យ​ឈឺចាប់​នៅ​ក្របខ័ណ្ឌ UEFA Nations League ទោះ​ជា​ពួកគេ​បាន​ឈ្នះ​ ៣ ​ប្រកួត​មុន​នោះ​ទៅលើ​ប្រទេស Norway, Malta និង Faroe Islands ក៏ដោយ​។

កីឡាករ Luis Enrique បាន​អវត្តមាន​ពី​ការប្រកួត​ជាច្រើន​តាំងពី​ការប្រកួត​ជាមួយ​ប្រទេស Malta កាលពី​ខែ​មីនា​ដោយសារ​ស្ថានភាព​គ្រួសារ ហើយ​តាំងពី​នោះ​គេ​មិន​បាន​ឃើញ​គាត់​ចូល​លេង​ទេ ដោយ​ដាក់​ជំនួស​កីឡាករ Robert Moreno វិញ​។

ទោះបី​ជា​យ៉ាងណា Moreno បាន​និយាយ​ថា​៖ «​យើង​នៅ​តែ​អាច​លេង​បាន​ល្អ​ប្រសើរ​តាម​ទម្រង់​លេង​ជាច្រើន ហើយ​យើង​កំពុងតែ​ស្វែងរក​ភាពល្អ​បន្ថែម​ទៀត​»​។ ប៉ុន្តែ​ Moreno បាន​បញ្ជាក់​ពី​ថ្ងៃ​អាទិត្យ​ថា រូបគេ​មាន​ទំនាក់ទំនង​ជានិច្ច​ជាមួយ​កីឡាករ Luis ហើយ Ramos បាន​និយាយ​ដោយ​ទទូច​ថា ស្ថានភាព​នេះ​មិន​ប៉ះពាល់​ដល់​ក្រុម​កីឡាករ​ពួកគេ​ទេ​។

ក្នុង​ការប្រកួត​រវាង​អេស្ប៉ាញ និង Faroe Islands នេះ អេស្ប៉ាញ​បាន​ឈ្នះ ៤-១ កាលពី​ថ្ងៃ​សុក្រ ប៉ុន្តែ​ហាក់​ដូចជា​មិន​សូវ​មាន​ការចាប់​អារម្មណ៍​ពី​មហាជន​ទាល់​តែ​សោះ​។

កីឡាករ Moreno បាន​និយាយ​ថា​៖ «​ខ្ញុំ​គិត​ថា​នៅ​អេស្ប៉ាញ​យើង មិន​ចូលចិត្ត​មើល​ការប្រកួត​បរទេស​ច្រើន​ទេ​។ ប្រសិន​បើ​ពួកគេ​បាន​ឃើញ​ស្នាដៃ​របស់​កីឡាករ Kepa នៅ​ចុងក្រោយ​នៃ​រដូវកាល​នេះ​គឺ​គ្មាន​អ្នក​ណា​ម្នាក់​ភ្ញាក់ផ្អើល ចំពោះ​ការសម្រេចចិត្ត​របស់​យើង​ឡើយ​»៕ SN