ក្រុង​មីឡាន៖ រដ្ឋមន្ត្រី​កីឡា​នៅ​ប្រទេស អ៊ីតាលី ​បាន​ប្រកាស​ពី​ល្ងាច​ថ្ងៃ​ចន្ទ​ថា ការ​ប្រកួត​លីក​ Serie A មួយ​ចំនួន​នៅ​ប្រទេស ​អ៊ីតាលី​ និង​ការ​ប្រកួត​ក្របខ័ណ្ឌ​ Europa League នឹង​ត្រូវ​បាន​ធ្វើ​ដោយ​បិទ​ទ្វារ ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រាលដាល​នៃ​មេរោគ​កូរ៉ូណា​។​​

រដ្ឋមន្ត្រី​កីឡា​លោក Vincenzo Spadafora បាន​និយាយ​ក្រោយ​ពី​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​គណៈ​រដ្ឋមន្ត្រី​ថា​៖ ​«ក្រោយ​​ពី​មាន​តម្រូវ​ការ​នៃ​ពិភព​កីឡា និង​ដោយ​ដឹង​ថា​ ការ​ហាម​ឃាត់​ព្រឹត្តិការណ៍​កីឡា​​​ជា​សាធារណៈ​នៅ​​តែ​មាន​​នៅ​ក្នុង​តំបន់​ចំនួន ​៦​ នៅ​ភាគ​ខាង​ជើង​ប្រទេស ​អ៊ីតាលី ​នោះ​ យើង​បាន​យល់​ព្រម​ធ្វើ​ការ​ប្រកួត​មួយ​ចំនួន​ដោយ​បិទទ្វារ​​ជិត​​​»​។

ក្លិប​ Inter Milan ផ្ទាល់​បាន​ប្រកាស​​ពី​ការ​ប្រកួត​របស់​ខ្លួន​ជាមួយ​ក្រុម Ludogorets នៅក្នុង​​ក្របខ័ណ្ឌ Europa League នៅ​រាត្រី​ថ្ងៃ​ពុធ​​ ​​​នឹង​ត្រូវ​ធ្វើ​ដោយ​គ្មាន​វត្តមាន​របស់​អ្នក​គាំទ្រ​នោះ​​ឡើយ​​។​​

សេចក្ដី​ប្រកាស​របស់​ក្លិប Inter នេះ​បាន​និយាយ​ថា៖ «​នៅ​ក្នុង​កិច្ច​ព្រមព្រៀង​ជាមួយ​សហភាព​បាល់ទាត់​ UEFA ​នោះ​ ក្រុម​មន្ត្រី​សុខាភិបាល​នៅ​តំបន់​ Lombardy និង​ក្រុម​ប្រឹក្សា​ក្រុង​មីឡាន​​​បាន​កំណត់​ថា ការ​ប្រកួត​របស់​យើង​ជាមួយ​ក្រុម Ludogorets នឹង​ត្រូវ​ធ្វើ​ដោយ​បិទ​ទ្វារ​ជិត​»។​

រដ្ឋមន្ត្រី​កីឡា​រូប​នេះ​មិន​បាន​បញ្ជាក់​ច្បាស់​ថា តើ​ការ​ប្រកួត​នៅ​ក្របខ័ណ្ឌ Serie A ចំនួន​ប៉ុន្មាន​នៅ​ចុង​សប្ដាហ៍​នេះ ​នឹង​ត្រូវ​រួម​បញ្ចូល​នៅ​ក្នុង​បំរាម​នេះ ​ឬយ៉ាង​ណា​នោះ​ទេ​។​

មាន​ការ​ប្រកួត​ចំនួន​ ៦​ នៅ​ក្នុង​តំបន់​ដែល​រដ្ឋមន្ត្រី​រូប​នេះ​បាន​បញ្ជាក់​រួម​ទាំង​ការ​ប្រកួត​នៅ​ល្ងាច​ថ្ងៃ​អាទិត្យ​ រវាង​ក្រុម​ឈរ​កំពូល​តារាង​ Juventus និង​ក្រុម Inter ដែល​ឈរ​នៅ​លេខ ​៣ ​ផង​ដែរ​។​

ប្រទេស ​អ៊ីតាលី ​បាន​រាយការណ៍​ពី​ចំនួន​អ្នក​ស្លាប់​ដោយសារ​មេរោគ​នេះ​មាន​ចំនួន​ ​៧ ​នាក់​កាល​ពី​ថ្ងៃ​ចន្ទ​ ហើយ​ប្រទេស​នេះ​ត្រូវ​បាន​បញ្ជាក់​ថា​ ​មាន​ករណី​ឆ្លង​មេរោគ​នេះ​​ច្រើន​ជាង​គេ​​បំផុត​នៅ​តំបន់​អឺរ៉ុប​។​

ទីក្រុង​ចំនួន​ ១១ ​កន្លែង​ដែល​ក្នុង​នោះ​ ១១ ​កន្លែង​នៅ​តំបន់​ Lombardy និង​មួយ​ទៀត​នៅ​តំបន់​ Veneto ​នោះ​ត្រូវ​បាន​ដាក់​បំរាម​ដោយ​ប្រជា​ពលរដ្ឋ​ប្រហែល​​ចំនួន ​៥០ ០០០ ​នាក់​ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​ចាកចេញ​ពី​តំបន់​ទាំង​នោះ​។​

ការ​ប្រកួត​ក្របខ័ណ្ឌ Champions League រវាង​ក្រុម Napoli និង​ក្រុម Barcelona ពី​ថ្ងៃ​អង្គារ ​គឺ​មិន​ស្ថិត​ក្នុង​ហានិភ័យ​នោះ​ទេ​។​

ការ​សម្រេច​ចិត្ត​​ហាម​ឃាត់​អ្នក​គាំទ្រ​មិន​ឲ្យ​ចូល​ទស្សនា​នេះ​ ​គឺ​ជា​ជម្រើស​ពិសេស​មួយ​បើ​មិន​ដូច្នោះ​ទេ​ ​គឺ​ត្រូវ​ពន្យារ​ពេល​ប្រកួត​ប៉ុន្តែ​លោក Gabriele Gravina ជា​ប្រធាន​សហព័ន្ធ​បាល់ទាត់​អ៊ីតាលី​បាន​បញ្ជាក់​យ៉ាង​ច្បាស់​នៅ​​ព្រឹក​ថ្ងៃ​នោះ​ថា គាត់​បាន​ជំទាស់​នឹង​រឿង​នោះ​។

លោក Gravina បាន​ប្រាប់​សារព័ត៌មាន​ថា៖ «​យើង​បាន​ស្នើសុំ​ជា​ផ្លូវ​ការ​សុំ​ឲ្យ​​រដ្ឋមន្ត្រី​សុខាភិបាល​លោក Roberto Speranza អនុញ្ញាត​ឲ្យ​មាន​ការ​ប្រកួត​នេះ​ដោយ​បិទ​ទ្វារ​ ហើយ​យើង​រំពឹង​ថា នឹង​មាន​ការ​ឆ្លើយ​តប​ប៉ុន្តែ​យើង​ត្រូវ​បាន​គេ​ប្រាប់​ថា លទ្ធផល​​នេះ​នឹង​វិជ្ជមាន​»។​

កីឡា​ផ្សេង​ទៀត​ក៏​ត្រូវ​បាន​ប៉ះ​ទង្គិច​ជាមួយ​គណៈកម្មាធិការ​អូឡាំពិក​អ៊ីតាលី​ (CONI) ផង​ដែរ ​ដោយ​​បញ្ជាក់​ថា ​​តាម​​ការ​ណែនាំ​របស់​រដ្ឋាភិបាល​ គឺ​រាល់​ព្រឹត្តិការណ៍​ទាំង​អស់​នៅ​តំបន់​ Lom​bardy និង ​Veneto ​នឹង​ត្រូវ​ពន្យារពេល​៕ AFP/SN