ក្រុង​ប៉ារីស៖ ជម្រើស​ជាតិ​អ៊ុយក្រែន​បាន​កក់​កៅអី​សម្រាប់​ព្រឹត្តិការណ៍​​ Euro 2020 ក្រោយ​ពី​បាន​ឈ្នះ​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ ២-១ ខណៈ​ខ្សែ​ប្រយុទ្ធ​ Cristiano Ronaldo រក​បាន​គ្រាប់​បាល់​ទី ​៧០០ ​ក្នុង​រាត្រី​មួយ​ដែល​ក្រុម​អ្នក​គាំទ្រ​​ជម្រើស​ជាតិ​ប៊ុលហ្គារី​បាន​រើស​អើង​ជាតិ​សាសន៍ ​​នៅ​ពេល​​ពួក​គេ​បាន​ចាញ់​ជម្រើស​ជាតិ​អង់គ្លេស​​ ៦-០ នៅ​ក្នុង​ ទីក្រុង​ Sofia ប្រទេស ​ប៊ុលហ្គារី​។​​

ក្នុង​​​ប្រកួត​រវាង​ក្រុម​អ៊ុយក្រែន​ និង​ក្រុម​​ព័រទុយហ្គាល់​នេះ​ ​ក្រុម​អ៊ុយក្រែន​បាន​នាំ​មុខ ​២ ​គ្រាប់​មុន ​ដែល​គ្រាប់​ទី​១ ​រក​បាន​ដោយ​កីឡាករ​​ Roman Yaremchuk ក្នុង​នាទី​ទី ​៦ មុន​ពេល​កីឡាករ​ Andriy Yarmolenko បាន​បន្ថែម ​១ ​គ្រាប់​ទៀត ​ក្នុង​នាទី​ទី ​២៧​ ប៉ុន្តែ​ក្នុង​នាទី​ទី ​៧២​ កីឡាករ Ronaldo បាន​ស៊ុត​បាល់​ពិន័យ ​១១ ​ម៉ែត្រ ​សម្រាប់​ក្រុម​ព័រទុយហ្គាល់​ពី​ថ្ងៃ​ចន្ទ​ ដែល​ជា​គ្រាប់​បាល់​ទី ​៧០០ ​របស់​គាត់​ក្នុង​ការ​ប្រកួត​ទាំង​អស់​​។​

ឥឡូវ​នេះ ក្រុម​អ៊ុយក្រែន​បាន​ចូលរួម​នឹង​ក្រុម​ប៉ូឡូញ ក្រុម​រុស្ស៊ី ក្រុម​អ៊ីតាលី​ និង​ក្រុម​បែលហ្ស៊ិក ​ដើម្បី​កក់​កៅអី​លេង​នៅ​ Euro 2020 ដែល​នឹង​ចាប់​ផ្ដើម​ធ្វើ​នៅ​ទីក្រុង​រ៉ូម ​ប្រទេស ​អ៊ីតាលី ​នៅ​ថ្ងៃទី ​១២​ ខែ​មិថុនា​។​

ការ​ឈរ​នៅ​លេខ ​២ ​របស់​ក្រុម​ព័រទុយហ្គាល់​ក្នុង​ពូល​ B គឺ​នៅ​មាន​ការ​ប្រទាញ​ប្រទង់​គ្នា​ជាមួយ​ក្រុម​ស៊ែប៊ី​ដែល​ចាញ់​ក្រុម​ព័រទុយហ្គាល់​ ១​ ពិន្ទុ​ប៉ុន្តែ​នៅ​សល់ ​២ ​ប្រកួត​ទៀត ​​ក្រោយ​ពី​ពួក​គេ​បាន​ឈ្នះ​ក្រុម​លីទុយអានី​ ក្នុង​លទ្ធផល​ ២-១។​​​

ខ្សែ​បម្រើ​ក្រុម​ព័រទុយហ្គាល់​ Danilo បាន​និយាយ​ថា៖ «​មាន​ថ្ងៃ​ជា​ច្រើន​ដូច​ថ្ងៃ​នេះ​នៅ​ពេល​បាល់​មិន​ព្រម​​ចូល​ទី​ ហើយ​ឥឡូវ​នេះ​យើង​ត្រូវ​ការ​ឈ្នះ ​២ ​ប្រកួត​ចុង​ក្រោយ ​ដើម្បី​មាន​ឱកាស​លេង​នៅ Euro 2020»។​

ទន្ទឹម​នេះ​ដែរ​ ក្រុម​អង់គ្លេស​ដែល​ឈរ​នៅ​លើ​កំពូល​តារាង​នៃ​ពូល​ A នៅ​តែ​រង់ចាំ​ការ​កក់កៅ​អី​សម្រាប់​ការ​ប្រកួត​ Euro នេះ​នៅ​ឡើយ​ ​​ទោះ​ជា​បាន​លត់​ក្រុម​ប៊ុលហ្គារី​ ចាស់​ដៃ​ ៦-០ ក៏​ដោយ ​ខណៈ​ក្រុម​អ្នក​គាំទ្រ​ប៊ុលហ្គារី​បាន​ស្រែក​ពាក្យ​សម្ដី​រើស​អើង​ជាតិ​សាសន៍​ធ្វើ​ឲ្យ​ផ្អាក​ការ​​ប្រកួត​នេះ​ចំនួន ​២ ​លើក​។​​

នេះ​ជា​ការ​ប្រកួត​មួយ​​ទៀត​​របស់​ក្រុម​អង់គ្លេស​ដែល​រង​ការ​រើស​អើង​ជាតិ​សាសន៍​ពី​​ក្រុម​គូ​ប្រជែង​របស់​ខ្លួន​​ ​បន្ទាប់​ពី​កីឡាករ​ស្បែក​ខ្មៅ​​អង់គ្លេស​បាន​ក្លាយ​ជា​​គោលដៅ​នៃ​ការ​សើច​ចំអក​នៅ​ពេល​ពួក​គេ​បាន​ទទួល​ជ័យជម្នះ​​ ៥-១ ទៅ​លើ​ក្រុម​​ម៉ុងតេណេហ្គ្រោ​កាល​​ពី​ខែ​មីនា​។

កម្រិត​នៃ​ការ​បៀតបៀន​​ពី​​ផ្នែក​​មួយ​​នៃ​ការ​​គាំទ្រ​ក្រុម​​ប៊ុលហ្គារី​នេះ ​បាន​ធ្វើ​ឱ្យ​សមាគម​បាល់​ទាត់​អង់គ្លេស​ទាមទារ​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​ពី​គណៈ​គ្រប់គ្រង​បាល់​ទាត់​អឺរ៉ុប ហៅ​កាត់ ​UEFA ​បើក​ការ​ស៊ើប​អង្កេត​ដែល ​«​​ជា​បញ្ហា​បន្ទាន់» ​មួយ​​។

កីឡាករ​ Tyrone Mings គឺ​ជា​ជន​រងគ្រោះ​ម្នាក់​ក្នុង​ចំណោម​កីឡាករ​ផ្សេង​ទៀត​នៅ​ក្នុង​ការ​ប្រកួត​នេះ​ ហើយ​រូប​គេ​បាន​និយាយ​ថា ការ​បញ្ឈប់​ការ​ប្រកួត​នេះ​ពិត​ជា​មាន​ផល​តាម​បំណង​នៃ​ការ​កាត់​បន្ថយ​ការ​រើសអើង​ជាតិ​សាសន៍​នៅ​ក្នុង​តង់​ទី​ ​២​។​

កីឡាករ​ Mings បាន​និយាយ​ថា៖ «​យើង​បាន​សម្រេច​ចិត្ត​នៅ​តង់​ទី ​១ ​ថា ​នឹង​ចេញ​ពី​ទីលាន​ប្រកួត​ ហើយ​ចូល​មក​លេង​វិញ​ព្រោះ​​យើង​បាន​គិត​ថា វា​​ជា​ការ​សម្រេច​ចិត្ត​ត្រឹមត្រូវ​មួយ​ ហើយ​ប្រសិន​បើ​មាន​រឿង​អ្វី​មួយ​ផ្សេង​ទៀត​កើត​ឡើង​ យើង​នឹង​ចាត់​វិធានការ​សមរម្យ​តែ​ម្ដង​»។​

ក្រុម​របស់​លោក Gareth Southgate ឥឡូវ​នេះ​រក​បាន ​២៦ ​គ្រាប់ ​ក្នុង ​៦ ​ប្រកួត​ និង​មាន ​៤ ​ពិន្ទុ​នាំ​មុខ​ក្រុម​កូសូវ៉ូ​ ដែល​ឈរ​នៅ​លេខ ​៣ ​ជាមួយ​ការ​នៅ​សល់ ​២ ​ប្រកួត​ទៀត​។​

ទោះ​យ៉ាង​ណា ​ជ័យ​ជម្នះ​របស់​ក្រុម​កូសូវ៉ូ​ទៅ​លើ​ក្រុម​ម៉ុងតេណេហ្គ្រោ ​មាន​ន័យ​ថា ក្រុម​អង់គ្លេស​ត្រូវ​ការ​ជ័យជម្នះ ​១ ​លើក​ទៀត ​ក្នុង​ចំណោម ​២ ​ប្រកួត​ដែល​នៅសល់​នោះ ​ដើម្បី​ធានា​មាន​ឱកាស​លេង​នៅ​ព្រឹត្តិការណ៍​អឺរ៉ុប​កំពូល​​មួយ​នេះ​៕ AFP/SN