ក្រុមក្រុងរីយោៈ ការបាញ់កាំជ្រួច និងពិធីអបអរអាចនឹងកើតមានច្រើននៅក្នុងពេលជម្រើសជាតិស៊ីលីដែលកំពុងធ្វើជាម្ចាស់ជើងឯក Copa America និងម្ចាស់ជើងឯក ១៥ ជំនាន់អ៊ុយរូហ្គាយនឹងជួបគ្នានៅព្រឹត្តិការណ៍ Copa America នៅព្រឹកថ្ងៃអង្គារស្អែកនេះនៅកីឡដ្ឋាន Maracana ក្នុងទីក្រុងរីយោប្រទេស ប្រេស៊ីល។
ការជួបគ្នារវាងម្ចាស់ជើងឯក Copa America ទាំង ២ នេះគឺជាលើកទី៤ ហើយនៅក្នុងការប្រកួតបាល់ទាត់អន្តរជាតិប្រចាំទ្វីបអាមេរិកឡាទីនដែលមានចំណាស់យូរជាងគេមួយនេះ ខណៈគេនៅចងចាំនៅឡើយពីការប៉ះទង្គិចគ្នាយ៉ាងខ្លាំងរវាងក្រុមទាំង ២ នេះកាលពីឆ្នាំ ២០១៥។
នៅពេលនោះជម្រើសជាតិអ៊ុយរូហ្គាយបានបញ្ចប់ការប្រកួតនៅវគ្គ ៨ ក្រុមចុងក្រោយនៅទីក្រុង Santiago ប្រទេសស៊ីលីដោយនៅសល់តែកីឡាករ ៩ នាក់ក្រោយពីកីឡាករ Edindon Cavani និង Jorge Fucile ត្រូវបានពិន័យនៅក្នុងការប្រកួតដែលចាញ់ស៊ីលី ១-០។
ការបណ្ដេញចេញកីឡាករ Cavan បានបង្កឲ្យមានភាពចម្រូងចម្រាសយ៉ាងខ្លាំង ខណៈគាត់បានទទួលកាតលឿងជាលើកទី២ ក្រោយពីកីឡាកររូបនេះបានប្រព្រឹត្តកំហុសទៅលើខ្សែការពារស៊ីលី Gonzalo Jara។
កីឡាករ Cavani បានខឹងសម្បាយ៉ាងខ្លាំងនៅពេលកីឡាករ Jara បានបញ្ចេញសកម្មភាពថា Cavani បានធ្វើខុសទៅលើខ្សែប្រយុទ្ធរូបនេះនៅមុនពេលគាត់បានបញ្ចេញប្រតិកម្មតបធ្វើឲ្យ Cavani ត្រូវបានបណ្ដេញចេញពីទីលាន។
កំហឹងកាន់តែពុះកញ្ជ្រោលឡើងថែមទៀតនៅរយៈពេលប៉ុន្មាននាទីចុងក្រោយនៅពេលដែលកីឡាករ Fucile ត្រូវបានពិន័យឲ្យចេញពីលានប្រកួតដែលបង្កឲ្យការប្រឈមមុខដាក់គ្នាយ៉ាងខ្លាំងពាក់ព័ន្ធនឹងកីឡាករ និងមន្ត្រីមួយចំនួននៅក្រុមទាំង ២ នេះ។
កីឡាករ Cavani និង Jara ត្រូវបានហាមចូលរួមការប្រកួត ២ លើកដោយសារការប៉ះទង្គិចគ្នានោះ ចំណែកឯគ្រូបង្វឹកជម្រើសជាតិអ៊ុយរូហ្គាយលោក Oscar Tabarez ដែលបានដើរចូលទីលាននៅពេលប្រកួតនោះត្រូវបានផ្ដន្ទាទោសដោយហាមមិនឲ្យចូលរួមការប្រកួត ៣ លើកដោយសារគាត់ជេរប្រមាថអាជ្ញាកណ្ដាល។
វាមិនមែនជាលើដំបូងទេដែលខ្សែប្រយុទ្ធ Jara មានការពាក់ព័ន្ធនឹងការវាយប្រហារចំប្រដាប់ភេទដ៏ចម្រូងចម្រាសទៅលើក្រុមជម្រើសជាតិអ៊ុយរូហ្គាយនោះ។
កាលពីឆ្នាំ ២០១៣ កីឡាកររូបនេះ និងខ្សែប្រយុទ្ធអ៊ុយរូហ្គាយ Luis Suarez ធ្លាប់បានទាស់គ្នានៅលើទីលាននៅវគ្គជម្រុះ World Cup ដែលពេលនោះកីឡាករ Jara បានប៉ះត្រូវប្រដាប់ភេទរបស់ Suarez ធ្វើឲ្យគាត់ទទួលពិន័យចំពោះកំហុសនោះ។
តើការប្រកួតនៅព្រឹកថ្ងៃអង្គារស្អែកនេះនឹងមានអ្វីកើតឡើងដូចពេលដែរឬទេ? ខណៈស៊ីលីត្រូវការតែ ១ ពិន្ទុប៉ុណ្ណោះដើម្បីធានាបន្តឈរនៅលើកំពូលតារាងនៅក្នុងពូល C មាន ៦ ពិន្ទុ និងអាចបន្តឡើងទៅវគ្គ ៨ ក្រុមចុងក្រោយដោយសុវត្ថិភាព ចំណែកអ៊ុយរូហ្គាយឈរនៅលេខ ២ មាន ៣ ពិន្ទុ។
កីឡាករ Cavani និយាយពីថ្ងៃសៅរ៍ក្នុងទីក្រុងរីយោថា៖ «យើងដឹងថា ស៊ីលីមានផែនការប្រកួតហ្វឹកហាត់ល្អ ហើយយើងដឹងជាយូរមកថា ពួកគេជាក្រុមដ៏ល្អមួយ»។
កីឡាករវ័យ ៣២ រូបនេះបានបន្ថែមថា៖ «យើងដឹងច្បាស់ពីគូប្រជែងរបស់ស៊ីលី ប៉ុន្តែអ្នកដឹងទេថានៅលើទីលានប្រកួត អ្វីដែលសំខាន់បំផុតនោះ គឺអ្នកត្រូវការឈ្នះ»៕ SN