ភ្នំពេញ៖ ព្រឹត្តិការណ៍​កីឡា​​អត្តពលកម្ម​ប្រភេទ​ទិវា​រត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​នៅ​តំបន់​អង្គរ​ ហៅ​​ថា​ Angkor Ultra Trail 2020 ​បាន​ឈាន​ចូល​ដល់​ឆ្នាំ​ទី ​៥​ ​ដែល​គ្រោង​​នឹង​ចាប់​ផ្ដើម​ធ្វើ​នៅ​ថ្ងៃទី ​១៨ និង ​១៩ ខែ ​មករា ​ឆ្នាំ ​២០២០ ​ខាង​មុខ​នៅ​​ក្នុង​ខេត្ត​សៀមរាប ​ខណៈ​ដែល​មន្ត្រី​គ្រប់គ្រង​កម្មវិធី​អះអាង​ថា​ ចំនួន​អ្នក​ចូលរួម​បាន​កើន​ឡើង​ជាង ​១០ ​ភាគរយ​។

នេះ​ជា​ព្រឹត្តិការណ៍​កីឡា​បែប​ទេសចរណ៍​រត់​ផ្សង​ព្រេង​ចម្ងាយ​ឆ្ងាយ​ដល់​ទៅ ​១២៨ ​គីឡូ​ម៉ែត្រ​នៅ​តំបន់​អង្គរ ដោយ​ចំណាយ​ពេល​ច្រើន​ម៉ោង​មិន​គិត​ពី​យប់ ​ឬ​ថ្ងៃ​ឡើយ​​។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​ឲ្យ​ដឹង​ក្នុង​សន្និសីទ​កាសែត​​ពី​​ចុង​សប្តាហ៍​ថា៖ ​«​ព្រឹត្តិការណ៍​នេះ​មាន​កីឡាករ-កីឡាការិនី​ចូលរួម​រត់​ប្រមាណ ​១ ២០០ ​ទៅ​ ១ ៣០០ ​នាក់ ​ក្នុង​នោះ​មាន​បរទេស​ជាង ​៧០០ ​នាក់ ​មក​​ពី​ ​៤៤ ​ប្រទេស​លើ​ពិភព​លោក​​ហើយ​តាម​ការ​កត់​សម្គាល់​នោះ ​មាន​ជនជាតិ​បារាំង​ច្រើន​ជាង​គេ​បន្ទាប់​មក​មាន​ជនជាតិ​អង់គ្លេស ​និង​កូរ៉េ​»​។

លោក វ៉ាត់ ចំរើន ​​បាន​កត់​សម្គាល់​ឃើញ​ថា៖ ​«នៅ​ក្នុង​ការ​រត់​ចម្ងាយ​ Angkor Ultra Trail ​ឆ្នាំ ​២០២០ ​នេះ កីឡាករ​កម្ពុជា​ចូលរួម​ច្រើន​ជាង​ឆ្នាំ​មុនៗ ​ហើយ​មាន​ខ្មែរ​ចំនួន ​៣ នាក់ ​ដែល​ចូលរួម​រត់​ចម្ងាយ​ឆ្ងាយ ​១២៨ ​គីឡូម៉ែត្រ ​​ដែល​នាំ​ឲ្យ​ចំនួន​អ្នក​ចូលរួម​កើន​ប្រមាណ​ជាង ​១០ ​ភាគរយ ​គឺ​ឡើង​ពី​ប្រមាណ​ ១ ២០០​ នាក់ ​ទៅ ​១ ៣០០ ​នាក់។​ ជាមួយ​គ្នា​នេះ​ដែរ ​ត្រូវ​បាន​សហការ​រវាង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ និង​ក្រុមហ៊ុន​ Phoenix ​Voyage​​ ដែល​​ចាប់​ផ្ដើម​ចេញ​ដំណើរ​រត់​ពី​មុខ​ទីលាន​ជល់​ដំរី​នៅ​ម៉ោង ​៤ ទៀប​​ភ្លឺ ថ្ងៃ​ទី ​១៨​ ខែ ​មករា​ ឆ្នាំ ​២០២០​ សម្រាប់​វិញ្ញាសា​រត់​ចម្ងាយ​ ១២៨ ​​​គីឡូម៉ែត្រ ​ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ថ្ងៃទី ​១៩​ ខែ ​មករា​​ ឆ្នាំ ​២០២០​ កីឡាករ​-​កីឡាការិនី​ម្នាក់ៗ ​អាច​ចំណាយ​ពេល​វេលា​ប្រមាណ ​២៤ ​​ម៉ោង​ ដើម្បី​រត់​កាត់​វាល​ស្រែ​ផ្លូវលំ ​ផ្លូវ​ព្រៃ​ជុំវិញ​តំបន់​អង្គរ ដោយ​គ្មាន​ការ​ឈប់​សម្រាក​​ឡើយ​»​។

លោក វ៉ាត់ ចំរើន បន្ថែម​ទៀត​ថា​ ចំពោះ​ការ​រត់​ចម្ងាយ​ឆ្ងាយ​លើក​ទី ៥ លើ​ទឹក​ដី​អង្គរ​នេះ គឺ​មាន​កំណើន​អ្នក​ចូលរួម​ច្រើន​រហូត​ដល់​ទៅ​ជាង​ ១ ៣០០ ​នាក់ ​ពោល​គឺ​ច្រើន​ជាង​កាល​ពី​ឆ្នាំ ២០១៩ ​ដែល​មាន​អ្នក​ចូលរួម​ត្រឹម​តែ ​១ ០០០ ​នាក់​ប៉ុណ្ណោះ ​ប៉ុន្ដែ​​បន្ថែម​លើ​ការ​ចូល​រួម​រត់​អត្តពលិក​ម្នាក់ៗ ក៏​មាន​គ្រួសារ​សាច់​ញាតិ ​និង​មិត្តភក្តិ​អម​ដំណើរ​ជាច្រើន​រយ​នាក់​ផង​ដែរ​ ​ជួយ​ជំរុញ​ឲ្យ​មាន​កំណើន​ទេសចរ ​និង​រួម​ចំណែក​លើក​កម្ពស់​ជីវភាព​របស់​ប្រជាពលរដ្ឋ និង​សេដ្ឋកិច្ច​ជាតិ​​។

លោក​បាន​បញ្ជាក់​ថា​៖ «ការ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​បែប​ទេសចរណ៍​នេះ​ គឺ​ផ្ដោត​លើ​គោល​បំណង​សំខាន់ៗ​ជា​ច្រើន​​ គឺ​គោលដៅ​ទី​ ១ ​ផ្សព្វផ្សាយ​ឲ្យ​បណ្ដា​ប្រទេស​លើ​ពិភព​លោក​ពិសេស​ភ្ញៀវ​ទេសចរ​ជាង ​៤៤ ​ប្រទេស​ចូលរួម​បាន​ដឹង​ពី​ស្ថេរភាព​សន្ដិភាព និង​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​ក្នុង​ប្រទេស ​កម្ពុជា ក៏​ដូច​ជា​ផ្សព្វផ្សាយ ​និង​ចូល​រួម​ថែ​រក្សា​គោលដៅ​ទេសចរណ៍​ប្រវត្ដិសាស្ដ្រ​របស់​កម្ពុជា គឺ​តំបន់​អង្គរ ខេត្ត​សៀមរាប​។ ទី ២ គឺ​រួម​ចំណែក​ស្វែងរក​មូលនិធិ​សម្រាប់​ជួយ​​ការងារ​មនុស្ស​ធម៌​តាម​អង្គការ ​និង​មន្ទីរ​ពេទ្យ​មួយ​ចំនួន​ និង​ទី ៣ ​គឺ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឲ្យ​កាន់​តែ​ច្រើន​​ថែម​ទៀត​​​»។

សូម​បញ្ជាក់​ថា​ ព្រឹត្តិការណ៍ ​Angkor Ultra Trail ឆ្នាំ ២០២០ គឺ​បែង​ចែក​ជា ៥ ​វិញ្ញាសា​សម្រាប់​រត់​ដូច​ឆ្នាំ​កន្លង​ទៅ ​ដែរ​រួម​មាន​វិញ្ញសា​រត់​ចម្ងាយ ​១២៨ ​គីឡូម៉ែត្រ ​រត់​ចម្ងាយ​ ៦៤ គីឡូម៉ែត្រ រត់​ចម្ងាយ ៤២ គីឡូម៉ែត្រ ៣២ ​គីឡូម៉ែត្រ និង​រត់​ចម្ងាយ ​១៦ ​គីឡូម៉ែត្រ​ ដែល​ត្រូវ​ចេញ​ដំណើរ​ជា​បន្ដ​បន្ទាប់​៕