ភ្នំពេញ៖ ប្រដាល់គុនខ្មែរខ្សែក្រវាត់គោជល់ រដូវកាលទី ២ ឆ្នាំ ២០២០ បានបន្តចាប់ផ្តើមប្រកួតជម្រុះតាមខេត្ត-រាជធានី ចំនួន ៥ រវាងកីឡាករលំដាប់ខ្លាំងៗ ទម្ងន់ ៥៧ គីឡូក្រាម សរុប ១៦ នាក់ ដើម្បីប្រជែងយកខ្សែក្រវាត់ដែលមានទំហំទឹកប្រាក់ ៥ ០០០ ដុល្លារ ខណៈដែលការប្រកួតនារដូវកាលទីនេះ គ្រោងនឹងចាប់ផ្តើមពីខេត្តកំពង់ចាម និងបញ្ចប់នៅរាជធានីភ្នំពេញលើសង្វៀន CNC។
លោក កៅ សីហា ប្រធានផ្សព្វផ្សាយព័ត៌មាននៃភេសជ្ជៈប៉ូវកម្លាំងគោជល់ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា កីឡាករចំនួន ១៦ នាក់ តំណាងឲ្យខេត្តចំនួន ៥ មានកំពង់ចាម បាត់ដំបង ភ្នំពេញ សៀមរាប និងខេត្តកំពង់ធំ ប៉ុន្តែការប្រកួតជាក់ស្តែង នៅក្នុងខេត្តចំនួន ២ ប៉ុណ្ណោះ គឺនៅខេត្តកំពង់ចាម និងបាត់ដំបង ចំណែក សៀមរាប និងខេត្តកំពង់ធំ ត្រូវយកមកប្រកួតនៅសង្វៀន CNC ឫស្សីកែវ រាជធានីភ្នំពេញ សម្រាប់វគ្គ ៨ នាក់ចុងក្រោយ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រតែម្តង។
តាមលោក កៅ សីហា បានឲ្យដឹងថា ព្រឹត្តិការណ៍នេះ នឹងចាប់ផ្តើមដំបូងនៅខេត្តកំពង់ចាម នាថ្ងៃទី ១៨ ខែមករា បន្ទាប់មកខេត្តបាត់ដំបង នៅថ្ងៃទី ១៥ ខែកុម្ភៈ និងត្រឡប់មករាជធានីភ្នំពេញតែម្តង គឺនៅថ្ងៃទី ១៤ ខែមីនា ប្រកួតជម្រុះតំណាងខេត្តសៀមរាប ហើយថ្ងៃទី ១៤ ខែមេសា ជាការប្រកួតតំណាងឲ្យខេត្តកំពង់ធំ។
សម្រាប់សមាសភាពកីឡាករទាំង ១៦ នាក់ ដែលត្រូវប្រកួតជម្រុះក្នុងវគ្គ ១៦ នាក់ គឺប្រកួតតំណាងឲ្យខេត្តសៀមរាប ជាការជួបគ្នារវាង សេក គឹមសាន្ដ ក្លិបអង្គរមានជ័យ ជាមួយ ឡុង ខេត្ត ក្លិបខ្លារខិនមានរិទ្ធ ព្រមទាំងការប៉ះគ្នារវាង លីន វីរៈ ក្លិបបូរីរាជសីហ៍មានរិទ្ធ និង អេលីត កែវឡុង ក្លិបប៉ែនកាក់គុនខ្មែរ។ រីឯការប្រកួតតំណាងខេត្តកំពង់ចាម គឺ សៀវ ង៉ុយ របស់សមាគមប្រដាល់ក្រសួងការពារជាតិ ជាមួយ បឺត សង្ឃឹម ក្លិបរ៉ាហាប់ស្វាយប៉ាក ព្រមទាំងជំនួបរវាង ឡុង រ៉ាមី ក្លិបខ្លារខិនមានរិទ្ធ និង ពុទ្ធ ម៉ាណូយ ក្លិបពុទ្ធសេរីវង្ស។
ចំណែកការប្រកួតតំណាងឲ្យខេត្តបាត់ដំបង គូខ្សែក្រវាត់ គឺ យីប ឌុក ក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យ និង ស៊ន រ៉ាគីមក្លិបរាហូកីឡាខេត្តបាត់ដំបង រួមទាំងការតទល់គ្នារបស់ ហេង សុភ័ក្រ្ត ក្លិបព្រៃទទឹងកីឡាខេត្តបាត់ដំបង និង វ៉ាន់ វឿន ក្លិបឃ្លាំងមឿងកីឡា។ ចំពោះកីឡាករ ត្រូវប្រកួតតំណាងនៅរាជធានីភ្នំពេញ គឺ ពុទ្ធ ភារិន ក្លិបពុទ្ធសេរីវង្ស និងសូត្រ វាសនា ក្លិបបក្សីស្លាបដែក ហើយកីឡាករ ណង សាវ ក្លិបប៉ែនកាក់គុនខ្មែរ ជួបជាមួយ អេណារ័ត្ន ក្លិបអេភូថងកីឡា។
លោក មាន សំអុល នាយកចាត់ការទូទៅភេសជ្ជៈគោជល់បានថ្លែងថា ក្រៅពីការប្រកួតដ៏ជក់ចិត្តរវាងកីឡាករប្រដាល់វ័យក្មេង ទម្ងន់ស្រាលទាំង ១៦ នាក់ យើងក៏បានត្រៀមឲ្យមានការប្រកួតលក្ខណៈមិត្តភាពអន្តរជាតិដ៏កក្រើកផងដែរ រវាងជើងខ្លាំងប្រចាំប្រទេស កម្ពុជា ជាមួយនឹងកីឡាករជើងខ្លាំងមកពីអន្តរជាតិ។
លើសពីនេះទៅទៀត ដើម្បីញ៉ាំងបរិយាកាសឲ្យកាន់តែមានភាពទាក់ទាញ និងរីករាយជូនមហាជន គឺព្រឹត្តិការណ៍ «អ្នកតស៊ូគុនខ្មែរគោជល់នេះ» ក៏មានការប្រគំតន្ត្រី ដែលចូលរួមដោយតារាល្បីៗ ប្រចាំប្រទេស កម្ពុជា ផងដែរ ខណៈដែលរដូវកាលទី ១ ឆ្នាំ ២០១៩ យើងទទួលបានការគាំទ្រច្រើនពីមហាជនយ៉ាងច្រើនលើសលប់៕