ភ្នំពេញៈ នៅក្នុងអាជីពប្រដាល់ដែលមានរយៈពេលខ្លីជាងគេ ប៉ុន្តែកីឡាករ ឯម ឡេងលី បានសាងសមត្ថភាពល្អឈានចូលប្រកួតក្នុងពិភពអ្នកប្រដាល់គុនខ្មែរជាអ្នកខ្លាំង ១ រូប និងទទួលបានចំណាត់ថ្នាក់លំដាប់ជួរមុខក្នុងទម្ងន់ធ្ងន់ ៧១ គីឡូក្រាម ហើយរូបគេក៏ជាម្ចាស់មេដាយមាសក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី ២ ឆ្នាំ ២០១៨ ផងដែរ។
តាំងពីបានឈ្នះមេដាយមាសនោះមក ឯម ឡេងលី ឡើងប្រកួតរហូតមកដល់បច្ចុប្បន្នគឺទទួលបរាជ័យតែម្តងគត់ ក្រោយពេលរៀបការនៅដើមឆ្នាំ ២០១៩ នៅលើសង្វៀនអាស៊ីអាគ្នេយ៍ ក្រៅពីនោះគេបានឈ្នះទាំងអស់ ហើយលទ្ធផលដ៏ល្អនេះបានធ្វើឲ្យទីផ្សារប្រកួតរបស់ ឯម ឡេងលី នៅតែមានប្រិយភាពពេញនិយមសម្រាប់គ្រប់សង្វៀនលំដាប់គូអន្តរជាតិគ្រាន់តែមិនញឹកញាប់ដោយសារទម្ងន់ធ្ងន់លំបាករកដៃគូ។
ដោយឡែកសម្រាប់ការប្រកួតមិត្តភាពអន្តរជាតិនៅសង្វៀន SEATV កាលពីព្រឹកថ្ងៃអាទិត្យ ឯម ឡេងលី បានឈ្នះកីឡាករថៃ Phat Morokout ដោយពិន្ទុដាច់ ហើយនៅក្រោយការប្រកួតនោះសិស្សគណក្លិបប្រដាល់ថ្មគោលសែនជ័យរូបនេះបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖ «ខ្ញុំប្រកួតជាលក្ខណៈអន្តរជាតិជាមួយកីឡាករបរទេសជាង ៥០ លើក គឺចាញ់តែ ៧ លើកប៉ុណ្ណោះ និងស្មើ ១ លើក ក្រៅពីនេះប្រកួតឈ្នះដោយភាគច្រើនផ្តួលដៃគូឲ្យសន្លប់មិនឲ្យឆ្លងផុតដល់ទឹកទី ៥ នោះទេ ហើយចាប់ពីចុងឆ្នាំ ២០១៨ រហូតដល់ពេលនេះខ្ញុំប្រកួតចាញ់តែម្តងគត់ ដោយសន្លប់ត្រឹមទឹកទី ២»។
ទោះជាយ៉ាងណា ឯម ឡេងលី ប្រកួតបានលទ្ធផលល្អ និងមានប្រិយភាពខ្លាំង តែរូបគេនៅមានតម្លៃខ្លួនប្រកួតទាបជាងកីឡាករកម្ពុជាផ្សេងនៅឡើយ។ ឯម ឡេងលី បាននិយាយថា៖ «ទោះបីខ្ញុំមានទីផ្សារប្រកួតច្រើន ប៉ុន្តែតម្លៃខ្លួនខ្ញុំ នៅទាបជាងជើងខ្លាំងល្បីៗមួយចំនួន ហើយបញ្ហានេះអាចមកពីខ្ញុំជាកីឡាករនៅលំដាប់ខ្លាំងតែនៅខ្ចីវស្សាជាងគេ»។
យ៉ាងណាក៏ដោយ ឯម ឡេងលី មិនហ៊ានទាមទារឲ្យមានការដំឡើងតម្លៃខ្លួន ដូចជាជើងខ្លាំង រឿង សោភ័ណ្ឌ ដែលបានស្នើសុំឲ្យសហព័ន្ធកីឡាប្រដាល់គុនខ្មែរឲ្យមានការឡើងតម្លៃខ្លួនរបស់គេដល់ ៨០០ ដុល្លារក្នុង ១ ប្រកួតនោះទេ។ ឡេងលី បញ្ជាក់ថា៖ «ខ្ញុំមិនហ៊ានទាមទារតម្លៃប្រកួតបន្ថែមទេគឺឲ្យតែបានឡើងប្រកួត ខ្ញុំអរគុណខ្លាំងណាស់ទៅហើយ ព្រោះទម្ងន់ធ្ងន់ដូចខ្ញុំលំបាករកដៃគូប្រកួត»។
សម្រាប់ការប្រកួតជាមួយជើងខ្លាំងថៃ Phat Morokout កាលពីថ្ងៃអាទិត្យនោះ ឯម ឡេងលី គ្រប់គ្រងស្ថានភាពបានល្អប្រសើរដោយមានពិន្ទុល្អ មានប្រៀបឈ្នះទាំង ៥ ទឹក។ ក្បាច់ប្រកួតដ៏អស្ចារ្យដែលជួយឲ្យ ឡេងលី មានប្រៀបដាច់នោះ គឺទាត់ និងជង្គង់ ហើយក្នុងនោះនៅទឹកទី ៣ និងទឹកទី ៤ ឡេងលី បានវ៉ៃថៃម្នាក់នេះឲ្យអាជ្ញាកណ្តាល ម៉ាក់ សាមឿន រាប់ចំនួន ២ លើកមុនពេលរូបគេឈ្នះដោយពិន្ទុ។
ស្រដៀងគ្នានេះដែរអតីតជើងខ្លាំង បឺត សង្ឃឹម មកពីក្លិបរ៉ាហាប់ស្វាយប៉ាក បានទាត់ផ្តួលកីឡាករជើងចាស់ គួន ប៊ុនហ៊ីម មកពីក្លិបរស្មីពន្លឺសាមគ្គីខេត្តបាត់ដំបងឲ្យខូចជើងសុំចុះចាញ់នៅត្រឹមទឹកទី ២។ បឺត សង្ឃឹម ជាកីឡាករលំដាប់ប្រកួតលក្ខណៈអន្តរជាតិ ប៉ុន្តែមួយរយៈពេលនេះប្រកួតមិនសូវបានល្អ និងចាញ់ញឹកញាប់ទើបធ្លាក់ខ្លួនមកប្រកួតជាលក្ខណៈមិត្តភាពជាតិម្តង ដើម្បីពង្រឹងសមត្ថភាពឡើងវិញ។
លោក បឺត សំខាន់ ដែលជាគ្រូបង្វឹកបាននិយាយថា៖ «មួយរយៈកន្លងមកនេះ បឺត សង្ឃឹម ប្រកួតធ្លាក់ចុះដោយបញ្ហាហ្វឹកហាត់មិនបានល្អ ព្រោះមានបញ្ហាក្នុងគ្រួសារក្នុងនោះមានប្រពន្ធកូនខ្ចីទៀត ធ្វើឲ្យគេត្រូវខិតខំជួយការងាររកស៊ីផ្គត់ផ្គង់ជីវភាព និងមិនសូវបានហ្វឹកហាត់ជាប់លាប់ល្អ។ ប៉ុន្តែនៅពេលប្រកួតឈ្នះបន្តបន្ទាប់ទៀត បឺត សង្ឃឹម អាចនឹងសុំឡើងប្រកួតជាមួយកីឡាករបរទេសបានក្នុងពេលខាងមុខ»៕