ក្រុងតូរ៉ុនតូៈ ក្បួន​ដង្ហែ​ពាន​ដ៏ធំ​មួយ​ដើម្បី​អបអរសាទរ​ជ័យជម្នះ​របស់​ក្លិប​បាល់បោះ Toronto Raptors ដែល​បាន​លើក​ពាន​ក្របខ័ណ្ឌ NBA បាន​ផ្អាក​ដំណើរការ​បន្តិច​កាលពី​ថ្ងៃ​ចន្ទ​ដោយសារ​មាន​ការបាញ់​កាំភ្លើង​កើតឡើង​នៅ​ទីលាន Nathan Phillips Spuare បណ្ដាល​ឲ្យ​មនុស្ស​ ២ ​នាក់​រងរបួស​ធ្ងន់​ព្រម​ទាំង​ធ្វើឲ្យ​មហាជន​ជ្រួលច្របល់​ផង​ដែរ​។

ប្រជាពលរដ្ឋ​ចំនួន​ជាង​ ១ ​លាន​នាក់​បាន​ជួបជុំ​គ្នា​នៅ​ទូទាំង​ទីក្រុង​តូរ៉ុន​តូ​នៅ​ប្រទេស​កាណាដា​ដើម្បី​ចូលរួម​អបអរសាទរ​ចំពោះ​ជ័យជម្នះ​របស់​ក្លិប​នេះ ប៉ុន្តែ​ការប្រមូល​ផ្ដុំ​គ្នា​នៅ​ទីលាន Nathan Phillips នេះ​បាន​ផ្អាក​ដំណើរការ​បន្តិច​ ក្រោយពី​មាន​ការបាញ់​ប្រហារ​បាន​កើតឡើង​នៅ​ទីនោះ​។

ប៉ូលិស​នៅ​ទីក្រុង​តូរ៉ុនតូ​បាន​និយាយ​ថា​ជនរងគ្រោះ​ ២ ​នាក់​បាន​រងរបួស​ធ្ងន់ ប៉ុន្តែ​មិន​ប៉ះពាល់​ដល់​អាយុជីវិត​ទេ ខណៈ​មនុស្ស​ចំនួន​ ២ ​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​ឃុំខ្លួន​ពាក់ព័ន្ធ​នឹង​ការបាញ់ប្រហារ​នេះ ហើយ​កាំភ្លើង​ ២ ​ដើម​ត្រូវ​បាន​រកឃើញ​នៅ​កន្លែង​នោះ​ផង​ដែរ​។

ប៉ុន្តែ​ពិធី​អបអរ​នេះ​បាន​ចាប់ផ្ដើម​បន្តទៀត​ជាមួយ​អ្នក​ចូលរួម​ចំនួន​ ៦៥ ០០០ ​នាក់​នៅ​ទីលាន​នោះ​ក្រោម​វត្តមាន​របស់​នាយករដ្ឋមន្ត្រី​កាណាដា​លោក Justin Trudeau ផង​ដែរ​។

លោក Trudeau បាន​ប្រាប់​ហ្វូង​អ្នក​ចូលរួម​ថា​៖ «​ក្រុម​អ្នកគាំទ្រ​ក្លិប Raptors ជា​ទី​រាប់អាន​! អ្នក​បាន​ឃើញ​រៀងរាល់​ថ្ងៃ​ពី​អ្វី​ដែល​ប្រទេស​កាណាដា​បាន​បង្កើតឡើង​នូវ​ប្រជាពលរដ្ឋ​ដែល​ពោរពេញ​ដោយ​ទំនុក​ចិត្ត​»​។

ប្រជាពលរដ្ឋ​ចាប់ផ្ដើម​បោះជំរំ​ទាំង​យប់​នៅ​ពេញ​ទីលាន​នេះ ហើយ​ដោយសារ​ឃើញ​ប្រជាពលរដ្ឋ​ច្រើនពេក​ទើប​ប៉ូលិស​បាន​ប្រាប់​ឲ្យ​ពួកគាត់​ចេញ​ពី​ទីលាន​នេះ ខណៈ​ផ្លូវ​ក្រោម​ដី​មួយ​ចំនួន​ក៏ត្រូវ​ផ្អាក​ដំណើរការ​ផង​ដែរ​។

គ្រូបង្វឹក​ក្លិប Raptors លោក Nick Nurse បាន​និយាយ​ថា​៖ «​អ្នក​គិត​ថា​ពិធី​ដង្ហែ​ពាន​នេះ​នឹង​ក្លាយ​ជា​រឿង​អស្ចារ្យ​មួយ​ដែល​អ្នក​មិន​អាច​នឹង​ពិពណ៌នា​ពី​ភាព​អស្ចារ្យ​នេះ​»​។

សូម​រំឭក​ថា​ក្លិប​បាល់បោះ Raptors បាន​ឈ្នះ​ម្ចាស់​ជើងឯក Golden State របស់​សហរដ្ឋ​អាមេរិក ១១៤-១១០ ក្នុង​ការប្រកួត​លើក​ទី​ ៦ ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ក្នុង​រដ្ឋ​កាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នៃ​ក្របខ័ណ្ឌ NBA ក្រោយពី​ក្លិប Raptors បាន​ឈ្នះ​ ៤ ​ប្រកួត​ក្នុង​ចំណោម​ ៧ ​ប្រកួត​។

កីឡាករ Kawhi Leonard នៅ​ក្លិប Raptors បាន​និយាយ​ថា​៖ «​មនុស្ស​គ្រប់​គ្នា​មក​ចូលរួម​ពិធី​នេះ ហើយ​ខ្ញុំ​គិត​ថា​ពួកគេ​មិន​បាន​ទៅ​ធ្វើការ​ទេ​នៅ​ថ្ងៃនេះ​ ព្រោះ​អ្នក​គ្រប់​គ្នា​បាន​ដាក់​ពាក្យ​សុំច្បាប់​ពី​ការងារ ដូច្នេះ​ខ្ញុំ​សូម​អរគុណ​ប្រជាពលរដ្ឋ​កាណាដា​ចំពោះ​ការគាំទ្រ​នេះ​»​។

កីឡាករ​រូបនេះ​បាន​បន្ថែម​ថា​៖ «​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​ដូចជា​មាន​ភាពអស្ចារ្យ​ខ្លាំងណាស់​។ យើង​មិន​បាន​ដេក​ដោយសារ​មាន​ពិធី​អបអរ​នេះ ហើយ​យើង​នឹង​ធ្វើ​ដំណើរ​បន្ត​បែប​នេះ​ទៀត​»​។

គ្រូបង្វឹក Nurse បាន​ប្រាប់​ហ្វូង​មហាជន​នៅមុន​ពេល​មានការ​បាញ់​ប្រហារ​នេះ​ថា​៖ «​នេះ​គឺជា​ពិធី​ដ៏ពិសេស​បំផុត​មួយ​ដោយសារ​តែ​អ្នក​ទាំងអស់​គ្នា​»​។

កាណាដា​មាន​ប្រជាពលរដ្ឋ​ ៣៧ ​លាន​នាក់ ហើយ​ ២០ ​លាន​នាក់​បាន​ទស្សនាការ​ប្រកួត​លើក​ទី​ ៦ ​នៅក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ ខណៈ​ក្លិប​នេះ​ខាន​លើក​ពាន NBA ជាយូរ​មកហើយ​តាំងពី​ឆ្នាំ​ ១៩៩៣ ​មក​៕ SN