សៀ​មរាប៖ ចាយ៉​ស្នូល​អង្ក្រង ប្រហិត​ត្រាវ​លាយ​ដឹកដឿ និង​​បឺហ្គើ​ស្នូល​សាច់​សត្វ​ល្អិត ជា​ម្ហូប​ក្នុង​បញ្ជី​រាយនាម​អាហារ នៅ​ភោជនីយដ្ឋាន​សត្វ​ល្អិត​ឯ​ទឹកដី​​សៀមរាប​អង្គរ ដែល​ច្របាច់​បញ្ចូល​វប្បធម៌​ស្រា​ក្រឡុក និង​គ្រឿង​ផ្សំ​ពី​សត្វ​ល្អិត​រស់រវើក។

ស្ថិត​នៅ​វិថី​ដ៏​មមាញឹក ចុងភៅ សឿន សីហា កំពុង​ស្ថិត​ក្នុង​ផ្ទះ​បាយ​នៃ​ហាង Bugs Cafe ទាំង​ដៃ​មមាញឹក​​កាន់​វែក​​​ត្រឡប់​ចង្រិត កណ្ដូប អាពីង និង​ខ្យាដំរី​នៅ​ក្នុង​ខ្ទះ​​ក្ដៅ។

ពពួក​សត្វ​ល្អិត​ដែល​ធ្លាប់​តែ​លក់​តាម​ចិញ្ចើម​ផ្លូវ និង​ពេញ​និយម​សម្រាប់​ភ្ញៀវ​ទេសចរ​​បរទេស​ថត​រូប​​បង្ហោះ​តាម​អ៊ីនស្តាក្រាម​នោះ មិន​មែន​ជា​អាហារ​​អ្វី​ថ្មី​ប្លែក​សម្រាប់​ប្រជាជន​កម្ពុជា​ទេ។

ជា​ទូទៅ​សត្វ​ល្អិត​លក់​តាម​ចិញ្ចើម​ផ្លូវ ច្រើន​តែ​ចម្អិន​តែ​មួយ​បែប គឺ​ប្រឡាក់​គ្រឿង ឬ​ទឹក​ជ្រលក់ រួច​​យក​ទៅ​ចៀន ឬ​បំពង សម្រាប់​​ក្លែម​ជាមួយ​ស្រាបៀរ​ត្រជាក់ៗ។

ចង្រិត កណ្ដូប អង្ក្រង ដឹកដឿ និង​ខ្យាដំរី ត្រូវបានច្នៃ​ជាម្ហូបប្លែក​ជា​ច្រើនមុខ​។ រូបថត AFP

ដោយ​ឡែក​នៅ​ផ្ទះបាយ Bugs Cafe ចុងភៅ សីហា បាន​​លើក​ពី​វិធី​ចម្អិន​​ប្លែក​ពី​នេះ​ថា៖ «យើង​មាន​មុខ​ម្ហូប​ដ៏​សម្បូរ​​បែប ដូចជា​បឺហ្គើ​សត្វ​ល្អិត មាន​ស្នូល​សាច់​ចម្រុះ​លាយ​ពី​អង្ក្រង ដឹកដឿ និង​ចង្រិត ដោយ​បន្ថែម​ឈីស និង​ត្រសក់​ជ្រក់»។

នា​ល្ងាច​ថ្មីៗ​កន្លង​ទៅ​នេះ សហស្ថាបនិក​ភោជនីយដ្ឋាន​​លោក ដាវី ប្លូហ្សាត ជាជនជាតិ​បារាំង បាន​ផ្ដល់​ការ​សំណេះ​សំណាល និង​ពន្យល់​ដល់​ភ្ញៀវ​ដែល​កំពុង​ងឿង​ឆ្ងល់​នឹង​អាហារ​​ចម្អិន​ពី​សត្វ​ល្អិត។​

លោក​បាន​​ប្រាប់​ឲ្យ​ដឹង​​ថា៖ ​«យើង​​ចង់​បង្ហាញ​អ្នក​ទាំង​អស់​គ្នា​ថា ​យើង​​អាច​ច្នៃ​ម្ហូប​ប្រកប​ដោយ​គុណភាព​ខ្ពស់ ពី​សត្វ​ល្អិត​ទាំង​នេះ»។

ក្រៅ​ពី​ម្ហូប​ម្ហា នៅ​មាន​បង្អែម​ក្រែម​ដំឡូង​ជ្វា​ ជាមួយ​កូន​ឃ្មុំ ដឹកដឿ ចំណិត​ស្វាយ និង​នំ​ឈីស​ចង្រិត​ជាដើម។

Bugs Cafe ទាក់ទាញ​ចំណាប់អារម្មណ៍​ភ្ញៀវ​គ្រប់ជាតិ​សាសន៍ ដែល​មក​លេង​ទឹកដីសៀមរាប​​​។ រូបថត AFP

យោង​តាម​អង្គការ​ស្បៀង​អាហារ និង​កសិកម្ម​ (FAO) មនុស្ស​ប្រមាណ​ជា ២ ពាន់​លាន​នាក់​ទូទាំង​ពិភព​លោក ជា​អ្នក​ទទួល​ទាន​សត្វ​ល្អិត។

ខណៈ​សត្វ​ល្អិត​តម្លៃ​ថោក ជា​ប្រភព​អាហារ​ប្រូតេអ៊ីន​​​ក៏​ដោយ ​ម្ហូប​ចម្អិន​ពី​​ពពួក​សត្វ​ទាំង​នេះ​ក៏​ជា​ដំណោះ​ស្រាយ​​​នូវ​កង្វល់​ពី​កង្វះ​​ការ​ផ្គត់ផ្គង់​សាច់​សត្វ​ចិញ្ចឹម ដោយសារ​​កត្តា​ជះ​ឥទ្ធិពល​ដល់​បរិស្ថាន​ផង​ដែរ។

នៅ Bugs Cafe ការ​កុម្ម៉ង់​អាហារ​មាន​កំណើន ជាមួយ​វត្តមាន​ភ្ញៀវ​ជា​ទេសចរ​ហោះ​មក​ពី​ អង់គ្លេស ប៉ូឡូញ ម៉ាឡេស៊ី។ ទោះបី​ជា​គេ​រាង​ញញើត​​បន្តិច ប៉ុន្តែ​ក្រោយ​ពី​ទំពា​រួច​ ម្នាក់ៗ​ក៏​រំលេច​ស្នាម​ញញឹម និង​​សំណើច​​យ៉ាង​រីករាយ។

នៅ​ផ្ទះបាយ ចុងភៅ​ពាក់អាវយឺត ជាមួយសំណេរ I Hate Insects ឆូត​អក្សរ H ចោល​​។ រូបថត AFP

នៅ​ក្នុង​ផ្ទះ​បាយ​ឯណោះ​វិញ បុគ្គលិក​​មាន​ពាក់​អាវ​យឺត​ជាមួយ​សំណេរ​ថា «I HATE INSECTS» ដោយ​​ឆូត​ចោល​អក្សរ H ដែល​មាន​ន័យថា ខ្ញុំ​ស្អប់​សត្វ​ល្អិត​ ប្រែ​ទៅ​ជា ខ្ញុំ​ញ៉ាំ​សត្វ​ល្អិត។

អ្នក​ទេសចរ​សម្ពាយ​ ចូស្វ័រ ប៊ីន និយាយថា លោក​ប៉ង​មក​ភ្លក្ស​អាហារ​ដ៏​ចម្លែក​នៅ​ទី​នេះ ក្រោយ​ពី​ឃើញ​ការ​ផ្សព្វផ្សាយ​នៅ​ផ្ទះ​ស្នាក់​របស់​លោក។

ដោយ​ឥត​រារែក​ក្នុង​ការ​ខាំ​ដឹកដឿ និង​សត្វ​ល្អិត​ដទៃ​ទៀត​នៅ​លើ​ចាន​ម្ហូប​របស់​លោក ​ជនជាតិ​អង់គ្លេស​វ័យ ២៣ ឆ្នាំ​រូប​នេះ​បាន​បន្លឺ​ថា៖ «ម្ហូប​អ៊ីចឹង រក​ញ៉ាំ​មិន​បាន​ទេ​នៅ​ស្រុក​ខ្ញុំ»៕ AFP