សៀមរាប៖ «Bike Meet» ឬ «Bike Week» រមែងត្រូវបានប្រារឰឡើងរយៈពេលជាច្រើនថ្ងៃ។ ព្រឹត្ដិការណ៍ដ៏ល្បីនេះមានការពេញនិយមខ្លាំងនៅថៃ ម៉ាឡេស៊ី ឥណ្ឌា វៀតណាម និងឥណ្ឌូនេស៊ី។ វាជាឱកាសនៃការជួបជុំរវាងភ្ញៀវទេសចរជាតិ និងអ្នកស្រឡាញ់ទោចក្រយានយន្តអន្ដរជាតិមកពីជុំវិញពិភពលោក។
Siem Reap Bike Meet (SRBM) ដែលរៀបចំនៅកម្ពុជាក្នុងឆ្នាំ ២០១៧ ចាប់ផ្ដើមពីកម្មវិធីសាមញ្ញៗ ជាជំនួបមិត្ដភក្ដិក្រុមតូចតាមផ្ទះសំណាក់ ដែលពួកគេស្រឡាញ់ម៉ូតូ និងចូលចិត្ដកិច្ចការសង្គម។ កម្មវិធីជំនួបអ្នកស្រឡាញ់ម៉ូតូកាន់តែពង្រីកខ្លួនធំក្នុងឆ្នាំ ២០១៨ ហើយឆ្នាំទី ៣ នេះ វានឹងក្លាយជាប្រវត្ដិសាស្ដ្រជំនួបម៉ូតូនៅកម្ពុជា។
លោក Dean McLacklan សហស្ថាបនិក (SRBM) បាននិយាយថា៖ «(SRBM) ចាប់ផ្ដើមពីជំនួបតូចតាច រវាងក្រុមអ្នកជិះម៉ូតូ និងអ្នកស្រឡាញ់ម៉ូតូ។ យើងចង់បង្កើតកម្មវិធីជួបជុំជាមួយមិត្ដភក្ដិ ដើម្បីចែករំលែកបទពិសោធនៃការបើកបរយានយន្តកង់ ២ និងចរាចរណ៍លើដងផ្លូវ»។
លោក McLacklan សហស្ថាបនិក JustRide Motorbike Adventure និង Refill Not Landfill បានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ថា៖ «យើងបានទាក់ទាញអ្នកដំណើរម៉ូតូអន្ដរជាតិជាច្រើននាក់ រួមទាំងអ្នកជំនាញបើកម៉ូតូមកពីថៃ ៤ នាក់ផងដែរ។ យើងទទួលបានការគាំទ្រពីសហគមន៍អ្នកជិះម៉ូតូ ដែលស្រឡាញ់ចូលចិត្ដការរៀបចំនេះ»។
ក្រុមអ្នកជិះម៉ូតូមានទស្សនៈផ្ទុយពីភ្ញៀវទេសចរទូទៅ ដែលពួកគេចូលចិត្ដធ្វើដំណើរតាមទីដាច់ស្រយាលនៅទូទាំងប្រទេស កម្ពុជា ព្រមទាំងត្រាច់ចរពីព្រំដែនម្ខាងទៅព្រំដែនម្ខាងទៀត។
លោក McLacklan បានឲ្យដឹងថា៖ «អ្នកធ្វើដំណើរទេសចរណ៍តាមម៉ូតូចូលចិត្ដជិះម៉ូតូចូលរួមព្រឹត្ដិការណ៍នានាទូទាំងតំបន់អាស៊ីអាគ្នេយ៍។ ពេលធ្វើដំណើរពួកគេត្រូវចាយប្រាក់ ដូច្នេះអ្នកទទួលប្រយោជន៍គឺសហគមន៍ និងអ្នករស់នៅតាមទីជនបទកម្ពុជា។ ពួកគេក៏ត្រូវចំណាយពេលស្នាក់នៅយូរទៅតាមគោលដៅនីមួយៗ មិនមែនតែនៅក្នុងសណ្ឋាគារ ឬរីសតនោះឡើយ»។
លោកបន្ដថា ពួកគេប្រើសណ្ឋាគារជាមូលដ្ឋាន ដើម្បីបន្ដធ្វើដំណើរទៅជនបទ និងបណ្ដាខេត្ដនានា រួមទាំងភោជនីយដ្ឋាន ហាងកាហ្វេ បារ៍ សណ្ឋាគារ កន្លែងជួសជុល យានយន្ដ ហាងម៉ូតូ ស្ថានីយប្រេង ផ្សារ ហាងកាត់សក់ និងហាងចាក់សាក់ជាដើម។
លោកបន្ថែមថា៖ «យើងទទួលបានការឆ្លើយតបជាវិជ្ជមានពីអ្នកចូលរួម ហើយពួកគេពិតជាចូលចិត្ដព្រឹត្ដិការណ៍នេះ។ ពួកគេរីករាយ និងចង់ចូលរួមជាថ្មីទៀត។ យើងមានក្រុមកម្ពុជាល្អៗ ជាមួយក្រុមបរទេស ជាអ្នកធ្វើដំណើរទេសចរណ៍តាមម៉ូតូ ព្រមទាំងមិត្ដភក្ដិមកពីថៃ»។
ជាប្រវត្ដិសាស្ដ្រ «Bike Meet» ទេសចរម៉ូតូចំណាយពេលយ៉ាងតិច ១០ ថ្ងៃត្រាច់ចរតាមទីឋានជនបទ ទោះបីជាព្រឹត្ដិការណ៍ចម្បងត្រូវបានរៀបចំឡើងតែ ១ ថ្ងៃក៏ដោយ។ តាំងពីកម្មវិធីតូចដំបូងក្នុងឆ្នាំ ២០១៧ SRBM បានទទួលអ្នកជិះម៉ូតូ ១២០ នាក់ ហើយឆ្នាំ ២០១៨ វាកើនដល់ ៤៥០ នាក់ ខណៈឆ្នាំទី ៣ អ្នករៀបចំរំពឹងនឹងកើនដល់ជិត ១ ពាន់នាក់។
សហស្ថាបនិក SRBM បានលើកឡើងថា៖ «ព្រឹត្ដិការណ៍នេះរៀបចំឡើងនៅថ្ងៃទី ២៣ ខែវិច្ឆិកា តែយើងក៏មានការជិះម៉ូតូដើម្បីសង្គមនៅថ្ងៃបន្ទាប់ និងកម្មវិធីរៃអង្គាសប្រាក់ Light Em Up នៅថ្ងៃទី ២២ ដែលរៀបចំឡើងដោយមិត្ដភក្ដិនៅ Wild Cambodia Press ផងដែរ»។
អ្នករៀបចំបានឲ្យដឹងថា ការចូលរួមព្រឹត្ដិការណ៍មិនតម្រូវឲ្យបង់ប្រាក់ ដែលនឹងមានអ្នកចូលរួមជាភ្ញៀវក្នុងខេត្ដសៀមរាប ព្រមទាំងក្រុមគ្រួសាររបស់ពួកគេទាំងខ្មែរ និងបរទេស។
លោក McLacklan អះអាងថា៖ «ពិបាកទស្សន៍ទាយថាមានមនុស្សប៉ុន្មាននាក់ណាស់ តែពួកគេបាននិងកំពុងទាក់ទងកក់សំបុត្រយ៉ាងតិចពី ៣០០ ទៅ ៤០០ ម៉ូតូ ប្រមាណចន្លោះពី ៨០០ ទៅ ១ ០០០ នាក់។ ទីតាំងថ្មីនេះមានភាពធំទូលាយដែលងាយស្រួលចំពោះលំហូរចរាចរណ៍»។
ដើម្បីជំរុញឲ្យព្រឹត្ដិការណ៍ SRBM កាន់តែអស្ចារ្យរយៈពេល ៥ ឆ្នាំទៀត រឹតចំណងមិត្ដភាពរវាងក្រុមម៉ូតូខ្មែរ និងបរទេស លើកទឹកចិត្ដដល់យុវជនកម្ពុជាចេះរក្សាម៉ូតូរបស់ខ្លួន និងជំរុញពួកគេឲ្យយកចិត្ដទុកដាក់ចំពោះសុវត្ថិភាពចរាចរណ៍ រួមទាំងការស្លៀកពាក់តាមក្បួនខ្នាត ចក្ខុវិស័យរបស់ SRBM គឺសុវត្ថិភាពនៃការបើកបរក្នុងព្រះរាជាណាចក្រកម្ពុជា។
យោងតាមសេចក្ដីប្រកាសរបស់ SRBM បានឲ្យដឹងថា៖ «ក្រុមការងារបានបង្ហាញគម្រោងសប្បុរសធម៌ថ្មីឈ្មោះ LIDS FOR KIDS ក្នុងឱកាសព្រឹត្ដិការណ៍ថ្ងៃទី ២៣ ខែវិច្ឆិកា នៅ BOX VILLE។ មួកសុវត្ថិភាពកាន់តែច្រើននឹងត្រូវបានចែកជូនកុមារ ដោយសារតែការផ្លាស់ប្ដូរទម្លាប់គិតគូរដល់យុវជន។ បើកបរប្រកបដោយសុវត្ថិភាព និងបើកបរប្រកបដោយភាពវៃឆ្លាត»។
ការចំណាយប្រាក់ ១៥ ដុល្លារ ពីការបរិច្ចាគអាចទិញបានមួកគុណភាពល្អមួយសម្រាប់កុមារកម្ពុជា។ គាំទ្រព្រឹត្ដិការណ៍ SRBM អ្នកចូលរួមនឹងមានឱកាសឈ្នះរង្វាន់ថែមទៀត។
Siem Reap Bike Meet នឹងរៀបចំឡើងនៅថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០១៩ នៅ BOX VILLE ក្រុងសៀមរាបចាប់ពីម៉ោង ១១ ព្រឹកដល់ម៉ោង ១១ យប់។ សម្រាប់ព័ត៌មានលម្អិត សុំចូលទៅកាន់ទំព័រហ្វេសប៊ុក @srbmkh ឬលេខទូរស័ព្ទ ០៩២ ៩៨ ៣៣ ៨២៕