ភ្នំពេញ៖ «​ប្រពន្ធ​ខ្ញុំ​ស្រឡាញ់​ស្រី» ជា​វណ្ណកម្ម​ថ្មី​មួយ​ទៀត​បន្ទាប់​ពី​ការ​​ចាក់​បញ្ចាំង​ខ្សែ​ភាពយន្ត​ខ្នាត​ធំ​ ​​ចំណាយ​ខ្ទង់​លាន​ដុល្លារ​នៃ​រឿង ​«នាឡិកា ដាស់​វិញ្ញាណ» ​របស់​​ផលិតកម្ម​ អិលឌី Picture ​បាន​ធ្វើ​ឲ្យ​តួឯក​​ស្រី​​ឆ្អិន​ខាង​ភាព​ក្រមិច​ក្រមើម​ប្រែ​ជា​ពិបាក​ដាក់​មនោសញ្ចេតនា​ស្នេហា​ច្របូល​ច្របល់​ ខណៈ​តួ​ឯក​ប្រុស​រអា​ក្នុង​ការ​ថើប​តួ​ស្រី​ក្នុង​នាម​ជា​បុរស​ភេទ​ដូច​គ្នា។​

ដាក់​សម្ពោធ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី ​១៧ ខែ​ធ្នូ​កន្លង​ទៅ​​​ ត្រៀម​ចាក់​បញ្ចាំង​នៅ​គ្រប់​រោង​ភាពយន្ត​​នៅ​ថ្ងៃទី ​១៩ ​ខែ​ធ្នូ​​នេះ ភាពយន្ត​ថ្មី​បែប​​កំប្លែង​លាយ​ឡំ​នឹង​មនោសញ្ចេតនា ​​«ប្រពន្ធ​ខ្ញុំ​ស្រឡាញ់​ស្រី» ​​​​ដែល​​ស្តែង​ចេញ​ពី​មនុស្ស​ស្រី​ស្រឡាញ់​ភេទ​​ដូច​គ្នា និង​ត្រឡប់​ទៅ​ស្រឡាញ់​ភេទ​ផ្ទុយ​គ្នា (ប្រុស) ដែល​​សម្តែង​ដោយ​តារា​សម្តែង​ស្រី​ក្រមិច​ក្រមើម​អ្នក​មេម៉ាយ​កូន​ ​១​ សុខ​ សោម៉ាវត្តី និង​តារា​​សម្តែង​ប្រុស​មាឌ​មាំ​​លោក​ ជា​ សុវណ្ណនរាហ៍ គ្រង​តំណែង​ជា​​តួឯក​ ព្រម​ជា​ដៃ​គូសម្តែង​ក្នុង​​ភាពយន្ត​ជា​ច្រើន​មក​ហើយ​។

អ្នក​មេម៉ាយ​កូន ​១​​ សុខ​ សោម៉ាវត្តី ដែល​បាន​​​ស្រឡាញ់​ស្រី​ក្នុង​សាច់​រឿង​ និង​បាន​ប្តូរ​ទៅ​ជា​ស្រឡាញ់​មនុស្ស​ប្រុស​វិញ ​បាន​ថ្លែង​ក្នុង​​​ថ្ងៃ​សម្ពោធ​ជា​ផ្លូវ​ការ​ថា​៖ ​«​ការ​សម្តែង​ចរិត​រឡិករឡក់​ ច្រងេងច្រងាង​មិន​ប្លែក​ទេ​ សម្រាប់​ខ្ញុំ។​ ប៉ុន្តែ​រឿង​​នេះ​ប្លែក​ត្រង់​ថា​ រឿង​មុនៗ​ច្រងេង​ច្រងាង​បែប​មនុស្ស​ស្រី ​​តែ​រឿង​នេះ​បែប​មនុស្ស​ប្រុស​ហើយ​​ស្រឡាញ់​ស្រី​ទៀត។​ វា​ពិបាក​ដាក់​មនោសញ្ចេតនា​ដែរ ដោយសារ​ធាតុ​ពិត​ខ្ញុំ​ស្រឡាញ់​មនុស្ស​ប្រុស​ទេ​»។

ពិធី​សម្ពោធ​កុនដុំ​បែប​កំប្លែង​​រឿង «ប្រពន្ធខ្ញុំ​ស្រឡាញ់ស្រិី» កាល​ពី​ថ្ងៃទី ​១៧ ខែ ធ្នូ ឆ្នាំ ២០១៩​។ រូប សហ​ការី

តារា​​​ប្រុស​ទឹក​មុខ​ស្រគត់​ស្រគំ​​រាង​ខ្ពស់​ស្រឡះ មិន​​សូវ​ពូកែ​​សម្តី​លោក​ ជា សុវណ្ណនរាហ៍ ដែល​សម្តែង​ជា​តួឯក​ប្រុស​ក៏​បាន​​ប្រាប់​​ថា​៖ ​«​ដូច​បាន​ដឹង​ហើយ​​ថា​ ខ្ញុំ​ និង​គាត់​ (សុខ សោម៉ាវត្តី) ធ្លាប់​សម្តែង​រួម​គ្នា​ជា​ច្រើន​រឿង​ ឡើង​លែង​មាន​អារម្មណ៍​ប្លែក​ ឬ​អៀន​គ្នា​ទៀត​ហើយ។ ប៉ុន្តែ​រឿង​នេះ​ខ្ញុំ​ពិបាក​ទទួល​យក​ដោយសារ​តែ​មាន​ឈុត​ថើប ហើយ​មិន​មែន​ថើប​ធម្មតា​ទេ ដូច​ជា ​ការ​ថើប​ប្រុស​គ្នា​ឯង​អ៊ីចឹង ព្រោះ​គាត់​ដើរ​តួ​ជា​មិត្តភក្តិ​នឹងខ្ញុំ​ ហើយ​ថែម​ទាំង​ស្រឡាញ់​ស្រី​ដូច​គ្នា​ទៀត​»។

លោក លៀក លីដា ម្ចាស់​ផលិតកម្ម​ អិលឌី Picture បាន​​ប្រាប់​ពី​គោល​បំណង​ក្នុង​ការ​ផលិត​កុន​​​ថា​៖ ​«​រឿង​​នេះ ​ខ្ញុំ​សង្ឃឹម​ថា​ បង​ប្អូន​​​មាន​អារម្មណ៍​​ប្លែក​ ដោយសារ​សាច់​រឿង​យើង​ចង់​និយាយ​ពី​ការ​មិន​ប្រកាន់​ការ​ស្រឡាញ់​មិន​ថា ​ភេទ​ដូច​គ្នា​ ឬ​ខុស​គ្នា​ តែងតែ​មាន​ភាព​រីករាយ​ និង​កើត​ទុក្ខ​ដូច​គ្នា​»។

លោក​អះអាង​ថា​៖ «យើង​ក៏​​បែរ​មក​ផលិត​កុន​ និង​ព្យាយាម​​ផលិត​​កុន​ដែល​មាន​គុណភាព​សម្រាប់​ឲ្យ​បងប្អូន​​​កាន់​តែ​ចូល​ចិត្ត​ និង​កាន់​តែ​​គាំទ្រ​​»៕