ក្រុងស៊ីដនី៖ កង​នាវា​អូស្ដ្រាលី​ដែល​បំពេញ​ការងារ​សង្គ្រោះ​ពលរដ្ឋ​ជាប់​ក្នុង​ភ្លើង​ឆេះ​ព្រៃលើ​ឆ្នេរ​ភាគ​អាគ្នេយ៍​ បាន​ទទួល​បេសកកម្ម​ថ្មី​មួយ​ទៀត​កាល​ពី​ថ្ងៃ​សុក្រ ដោយ​ការ​ដឹក​ជញ្ជូន​ស្រាបៀរ​​ទៅ​កាន់​បារ៍​ប្រឈម​នឹង​បញ្ហា​កង្វះ​ភេសជ្ជៈ​នេះ​។

មនុស្ស​ជាង ១ ពាន់​នាក់ ​ត្រូវ​បាន​ជម្លៀស​ពី​ទីក្រុង​ ម៉ាល់ឡាខូតា ដោយ​កងកម្លាំង​បាន​បញ្ជូន​នាវា​ទៅ​ប្រមែប្រមូល​ក្រុម​គ្រួសារ​ដែល​ជាប់​នៅ​ទី​នោះ តាំង​ពី​ថ្ងៃ​ឆ្លង​ចូល​ឆ្នាំ​ថ្មី​។

អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​បាន​ប្រាប់ AFP ថា ប៉ុន្ដែ​ក្រោយ​ពី​រត់​ភៀស​ខ្លួន​អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ​ កង​នាវា​នឹង​ដឹក​ជញ្ជូន​ស្បៀង​ដ៏​ចាំ​បាច់​ រួម​ទាំង​ភេសជ្ជៈ​សម្រាប់​អ្នក​ស្រេក​ឃ្លាន​។

អ្នក​នាំពាក្យ​បាន​និយាយ​ថា​៖ «ស្រាបៀរ​មិន​មែន​ជា​បរិក្ខារ​ចាំបាច់​លើ​នាវា HMAS Choules នោះ​ទេ​ ហើយ​គ្រឿង​ផ្គត់ផ្គង់​សំខាន់​មិន​តម្រូវ​ឲ្យ​ដាក់​ស្រាបៀរ​ឡើយ​»។

ក្រុមហ៊ុន​ស្រាបៀរ Carlton and​ United Breweries បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​សុក្រ​ថា ខ្លួន​បាន​ផ្ដល់​គ្រឿង​ស្រវឹង​នៅ​មូលដ្ឋាន​នាវា​ Cerberus ដើម្បី​បន្ដ​ចែក​ឲ្យ​សណ្ឋាគារ Mallacoota Hotel ក្រោយ​ពី​អស់​ស្ដុក​។

នាវា HMAS Choules​​ ដែល​ត្រូវ​បាន​ប្រើ​ក្នុងការ​សង្គ្រោះភ្លើង​ឆេះព្រៃ​។ រូបថត AFP

ការ​ដឹក​ជញ្ជូន​ រួម​មាន ស្រាបៀរ​ និង​ស្រា​ផ្លែ​ប៉ោម ២០ ធុង ​សម្រាប់​ទី​ក្រុង​នេះ ដែល​​មាន​ប្រជាជន​សរុប​ប្រមាណ ១ ពាន់​នាក់​។

អគ្គនាយក ​Carlton and​ United Breweries លោក ភេតធ័រ ហ្វីលីប៉ូវិក បាន​និយាយ​ថា​៖ «​បារ៍​អត់​ស្រាបៀរ​ជា​ឱកាស​ដ៏​អាប់អួរ​ក្នុង​គ្រា​ស្រស់​ថ្លា​។ ក្រោយ​ពី​អ្វី​ដែល​ពលរដ្ឋ​ក្រុង​ម៉ាល់ឡាខូតា និង​ក្រុម​ពន្លត់​អគ្គិភ័យ​បាន​ឆ្លង​កាត់​វេលា​ដ៏​លំបាក​ អ្វី​ដែល​យើង​អាច​ធ្វើ​បាន​គឺ​ធានា​ថា ពួក​គេ​អាច​​រីករាយ​នឹង​ស្រាបៀរ​»។

លោក​បន្ដ​ថា​៖ «​យើង​មិន​ច្បាស់​ថា ​នាវា​ដឹក​​ធ្លាប់​​ស្រាបៀរ​ដល់​ជន​ស៊ីវិល​កាល​ពី​មុន​មក ​ឬ​យ៉ាង​ណា»។

យោង​តាម​ក្រសួង​ការពារ​​ជាតិ​អូស្ដ្រាលី នាវា HMAS Choules ​ទម្ងន់ ១៦ ០០០ តោន​ បាន​​វិល​ទៅ​ក្រុង​ម៉ាល់ឡាខូតា ជាមួយ​ស្រាបៀរ​កាល​ពី​ថ្ងៃ​សុក្រ​៕ AFP/HR