ភ្នំពេញ: ទើបតែ​ស្ងប់​ពី​រឿង​ស៊យ​ដែល​ត្រូវ​បុរស​ម្នាក់​ជា​និស្សិត​ជះ​ស្រាបៀរ និង​បាន​ព្រមព្រៀង​គ្នា​នៅក្នុង​សំណង​ចុងក្រោយ​ត្រឹម​ ១ ​ម៉ឺន​ដុល្លារ​កាលពី​ឆ្នាំ​ ២០១៨ នោះ​ក៏​ស្រាប់​តែ​ថ្មីៗ​នេះ​ឃើញ​តារាចម្រៀង​ស្រី​ពូកែ​ចាក់​ក្បាច់​រាំ​លើ​ឆាក​កញ្ញា ទេព បូព្រឹក្ស បង្ហើរ​សារ​ដ៏​ចម្លែក​ហាក់​ដូចជា​កំពុង​ចង់​បង្ហាញ​ពី​តម្រុយ​ថា ខ្លួន​នាង​ជិត​ចេញ​ពី​ទ្រនំ​ហង្ស​មាស បង្ក​ការភ្ញាក់ផ្អើល​ទៅ​ដល់​មហាជន​សាជាថ្មី​។

តារាស្រី​ដែល​និយម​ច្រៀង​បទ​ភាសា​បរទេស មិន​សូវ​ជា​ច្បាស់ តែ​សម្បូរ​ក្បាច់​រាំ​ប្លែក​នៅ​លើ​ទ្រនំ​ហង្សមាស​កញ្ញា ទេព បូព្រឹក្ស បាន​បង្ហោះ​សារ​ដ៏ចម្លែក​ចុងក្រោយ​តាម​បណ្តាញ​អ៊ីនសា្តក្រាម​ថា​៖ «​ក្រោក​ពី​គេង​មាន​អារម្មណ៍​ថា ស្មុគស្មាញ​ណាស់​ថ្ងៃ​នេះ​!​ខ្ញុំ​ពិតជា​មិន​ចង់​ដើរ​ចេញ​ទេ ព្រោះ​វា​ជា​កន្លែង​ដែល​ខ្ញុំ​ប្រាថ្នា​ចង់​នៅ​តាំងពី​ ៧ ​ឆ្នាំ​មុន​។ អ្នក​ទាំងអស់​គ្នា​ហ៊ាន​សន្យា​ទេ​ថា នៅ​តែ​ស្រឡាញ់​ខ្ញុំ​នោះ ទោះ​ជា​ខ្ញុំ​នៅ​ទីណា​កន្លែង​ណា​ក៏ដោយ​!»​។

មួយ​រំពេច​នោះ​ក៏​មាន​អ្នក​គាំទ្រ​ចូលទៅ Comment ដោយ​មាន​ការសម្តែង​ទាំង​អារម្មណ៍​សោកស្តាយ​ផង និង​បង្ហាញ​នូវ​ការឃាត់​មិន​ចង់​ឲ្យ​សម្រេច​ចិត្ត​ផុយៗ​ផង​ក្រោយ​ពី​បាន​ឃើញ​សារ​តារាចម្រៀង​ស្រី ហង្សមាស​កញ្ញា ទេព បូព្រឹក្ស មក​នោះ​។

គេ​ឃើញ​មាន​អ្នក​ខ្លះ​បាន​សរសេរ​សារ​បង្ហាញ​ពី​អារម្មណ៍​នៅ​តែ​ស្រឡាញ់​គាំទ្រ​ដល់ Idol របស់​ខ្លួន​ថា៖ «​ចាស​! ខ្ញុំ​នៅ​​តែ​ស្រឡាញ់​បង​ដូចជា​កាលពី​មុន​ដដែល​ហើយ គាំទ្រ​រូប​ចែ​គឺ​ខ្ញុំ​មិនមែន​គាំទ្រ​ទីកន្លែង​ចែ​ឈរ​ទេ​!»​។

ចំណែក​អ្នកខ្លះ​បាន​សរសេរ​បែប​សំណូមពរ​ថា៖ «​ខ្ញុំ​មិន​ចង់​ឲ្យ​បង​ចេញ​ពី​កន្លែងចាស់​ទេ​បងស្រី​!​តែ វា​ក៏​ជា​ជម្រើស​របស់​បង​ដែរ ដូច្នេះ​ខ្ញុំ​នៅ​បន្ត​គាំទ្រ​បង​នូវ​អ្វី​ដែល​បង​បាន​សម្រេចចិត្ត​ផង​ដែរ​»​។

គេ​ក៏​មិន​ទាន់​បាន​ដឹង​ពិត​ច្បាស់​នៅ​ឡើយ​ថា តើ​កញ្ញា ទេព បូព្រឹក្ស គឺ​ពិតជា​បាន​សម្រេច​ចិត្ត​ដើរ​ចេញ​ពី​ទ្រនំ​ផលិតកម្ម​ហង្សមាស​មែន​ឬ​យ៉ាង​ណា​? ភ្នំពេញ​ប៉ុស្តិ៍​បាន​ទាក់ទង​នាង​សួរនាំ​រឿង​នេះ​បញ្ជាក់​តែ​នាង​លើក​ទទួល​ហើយ​គ្រាន់តែ​ស្តាប់ ក៏​បិទ​ទូរស័ព្ទ​វិញ​មួយ​រំពេច​។

គួរ​បញ្ជាក់​ថា​ចាប់​តាំងពី​ពួកគេ​បាន​ចាប់​ជា​ដៃគូ​ច្រៀង​នឹង​គ្នា​នៅ​ផលិតកម្ម​ហង្សមាស​មក​មហាជន​ក៏​បាន​ឧស្សាហ៍ ឃើញ​បង្ហាញ​នូវ​ភាពស្និទ្ធស្នាល​គ្នា​នៅ​ក្រៅ​ឆាក​សិល្បៈ​រវាង​តារាស្រី​កញ្ញា ទេព បូព្រឹក្ស ឬ​អ្នកគាំទ្រ​ហៅ CL ខ្មែរ និង​លោក ងួន ចាន់ដេវីត G-Dragon ខ្មែរ ហើយ​ក៏​បាន​លេចឮ​រហិចរហៀង​បែក​ចេញ​ជា​ប្រភព​នៃ​ព័ត៌មាន​ខ្សឹបខ្សៀវ​ថា ពួកគេ​កំពុង​តែ​បង្កាត់ភ្លើង​ស្នេហ៍​លើស​ពី​មិត្ត​ធម្មតា​ក្នុង​សិល្បៈ​ដោយ​បាន​រួមគ្នា​ទិញ​ឡាន និង​បើកហាង​លក់​ទំនិញ​ផង​ដែរ​៕