ភ្នំពេញ៖ គ្រាន់​តែ​ដូរ​ទ្រនំ​ថ្មី​ភ្លាម នៅ​ដើម​​​ឆ្នាំ ​២០២០ ​តារា​ចម្រៀង​ស្រី​រាង​ល្អិត​ សំឡេង​ធ្ងន់​ កញ្ញា បាន មុន្នីល័ក្ខ ក្តាប់​​ឱកាស​​បន្ថែម​នៅ​​លើ​វិថី​សិល្បៈ ​ខណៈ​​ថ្មីៗ​នេះ ផលិតកម្ម​ថោន​ ​បាន​​​ជ្រើស​​​​​​​​ជា​តួ​ឯកស្រី​​នៅ​ក្នុង​​​កុន​ភាគ​រឿង «​​ព្រហ្មលិខិត​ដុះ​ស្លាប» ខណៈ​​តួ​​​​ប្រុស​ ​គឺ​តារា​​ចម្រៀង​​លោក​ ម៉ៅ ហាជី​។

ក្រៅ​ពី​វត្តមាន​តួឯក​​ប្រុសស្រី​​​​​ ម៉ៅ ហាជី និង​កញ្ញា បាន មុន្នីល័ក្ខ​​ ​ក៏​មាន​​ក្រុម​តារា​ចម្រៀង​ប្រុស​​​​ស្រី​ផ្សេងៗ​​​ទៀត​​​​ លេច​វត្តមាន​​​ក្នុង​ពិធី​​​ក្រុង​ពាលី​កុន​​ភាគ​ថ្មី​​រឿង ​«ព្រហ្មលិខិត​ដុះ​ស្លាប» ​កាល​ពី​ថ្ងៃទី ១៣ ខែ ​មករា​ ឆ្នាំ ​២០២០​​ កន្លង​មក​ផង​ដែរ​។​​​

គួរ​រំឭក​ដែរ​ថា កញ្ញា បាន​ មុន្នី​ល័ក្ខ ​បាន​ចេញ​ពី​ផលិតកម្ម​ WeProduction ដែល​ជា​បុត្រសម្ព័ន្ធ​​​​ផលិតកម្ម​​​​​​ហង្សមាស មក​ចូល​នៅ​​​ទ្រនំ​ថ្មី​​ថោន ​មិន​ទាន់​បាន​ប៉ុន្មាន​ខែ​​​ផង​​ ក៏​​ស្រូប​​​​ប្រជាប្រិយភាព​​​ខ្លាំង ​និង​​ទទួល​​​​​ឱកាស​ល្អ​ក្លាយ​ជា​តួឯក​ស្រី​ក្នុង​កុន​ភាគ​ភ្លាម​​​​នៅ​ដើម​ឆ្នាំ​ថ្មី​នេះ។​​

កញ្ញា បាន មុន្នីល័ក្ខ ​ប្រាប់​ភ្នំពេញប៉ុស្តិ៍​យ៉ាង​​ខ្លី​​​ដោយសារ​​រវល់​​ការ​ចាប់​ផ្តើម​​ថត​កុន​នោះ​ថា​៖ ​«​​​នាង​ខ្ញុំ​​ពិត​​ជា​ ទទួល​បាន​ដំណែង​ជា​តួឯក​មែន សម្រាប់​កុន​ភាគ​រឿង​​ «ព្រហ្ម​លិខិត​ដុះ​ស្លាប» ​តែ​​​​រឿង​នេះ​ មិនមែន​​មាន​​​ន័យ​​ថា​ ​នាង​ខ្ញុំ​ទើប​​​ចាប់​ផ្តើម​ថត​កុន​ នា​ពេល​នេះ​នោះ​ទេ​ គឺ​ថា​​​នាង​ខ្ញុំ​ធ្លាប់​ថត​កុន​ភាគ​ដំបូង​កាល​​​ពី​​បួន​ប្រាំ​ឆ្នាំ​មុន​ រួច​​​មក​​​ហើយ​​ដែរ​​។ នាង​ខ្ញុំ​អធ្យាស្រ័យ​ផង​​ពេល​នេះ​ខ្ញុំ​រវល់​ថត​​​»។​​

តារា​ចម្រៀង​ប្រុស​​លោក ម៉ៅ ហាជី និង​កញ្ញា បាន មុន្នីល័ក្ខ ​ដ្បិត​តែ​អ្នក​ទាំង ​២ ​​ជា​តារា​ចម្រៀង​ដែល​មាន​កេរ្តិ៍​​ឈ្មោះ​ល្បី​ជា​យូរ​មក​ហើយ​ក្ដី​ ប៉ុន្តែ​តារា​ចម្រៀង​ប្រុស​ស្រី​ទាំង ​២ មិន​ដែល​សម្ដែង​ភាពយន្ត​នោះ​ទេ ទើប​តែ​ពេល​នេះ​​ឈាន​ចូល​ដើម​ឆ្នាំ ២០២០ ភ្លាម តារា​ចម្រៀង លោក ម៉ៅ ហាជី និង​កញ្ញា​ បាន មុន្នីល័ក្ខ ឆក់​បាន​ឱកាស​​​ក្លាយ​ជា​តួឯក​​រួម​​គ្នា​លើក​ដំបូង ​ក្នុង​រឿង ​«ព្រហ្មលិខិត​ដុះ​ស្លាប»​ ​របស់​ផលិតកម្ម​ថោន និង​​​ប្រមូល​ផ្តុំ​ដោយ​​តារា​​នៅ​ក្នុង​​​ផលិតកម្ម​រួមគ្នា​ និង​តារា​សម្តែង​​​ល្បី​ៗផ្សេង​ទៀត​មក​ជួប​ជុំ​គ្នា​​យ៉ាង​​ច្រើន​​។

គួរ​កត់​សម្គាល់​ដែរ​​ថា កុន​រឿង​ «ព្រហ្មលិខិត​ដុះ​​ស្លាប»​​ មាន​ការ​ចូលរួម​សម្ដែង​ដោយ​តារា​ចម្រៀង និង​តារា​សម្ដែង​ល្បីៗ​រូប​ដូចជា លោក ម៉ៅ ហាជី កញ្ញា បាន មុន្នីល័ក្ខ លោក សៅ ឧត្តម​ លោក សក្ដដា​​​ ហៅ​កញ្ញា រ៉ូលីន អ្នកនាង កាតុ កញ្ញា ញឹម ចាន់ថន អ្នកនាង កុល ដាវី ចេន សាយចៃ ម៉ា នីតា, ឆ័យលី ដាឡែន៕