ភ្នំពេញៈ ថ្មីៗ​នេះ​លេច​ឮថា តារាចម្រៀង​ស្រី​សំឡេង​ផ្អែម​កញ្ញា បាន មុន្នីល័ក្ខ បាន​បញ្ចប់​កុងត្រា​ពី​ទ្រនំ​ចាស់​ផលិតកម្ម We Production ជា​បុត្រសម្ព័ន្ធ​នៃ​ផលិតកម្ម​ហង្សមាស​ហើយ និង​ល្បី​ថា​នាង​ត្រូវបាន​ផលិតកម្ម​សាន់ដេ​កំពុង​ចែចូវ​ដេញថ្លៃ​ផង​ដែរ​។

អ្វី​ជាដើម​ចម​នៃ​ការសង្ស័យ​ពី​ភាព​រយាល​ចេញ​បទចម្រៀង​ថ្មីៗ​នៅក្នុង​ផលិតកម្ម​ហង្សមាស​របស់​កញ្ញា បាន មុន្នីល័ក្ខ ត្រូវ​បាន​មហាជន​កត់សម្គាល់ នា​មួយរយៈ​ចុងក្រោយ​នេះ​តាមរយៈ​ភាព​ផុសផុល​ខ្លាំង​​ជាមួយ​នឹង​ការច្រៀង Cover បទចម្រៀង​មរតក​ដើម​នានា ហើយ​ក៏​បង្ហោះ​តាម​បណ្តាញ​យូធូប​យ៉ាង​គគ្រឹកគគ្រេង និង​ស្រូប​បាន​អ្នក​គាំទ្រ​ក៏​ច្រើន​ដែរ​។

ពាក់ព័ន្ធ​នឹង​ដំណឹង​ខាង​លើ​កញ្ញា បាន មុន្នីល័ក្ខ តារា​ស្រី​វ័យ ២៤ ឆ្នាំ​ប្រាប់​មក​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ «​ចាស​!​ខ្ញុំ​ពិតជា​បាន​ចប់​កុងត្រា​ជាមួយ​ផលិតកម្ម We Production ពិតមែន​! ពេល​នេះ​ខ្ញុំ​មិន​ទាន់​បាន​ចូល​ផលិតកម្ម​ណា​មួយ​នោះ​ទេ​។ ឯ​រឿង​ថា​ខ្ញុំ​ចូល​ទៅ​ក្នុង​ផលិតកម្ម​សាន់ដេ​នោះ​គឺ​មិន​ពិត​ឡើយ ហើយ​នាង​ខ្ញុំ​សុំ​បដិសេធ​ចំពោះ​ដំណឹង​នេះ​»​។

តារាចម្រៀង​ដែល​ស្រស់​សោភា​កញ្ញា បាន មុន្នីល័ក្ខ បាន​បន្ត​បន្ថែម​ទៀត​ដែរ​ថា​៖ «​ក្រោយពី​ខ្ញុំ​បាន​បញ្ចប់​កុងត្រា​ផលិតកម្ម​ហង្សមាស​មក ខ្ញុំ​ចង់​សម្ងំ​ធ្វើ​បទចម្រៀង​ខ្លួនឯង​មួយរយៈ​សិន​គឺ​មិនទាន់​ចង់​ចូល​ផលិតកម្ម​ណា​មួយ​នោះ​ទេ ហើយ​ក៏​ប្រហែល​ជា​យូរ​បន្តិច​ទៀត​ដែរ ទើប​ខ្ញុំ​សម្រេចចិត្ត​ចុះ​កុងត្រា​ជាមួយ​ផលិតកម្ម​ផ្សេង តែ​ក៏​មិន​ច្បាស់​ដែរ​ថា​នឹង​ចូល​ផលិតកម្ម​ណា​នោះ ព្រោះ​ថា​មាន​គេ​ទាក់ទង​មក​ក៏​ច្រើន​គួរសម​ដែរ​»​។

ដោយឡែក​តារាស្រី​ដែល​កាន់តែ​មាន​រូបសម្រស់​ស្រស់ស្អាត​ក្រោយ​ពេល​វះកាត់​ធ្វើ​ខ្ទង់ច្រមុះ​ហើយ​បាន​បញ្ជាក់​ដែរ​ថា មាន​ផលិតកម្ម​ភាពយន្ត​ទាក់ទង​ថតកុន តែ​ក៏​ត្រូវ​បាន​នាង​បដិសេធ ដោយសារ​តែ​ការអះអាង​ដដែលៗ​ថា កំពុង​តែ​មមាញឹក​នៅក្នុង​ការថត​បទចម្រៀង​ថ្មី និង​បទ​មរតក​ដើម​ជាច្រើន​ទៀត​។

អតីត​បេក្ខភាព​បរាជ័យ​ប្រឡង​កម្មវិធី The Voice Cambodia រដូវកាល​ទី​ ១ របស់​ហង្សមាស កញ្ញា បាន មុន្នីល័ក្ខ ក៏​បាន​បរិយាយ​ពី​បទចម្រៀង​ដែល​គ្រោង​នឹង​ចេញ​ក្នុង​ពេល​ឆាប់ៗ​នេះ​ដែរ​ថា​៖ «​ចំពោះ​បទចម្រៀង​ដែល​ខ្ញុំ​គ្រោង​ចេញ​នោះ​មាន​ច្រើន​បទ​គឺ​មាន​ទាំង​បទ​ម្នាក់ឯង និង​មាន​ចាប់​ដៃគូ​ផងដែរ​។ ប៉ុន្តែ​សុំ​មិន​ទាន់​ប្រាប់​ពី​ដៃគូ​ខ្ញុំ​ថា​ជា​អ្នកណា​នោះទេ​។ ហើយ​ខ្ញុំ​ក៏​នៅ​មាន​ធ្វើ​បទមរតក​ដើម​ដែល​ជា​ចំណូលចិត្ត​របស់​នាង​ខ្ញុំ​ជាច្រើន​បទ​ទៀត​ផង​»​។

ស្រី​ស្រស់​សាច់​សខ្ចី​មាន​សំនៀង​ផ្អែម​កញ្ញា បាន មុន្នីល័ក្ខ នៅតែ​អះអាង ក្រោយ​ពី​បាន​ចាកចេញ​ពី​ផលិតកម្ម​ចាស់ We Production ដដែលៗ​ថា​នាង​ក៏​មាន​ភាពមមាញឹក​ខ្លាំង​ទៅ​នឹង​កម្មវិធី​ប្រគំ​តន្ត្រី​នានា​មិន​សូវ​មាន​ពេល​សម្រាប់​ការថតកុន​ឲ្យ​ផលិតកម្ម​ភាពយន្ត​នានា ដែល​បាន​ទាក់ទង​មក​នោះ​ទេ​។ ខណៈ​កញ្ញា បាន មុន្នីល័ក្ខ តារាចម្រៀង​ស្រី​ដែល​មិន​សូវ​ទទួល​បាន​ភាពលេច​ធ្លោ​ក្នុង​ផលិតកម្ម​ដែល​ផុត​កុងត្រា​ដូចជា​តារា​រួម​ជំនាន់​មែន​ក្តី តែ​ប្រជាប្រិយភាព​តារា​ស្រី​រូប​នេះ​ងាក​មក​ល្បី​មិន​ចាញ់​តារា​រួម​ផលិតកម្ម​ដែរ តាមរយៈ​ការច្រៀង​បទមរតក​ដើម​បាន​យ៉ាង​ពីរោះ​រណ្តំ​ក្នុង​បណ្តាញ​សង្គម​យូធូប​នោះ​ដោយ​រំពឹង​ថា​៖ «​នៅពេល​ក្រោយ​ខ្ញុំ​នឹង​អាច​មាន​ពេល សម្រាប់​ការប្រឡូក​ក្នុង​ការសម្តែង​ភាពយន្ត​ជា​មិន​ខាន​ទេ​»៕