ភ្នំពេញៈ អតីត​បេ​ក្ខ​នារី​ប្រឡង​ចម្រៀង The Voice Cambodia 2 នា​រដូវ​កាល​ទី ២ កញ្ញា រ៉េត ស៊ូហ្សាណា តារា​ស្រី​វ័យ​ក្មេង សម្រស់​កាន់​តែ​ស្រស់​សោភា ដែល​កាក់​កប​ទីផ្សារ​ឡើង​ឆាក​តន្ត្រី​តាម​ខេត្ត​ជាប់​យ៉ាង​រដឹក ឥឡូវ​នេះ​កំពុង​តែ​មមាញឹក​កើប​លុយដុំ​នឹង​អាជីព​សម្តែង​ស្ប៉ត​ពាណិជ្ជកម្ម និង​ជា​តារា​ទូត​សុច្ឆន្ទៈ​នៃ​ផលិតផល​នានា រហូត​ធ្វើ​ឲ្យ​នាង​ពុំ​អាច​ចាំ​ចំនួន​បាន​ច្បាស់​លាស់​គួរ​ឲ្យ​ភ្ញាក់​ផ្អើល។

មួយរយៈ​ពេល​ចុង​ក្រោយនេះ សង្កេតឃើញ​តារាចម្រៀង​ស្រីវ័យ ១៨ ឆ្នាំ កំពុងតែ​កសាងបាន​កេរ្តិ៍​ឈ្មោះ​ល្បី​លើ​វិថី​សិល្បៈ​តាមរយៈ​សូរ​សំនៀង​ដ៏​ពីរោះ​ជា​ភាសា​អង់គ្លេស កាល​ពី​ប្រឡង​នោះ មាន​រាសី​ឡើង​ក្រឺតៗ ដោយ​បាន​ក្លាយជា​តារា​សុច្ឆន្ទៈ ២ ឆ្នាំ​ជាប់​គ្នា​របស់​ក្រុមហ៊ុន​ទូរស័ព្ទ​ស្មាតហ្វូន OPPO ជាមួយ​នឹង​តារា​ចម្រៀង​កំពូល​នៅ​ហង្សមាស​គឺ​អ្នក​នាង ពេជ្រ សោភា និង​តារា​ចម្រៀង​ប្រុស​រូប​សង្ហា​លោក Step។ ក្រៅ​ពី​នេះ ក៏​ឃើញ​តារា​ចម្រៀង​ស្រី អតីត​ជា​យុវតី រៀន​នៅ​ឯ​សាលា​ចំណេះ​ដឹង​ទូទៅ​ឯកជន​ឈ្មោះ​សាលា​អន្តរជាតិ​សិង្ហបុរី (SIS) ក៏មាន​វត្តមាន​នៅ​ក្នុង​ការ​ថត​ស្ប៉ត​ពាណិជ្ជ​កម្ម​ផ្សេងៗ​ដែរ​ដូចជា​ផលិតផល​រក្សា​សម្ផស្ស ផលិតផល​អាហារ និង​ការ​ថតកុន​ដុំ​ឲ្យ​ផលិតកម្ម​ហង្សមាស​បាន​ចំនួន ២-៣ រឿង​ផង​ដែរ។

ពេល​ចង់ដឹងថា តើ​នាង​មានការ​មមាញឹក​ថត​ស្ប៉ត​អ្វីខ្លះ និង​ថត​ប៉ុន្មាន​ផលិតផល​ហើយ​មកដល់​ពេល​បច្ចុប្បន្ន​នេះ គឺ​បេក្ខនារី ដែល​ប្រឡង​ធ្លាក់​ត្រឹម​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​នៃ​កម្មវិធី The Voice Cambodia 2 រដូវកាល​ទី ២ ស៊ូហ្សាណា មិន​បាន​បរិយាយ​ឲ្យ​ដឹង​នោះ​ឡើយ។ ខណៈ​កញ្ញា រ៉េត ស៊ូហ្សាណា បាន​ទទួល​ទូរស័ព្ទ ហើយ​ឆ្លើយ​យ៉ាង​ខ្លី​ដោយ​សំអាង​ហេតុផល​កំពុង​ជាប់​រវល់​ថត​នោះ​ថា៖ «ចាស​!រឿង​ថត​ស្ប៉ត​នោះ​គឺ​មាន​ច្រើន​ណាស់ សុំទោស​ផង​ខ្ញុំ​ពុំ​អាច​ចាំបាន​ថា​មាន​ប៉ុន្មាន​ទេ ហើយ​ក៏​មិន​ដែល​កត់​សម្គាល់​ដែរ។ សុំ​អធ្យាស្រ័យ​ផង​បង ពេល​នេះ​ត្រូវ​ទៅ​ថត ចាំ​ល្ងាច​បន្តិច​ចាំ​បង​តេ​មក​ទៀត​ចុះ​ព្រោះ​ពេល​នេះ គេ​កំពុង​ចាំ​នាង​ខ្ញុំ​ថត!» ប៉ុន្តែ​ការ​ទាក់​ទង​តាម​សន្យា​គ្មាន​អ្នក​ទទួល​ឡើយ។

ខណៈដំណើ​រលើ​វិស័យ​សិល្បៈ​ចម្រៀង​ក៏​កាន់តែ​លេចធ្លោ​នៅ​ទ្រនំ​ហង្ស​មាស ជាពិសេស​ការ​ស្រូប​យក​ប្រជាប្រិយ​ពី​មិត្ត​អ្នក​គាំទ្រ​ជា​យុវវ័យ​នោះ ក៏​ធ្លាប់​រង​ព្រនង់​ពាក្យ​រិះគន់​ពី​មហាជន​ដែរ​ពេល​ច្រៀង​បទ «Shape of you» ដោយ​គេ​ថា នាង​ច្រៀង​មិន​សូវ​ច្បាស់​បែប​បន្លំៗ​ស្ដាប់​មិន​បាន។

តែ​តារាចម្រៀង​ស្រី​កាន់តែ​ស្រស់​ផូរផង់ កាន់តែ​ស្រូប​បាន​ទីផ្សារ​សិល្បៈ​ច្រើន​រូបនេះ ហាក់​ដូចជា​មិន​បាន​អាក់​អន់​ស្រពន់​ចិត្ត​នឹង​ការ​រិះគន់​ឡើយ ដោយ​នាង​បាន​ប្រាប់ ភ្នំពេញ​ប៉ុស្តិ៍​ថា៖ «នាង​ខ្ញុំ​មិន​បាន​ខឹង​សម្បា ឬ​អន់​ចិត្ត​នឹង​បងប្អូន​ជា​មហាជន​គាំទ្រ​ឡើយ។ ផ្ទុយ​ទៅ​វិញ​នាង​ខ្ញុំ​មាន​តែ​អរគុណ​ពួក​គាត់​ចំពោះ​ការ​បញ្ចេញ​នូវ​មតិ​យោបល់​ទាំង​អស់​នោះ ព្រោះ​ថា​នេះ​ក៏​អាច​រាប់​ទុក​ថា​ជា​បទពិសោធ​ដំបូង​មួយ​ថ្មី​ទៀត​សម្រាប់​រូប​នាង​ខ្ញុំ​ផង​ដែរ ព្រោះ​វា​គឺ​ជា​បទ​ចម្រៀង​ថ្មី​របស់​ខ្ញុំ»៕