ភ្នំពេញ៖ បន្ទាប់​ពី​បាត់​មុខ​ស្ងាត់​​មួយ​រយៈ​ក្នុង​​​សិល្បៈ​​​​ តារា​សម្តែង​ស្រី​សិច​ស៊ី​ ចូលចិត្ត​លែង​ល្វែង​​លើ​ទាក់​ក្រសែ​ភ្នែក​បុរសៗ​មើល​ភ្លឹក​ កញ្ញា វ៉ាន់ វល័ក្ខ ស្រាប់​តែ​បង្ហើរ​សារ​បង្ហាញ​ពី​អារម្មណ៍​មិន​ពេញ​ចិត្ត និង​ពន្លះ​​​មនុស្ស​ប្រុស​ម្នាក់​ដែល​ចូល​ចិត្ត​ដឹង​រឿង​ផ្ទាល់​ខ្លួន​នាង​តាម​​សង្គម​ហ្វេសប៊ុក​ ​​ដោយ​​បញ្ចេញ​ចរិត​ហ្ស៊ីន​តែ​ម្តង​​។​

នៅ​ក្នុង​អត្ថន័យ​សារ​នោះ​ កញ្ញា វ៉ាន់ វល័ក្ខ​ ក៏​បាន​​បង្ហោះសារ​ពន្លះ​ភ្លាមៗ​​​​ថា​៖ «​មនុស្ស​ប្រុស​​ដែល​​ស្តី​ថា​ឲ្យ​ខ្ញុំ​បាន ​មាន​តែ​អាណា​​ព្យាបាល​ខ្ញុំ​តែ​​ប៉ុណ្ណោះ​ មនុស្ស​ប្រុស​ផ្សេង​មិន​ថា ​អ្នក​ស្គាល់​ខ្ញុំ​​ក្នុង​នាម​ជា​អ្វី​ក៏​​ដោយ ​​គឺ​គ្មាន​សិទ្ធិ​មក​ថា​​ឲ្យ​​ខ្ញុំ​​បាន​​​ឡើយ​​នេះ​ជា​ចរិត​​ខ្ញុំ​»​។

តារា​ស្រី​សាច់​ស​ខ្ចី​ រាង​ស្រឡូន ក៏​​​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​បន្ថែម​​ថា​៖ ​«​វា​ទាក់ទង​ជាមួយ​ការងារ​រក​​ស៊ី​​តិច​តួច​ ធម្មតា​​ទេ​ យើង​​ជា​មនុស្ស​ស្រី ​ហើយ​ក៏​នៅ​​ក្មេង​ខ្ចី​​ចំពោះ​ការ​រក​ស៊ី​ ដូច្នេះ​ហើយ​ការងារ​​យើង​​តែង​តែ​ប៉ះពាល់​​គ្នា​ទៅ​វិញ​ទៅ​មក​ហើយ។​​ ខ្ញុំ​​ក៏​ប្រកាន់​គោល​ជំហរ​ខ្ញុំ​​ បើ​និយាយ​ជាមួយ​ខ្ញុំ​ស្រួល​ ខ្ញុំ​ស្តាប់​ បើ​មក​និយាយ​​ក្នុង​​ន័យ​បញ្ជា​​ក្បាល​ខ្ញុំ​អត់​បាន​​ទេ ព្រោះ​ខ្ញុំ​​យក​លុយ​​ខ្ញុំ​​មក​ធ្វើ​​ មិន​​​បាន​យក​លុយ​អ្នក​ណា​មក​ធ្វើ​ទេ​​ ហើយ​​មនុស្ស​​ប្រុស​ដែល​​អាច​និយាយ​ថា​ឲ្យ​​ខ្ញុំ​​បាន​​មាន​​​តែ​អ្នក​មាន​គុណ​ខ្ញុំ​តែ​ប៉ុណ្ណោះ​​​។ បញ្ហា​ដែល​កើត​​​ឡើង​វា​ពាក់ព័ន្ធ​ជា​មួយ​អាជីវកម្ម ​ដែល​ខ្ញុំ​កំពុង​តែ​ធ្វើ​តែ​​ម្តង​ គេ​ឃើញ​យើង​ក្មេង​ គេ​និយាយ​មិន​ធ្ងន់​អី​ប៉ុន្មាន​​ទេ តែ​ចូល​ក្នុង​​ន័យ​ចង់​បញ្ជា​ក្បាល​យើង​ ចង់​ឲ្យ​​យើង​ស្តាប់​គេ​ ហើយ​ខ្ញុំ​ក៏​ផូស្ត​ចោល​ទៅ​ បើ​អ្នក​ណា​មាន​ខ្លួន​ក៏​យក​​ទៅ​ចុះ​ ខ្ញុំ​ក៏​សុំ​មិន​បង្ហើប​ថា​ជា​​​អ្នក​ណា​ដែរ​»​។

តារា​សម្តែង​ស្រី​ល្បី​ខាង​តួ​ឆ្នាស់​ឆ្នើម ​កញ្ញា​ វ៉ាន់ វល័ក្ខ​ ក៏​ប្រាប់​ឲ្យ​ដឹង​តម្រុយ​​ពី​ការ​បើក​​អាជីវកម្ម​ផង​ដែរ​​​​ថា​ ​ចំពោះ​​​អាជីវកម្ម​ដែល​​តារា​សិចស៊ី​រូប​នេះ​​ត្រៀម​​​បើក​ដំណើរការ​ខាង​មុខ​នេះ​ ​ក៏​បាន​បង្ហើប​ដែរ​ថា​ ជា​លក្ខណៈ​បាងហ្គាឡូ​​ មាន​ទីតាំង​នៅ​ជាយ​រាជធានី​ភ្នំពេញ​ ​បាន​សាង​​សង់​ជិត ​៥០ ភាគរយ​ហើយ​​ដែរ​ ក៏​ប៉ុន្តែ​នៅ​​មិន​ទាន់​អាច​​កំណត់​​​ពេល​ណា​នឹង​​​បើក​សម្ពោធ​នោះ​ដែរ​។​

រយៈពេល​កន្លះ​ឆ្នាំ​ដែល វ៉ាន់ វល័ក្ខ​ ​បាត់​មុខ​ពី​សិល្បៈ​បន្ទាប់​ពី​ថត​បញ្ចប់​កុន​ភាគ​ហង្សមាស​​រឿង​ «កូន​ពស់​កេងកង»​ និង​រឿង «​​កន្ទោង​ខៀវ»​ ​​​ឬ​​ថត ​MV​ ផ្សេងៗ។​

កញ្ញា វ៉ាន់​ វល័ក្ខ​ បង្ហើប​​ថា​៖​ «​​ពេល​នេះ​ខ្ញុំ​បាន​ចាប់​ផ្តើម​ទទួល​ការងារ​ក្នុង​សិល្បៈ​វិញ​ហើយ​ ព្រោះ​ ​Business ​ខ្ញុំ​ក៏​​ដំណើរការ​​ហើយ។ តែ​ក៏​បាន​​ត្រឹម​តែ​សង្ឃឹម​ថា​​ Business នេះ​​អាច​​ចិញ្ចឹម​​ខ្លួន​បាន​​មួយ​​រស់ៗ​ប៉ុណ្ណោះ។​​ យ៉ាង​ណា​ក៏​​មាន​ការងារ​​​ និង​មុខ​​របរ​​ផ្សេង​ទៀត​ទប់​ដែរ​ គ្រាន់​តែ​មុខ​របរ​រក​​ស៊ី​​​ខ្លះ​ ខ្ញុំ​មិន​អាច​បង្ហើប​ប្រាប់​បាន​ ព្រោះ​វា​មាន​​ការ​ប្រកួត​ប្រជែង​​ខ្លាំង​»៕