ភ្នំពេញៈ ក្រោយពី​ឃើញ​រៀមច្បង​មាន​ការខំប្រឹងប្រែង​យ៉ាង​ខ្លាំង​សម្រាប់​ភារកិច្ច​ដ៏ធំ​ដែល​ជា​តំណាង​ឲ្យ​ជាតិ​ខ្លួន ទើប​អាច​សម្រេច​ផល​ល្អ​នៅក្នុង​ឆាក​ប្រកួតប្រជែង​បវរកញ្ញា​ពិភពលោក​បាន​នោះ នាពេល​ថ្មីៗ​នេះ​យុវតី សំណាង អេលីណា ជា​ម្ចាស់​ពាន​ថ្មី​នៃ​បវរកញ្ញា​ចក្កវាឡ​កម្ពុជា​ឆ្នាំ​ ២០១៩ ក៏​បង្ហាញ​ពី​ការតាំង​ចិត្ត​ខ្ពស់ និង​មាន​ឆន្ទៈ​ចង់​បាន​មកុដ​ពិភពលោក​នៅក្នុង​ការប្រកួត​កញ្ញាឯក​ចក្កវាឡ​ពិភពលោក​ឆ្នាំ​នេះ​ផង​ដែរ​។

កញ្ញា សំណាង អេលីណា មាន​ស្រុកកំណើត​នៅ​រាជធានី​ភ្នំពេញ​ដោយ​បច្ចុប្បន្ន​គឺជា​និស្សិត​ឆ្នាំ​ទី​១ ចាប់​យក​ជំនាញ​រៀន​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​នៅ​សាកលវិទ្យាល័យ​បញ្ញាសាស្ត្រ​ដែល​បាន​បន្ត​ភារៈ​ពី​កញ្ញា រឿន ណាត អតីត​ជា​កញ្ញាឯក​ចក្កវាឡ​ឆ្នាំ​ ២០១៨ ដោយ​បាន​ក្លាយ​ជា​កញ្ញាឯក​ចក្កវាឡ​កម្ពុជា​ឆ្នាំ​ ២០១៩ ក្រោយពី​ឆ្លង​ការប្រកួតប្រជែង​ឈ្នះ​បេក្ខនារី​ជាច្រើន​រូប​មក​នោះ​ក៏​ព្រោះ​តែ​មាន​ភាព​លេចធ្លោ​ជាង​គេ​ផ្នែក​ចំណេះដឹង​ទូទៅ និង​មាន​សមត្ថភាព​លើ​ភាសាបរទេស​ល្អ​ផង​ដែរ​។

នេះ​បើ​តាម​លោក ម៉ែន និមលរ័តន៍ ជា​ប្រធាន​ប្រតិបតិ្ត​នៃ​អឹរ៉ាយស៍​អេជេនស៊ី (Arise Agency) ខាង​ផ្នែក​បណ្តុះបណ្តាល និង​បញ្ជូន​បេក្ខភាព​កញ្ញាឯក​ប្រចាំ​ឆ្នាំ​បាន​បង្ហើប​ប្រាប់​ឲ្យ​ភ្នំពេញ​ប៉ុស្តិ៍​ដឹង​នាពេល​ថ្មីៗ​នេះ​។

លោក ម៉ែន និមលរ័តន៍ ក៏​បង្ហើប​ឲ្យ​ដឹង​អំពី​ចំណុច​ល្អ និង​ចំណុច​ខ្វះខាត​ដែល​ត្រូវ​បន្ថែម​សម្រាប់​កញ្ញាឯក​ចក្កវាឡ​ប្រចាំ​ឆ្នាំ​ ២០១៩ សម្រាប់​តំណាង​ប្រទេស​កម្ពុជា គឺ​កញ្ញា សំណាង អេលីណា ដើម្បី​ជា​ការ​ត្រៀម​ខ្លួន​ឲ្យ​បាន​ល្អ សម្រាប់​ការប្រកួត​បវរកញ្ញា​ចក្កវាឡ​ពិភពលោក​ដែល​នឹង​ប្រារព្ធ​ធ្វើ​នៅ​ចុង​ឆ្នាំ​នេះ​ថា​៖ «​ជាការ​ពិត​នោះ អេលីណា នាង​គឺជា​ក្មេងស្រី​មាន​ភាពឈ្លាសវៃ​លើ​ផ្នែក​ចំណេះដឹង​ទូទៅ​ផង និង​មាន​សមត្ថភាព​ផ្នែក​ភាសា​អង់គ្លេស​ផង​។ តែ​សម្រាប់​បេក្ខភាព​ជា​កញ្ញាឯក​ត្រូវ​មាន​ភារកិច្ច​ជា​តំណាង​ប្រទេស​នីមួយៗ មិនមែន​មាន​ប៉ុណ្ណេះ​គឺ​នៅ​មិន​ទាន់​គ្រប់គ្រាន់​នោះ​ឡើយ​។

ជាក់ស្តែង អេលីណា គាត់​ត្រូវ​បន្ថែម​ចំណុច​ខ្វះខាត​មួយ​ចំនួន​ដែរ ដូចជា​គាត់​ត្រូវ​មាន​កាលវិភាគ​ហាត់ប្រាណ ថែទាំ​សុខភាព​ឲ្យ​បាន​ល្អ និង​បង្កើន​គីឡូ​ឲ្យ​មាន​សាច់​ជាង​នេះ​បន្តិច​ទើប​សម​។ ក្រៅពី​នេះ​គាត់​ត្រូវ​ហ្វឹកហាត់​ជំនាញ​ដើរ​ម៉ូដ រៀន​រាំ ឬ​សិល្បៈ​សម្តែង​នានា និង​រៀន​បន្ថែម​ពី​ចំណេះដឹង​សង្គម​ឲ្យ​ទូលំទូលាយ​ផង​ដែរ ទើប​បាន​ជា​ការ​ដ៏ល្អ​ប្រពៃ​»​។

ប្រធាន​ប្រតិបតិ្ត​នៃ​អឹរ៉ាយស៍អេជេនស៊ី លោក ម៉ែន និមលរ័តន៍ បន្ត​ថា​៖ «​ពេល​នេះ អេលីណា កំពុង​តែ​ខិតខំ​យ៉ាង​ខ្លាំង​សម្រាប់​កិច្ចការ​ទាំងនេះ ហើយ​នាង​ក៏​មាន​ឆន្ទៈ​ចង់​បាន​មកុដ​ពិភពលោក​ជូន​ជាតិ​ខ្មែរយើង​ផង​ដែរ​នៅ​លើក​នេះ​»៕