ក្រុងថងជី៖ អាជីពរបស់លោក អ៊ុង ចម្លែកណាស់! តាំងពីអាយុ ៩ ឆ្នាំ លោកត្រូវធាក់ដោលដី ដៃម្ខាងតោងដែក និងម្ខាងទៀតរុញកន្ត្រកវិល គ្មានម៉ាស៊ីន ដែលដំណើរការកម្លាំងមនុស្សសុទ្ធសាធ។
ផ្កាភ្លើងកាំជ្រួចប្រសាចលើអាកាស ដែលមានវត្តមានបាឡុងហោះក្បែរនោះ ជាទិដ្ឋភាពសប្បាយបែបភ័យអរ ខណៈដែលហ្វូងមនុស្សកំពុងរីករាយនឹងពិធីបុណ្យប្រចាំឆ្នាំនៅទីក្រុងថងជី នៃរដ្ឋសាន ប្រទេស មីយ៉ាន់ម៉ា។
ខណៈដែលសូរតន្ត្រីបន្លឺឡើងសឹងបែកត្រចៀក យុវជនក្មេងៗមួយក្រុមបានទាក់ទាញចំណាប់អារម្មណ៍អ្នកដើរកាត់កន្ត្រកវិល ដោយពួកគេកំពុងប្រើកម្លាំងកាយមនុស្សបង្វិលកងយក្ស ស្វាគមន៍ភ្ញៀវឡើងជិះបំពេញកន្ត្រកម្ដងមួយៗ។
យុវជន អ៊ុង ស៊ីនភ្យូ អាយុ ២០ ឆ្នាំ បានបន្លឺស្នូរកញ្ចែ ជាសញ្ញាហៅគ្នីគ្នាតោងឡើងកងបង្វិលកម្ពស់ ២០ ម៉ែត្រ។
ខណៈអ្នកជិះកន្ត្រករីករាយនឹងពន្លឺភ្លើងពណ៌ អ៊ុង និងក្រុមការងារត្រូវតោងចម្រឹងដែក ហើយបន្តរុញកន្ត្រកនីមួយៗ បង្កើនចលនារង្វិលជុំ។
ខណៈដែលកងចាប់ផ្ដើមវិលជក់ ពួកគេធ្វើកិច្ចការជាក្រុមយ៉ាងស៊ីចង្វាក់គ្នា មុននឹងតោងចុះមកដីវិញ នៅពេលភ្ញៀវបញ្ចប់ម៉ោងជិះកន្ត្រក។
ឆ្លៀតពេលសម្រាកពីការងារ អ៊ុង បាននិយាយថា៖ «ខ្ញុំធ្វើជាអ្នកបង្វិលកងកន្ត្រកវិល តាំងពីអាយុ ៩ ឆ្នាំ»។
លោកបន្តថា៖ «ឪពុកម្ដាយខ្ញុំមិនឲ្យខ្ញុំធ្វើអ្វីគ្រោះថ្នាក់អ៊ីចឹងទេ តែខ្ញុំលួចលាក់ធ្វើកិច្ចការនេះរហូតមក»។
អ៊ុង ស្ថិតក្នុងចំណោមយុវជនមីយ៉ាន់ម៉ារាប់រយនាក់ ដែលរកកម្រៃពីការបញ្ចេញពលកម្មរុញកងកន្ត្រកវិល នៅតាមកម្មវិធីបុណ្យនានា ទូទាំងប្រទេស។
ក្រុមរបស់ អ៊ុង មានសមាជិក ១៥ នាក់ ដែលនាំគ្នាធ្វើដំណើរគ្រប់ច្រកល្ហក រយៈពេល ៩ ខែ ក្នុងមួយឆ្នាំ ដើម្បីប្រើកម្លាំងផ្ដល់ការកម្សាន្តដល់អ្នកនិយមជិះកន្ត្រកវិល។ ដោយមិនមានថ្ងៃឈប់សម្រាកសោះ អ៊ុង អាចរកប្រាក់បានចន្លោះពី ៧០ ទៅ ១០០ ដុល្លារ ក្នុងមួយខែ មុនពេលសម្រាកត្រឡប់ទៅផ្ទះនារដូវវស្សា។
អ៊ុង បាននិយាយថា៖ «យើងមានក្រុមការងារសាមគ្គីគ្នាណាស់ ហើយជួនកាលយើងញោះស្រីៗ ដែលមកជិះកន្ត្រកវិល ធ្វើឲ្យពួកគេស្រែកចាច។ តែយើងក៏ជួយពួកនាងចុះពីកន្ត្រកទាំងរីករាយផងដែរ»។
អ៊ុង គ្មានវិប្បដិសារីនឹងការបោះបង់ការសិក្សា ទៅចាប់យកអាជីពបង្វិលកងកន្ត្រកនេះទេ តែលោកសារភាពថា ពេលខ្លះនឹកក្រុមគ្រួសារនៅឆ្ងាយពីខ្លួន។
យ៉ាងណាក្ដី អ៊ុង បញ្ជាក់ថា៖ «ខ្ញុំមានជីវិតប្លែកខុសគេ ហើយខ្ញុំនឹងបន្តធ្វើជាអ្នករុញបង្វិលកន្ត្រកយូរអង្វែងទៀត ព្រោះខ្ញុំចេះតែប៉ុនហ្នឹង»៕ AFP