ភ្នំពេញ៖ កម្មវិធី​ពិព័រណ៍​សៀវភៅ​កម្ពុជា​លើក​ទី ៨ នឹង​មាន​ស្តង់​ចំនួន​ប្រមាណ​ជា ១៤០ ស្តង់ សម្រាប់​ត្រៀម​​ដាក់​តាំង​បង្ហាញ​សៀវភៅ​នានា ដែល​នាំ​មក​ពី​បណ្តា​គ្រឹះស្ថាន​បោះពុម្ភ​ជាង ៨០០ ធ្វើ​នៅ​បរិវេណ​នៃ​បណ្ណាល័យជាតិ មាន​រយៈពេល ៣ ថ្ងៃ ​គឺ​ចាប់​ថ្ងៃទី ១៣-១៥ ខែ ធ្នូ ឆ្នាំ ២០១៩ នា​ចុង​សប្តាហ៍​នេះ។

សម្រាប់​កម្មវិធី​ពិព័រណ៍​សៀវភៅ​ដែល​តែង​ប្រារព្ធ​ធ្វើ​ឡើង​ជា​រៀង​រាល់​ឆ្នាំ ខណៈ​ការ​ប្រារព្ធ​លើក​ដំបូង​កាល​ពី​ឆ្នាំ ២០១១ ហើយ​មាន​អ្នក​ចូលរួម​តិច និង​ចំនួន​ស្តង់​តាំង​សៀវភៅ​ក៏​តិចតួច​នោះ តែ​ឥឡូវ​នេះកំពុង​តែ​ទាក់ទាញ​ចំណាប់​អារម្មណ៍​ទាំង​អ្នក​ចូលរួម​ពី​បណ្តា​គ្រឹះស្ថាន​បោះពុម្ព ក៏​ដូច​ក្រុមហ៊ុន​​ស្ពនស័រ កាន់​តែ​ច្រើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ដោយ​គួរ​ឲ្យ​កត់​សម្គាល់​នៅ​​ឆ្នាំ​នេះ​មាន​ប្រធានបទ​ថា «ផ្តើម​ក្តី​ស្រមៃ​​ដៃ​កាន់​សៀវភៅ»។

លោកស្រី ខ្លូត វិបុលឡា ប្រធាន​បណ្ណាល័យ​ជាតិ​កម្ពុជា​បង្ហើប​ឲ្យ​ដឹង​ពី​ភាព​ប្រែប្រួល​នៃ​ការ​រៀបចំ​ពិព័រណ៍​សៀវភៅ​កម្ពុជា​​លើក ៨ ក្នុង​ឆ្នាំ​នេះ​​ថា៖ «ចំពោះ​ការ​រៀបចំ ​គឺ​នៅ​តែ​មាន​របៀបវារៈ​​ដូច​ឆ្នាំ​មុន តែ​អ្វី​ដែល​ប្រែប្រួល ​គឺ​សកម្មភាព​រៀបចំ។ ឆ្នាំ​នេះ​យើង​មាន​ការ​ភ្ញាក់​ផ្អើល​ខ្លាំង ដោយសារ​មាន​បណ្តា​គ្រឹះស្ថាន​បោះពុម្ព​ជាច្រើន​មាន​ប្រមាណ​ជាង ៨០០ គ្រឹះស្ថាន បាន​ទំនាក់​ទំនង​ដាក់​ស្តង់ (Booth) តែ​យើង​អាច​មាន​កន្លែង​ដាក់​អស់​លទ្ធភាព ដោយ​ការ​ស្នើ​ទៅ​កាន់​សាលាក្រុង ដើម្បី​សុំ​ទីតាំង​ខាង​ក្រៅ​បន្ថែម​សម្រាប់​ចំនួន​ស្តង់​ប្រមាណ ១៤០ ស្តង់ ព្រោះ​បរិវេណ​បណ្ណាល័យ​ជាតិ​យើង​​មាន​ទំហំ​តូច»។

ដោយសារ​មាន​ការ​យល់​ដឹង​អំពី​សារៈសំខាន់​នៃ​ការ​អាន​សៀវភៅ ​និង​ការ​រៀបចំ​ពិធី​ពិព័រណ៍​សៀវភៅ​កម្ពុជា នា​ពេល​កន្លង​មក ​ប្រកប​ដោយ​ការ​សហការ​ផ្សព្វផ្សាយ​បាន​ទូលំទូលាយ​នោះ​ទើប​គេ​សង្កេត​ឃើញ​សម្ទុះ​នៃ​ក្រុម​សិស្ស និស្សិត ភ្ញៀវជាតិ និង​ភ្ញៀវ​អន្តរជាតិ មាន​ការ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់ ខណៈ​ចំនួន​អ្នក​ចូលរួម​កាល​ពី​ឆ្នាំ ២០១៨ មាន​ចំនួន ១៣ ម៉ឺន​នាក់ ហើយ​កាល​ពី​ឆ្នាំ ​២០១៧ មាន​អ្នក​ចូលរួម​សរុប​រយៈពេល ៣ ថ្ងៃ មាន​ចំនួន ៥១ ០០០ នាក់។

ក្រុម​សិស្សានុសិស្ស​ចូល​រួម​កម្ម​វិធីពិព័រណ៍​សៀវភៅ​កម្ពុជា​កន្លង​មក​។ ហុង មិនា

កាន់​តែ​ពិសេស​ទៅ​ទៀត​នោះ ក្នុង​ឆ្នាំ ​២០១៩ នេះ សង្កេត​ឃើញ​ថា ការ​បន្ថែម​កម្មវិធី​ទាក់ទាញ​ចំណាប់​អារម្មណ៍​​កុមារ ក៏​ដូចជា​យុវវ័យ ពី​សំណាក់ ក្រុម​អ្នក​រៀបចំ​ដែល​ជា ក្រុម​អ្នក​ស្ម័គ្រ​ចិត្ត​មាន​ចំនួន​ប្រមាណ ២០០ នាក់ ​បាន​អញ្ជើញ​ក្រុម​សិល្បករ-សិល្បការិនី​ល្បីៗ ពី​សំណាក់​ក្រុម​យុវវ័យ​ផង​ដែរ រួមមាន​​ដូច​ជា​ក្រុម​សិល្បៈ​ប្រុស Ninja-Top ក្រុម​សិល្បៈ​ស្រី OMG ក្រុម​តន្រ្តីករ Mustache Band តារា​ចម្រៀង​ស្រី​កញ្ញា ចិត្ត កញ្ចនា តារា​ចម្រៀង​កញ្ញា Chii Vitt កញ្ញា Gabbie Elle និង​លោក Ting Tong ជា​ដើម។

លោកស្រី ខ្លូត វិបុលឡា បញ្ជាក់​ថា៖ «ដោយសារ​តែ​គោលដៅ​របស់​យើង​ចង់​ឲ្យ​កុមារ និង​យុវវ័យ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​លើ​ការ​អាន​សៀវភៅ ឬ​ស្វែង​យល់​ពី​សារៈសំខាន់​នៃ​ការ​អាន​សៀវភៅ ទើប​បាន​​ខិតខំ​រក​កម្មវិធី​កម្សាន្ត​ប្លែកៗ ដើម​ទាក់ទាក់​ចំណាប់​អារម្មណ៍​ពួក​គាត់»។

កម្មវិធី​ពិព័រណ៍​សៀវភៅ​កម្ពុជា​លើក​ទី ៨ ប្រព្រឹត្ត​ឡើង​ចាប់​ពី​ថ្ងៃទី ១៣ ដល់​ថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ​២០១៩​ ក្រោម​ប្រធានបទ «ផ្តើម​ក្តី​ស្រមៃ ដៃ​កាន់​សៀវភៅ» នេះ​ ក៏​មាន​ការ​ដាក់​លក់​សៀវភៅ​ច្រើន​ប្រភេទ​ជា​ជម្រើស​សម្រាប់​អ្នក​ទស្សនា​តាម​ស្តង់​ និង​មាន​ការ​ចែកជូន​សៀវភៅ​​ឥត​គិត​ថ្លៃ ដែល​ជា​ការ​ផ្តល់​ជូន​ពី​សំណាក់​ថ្នាក់​ដឹកនាំ​កំពូល ​គឺ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ផង​ដែរ។

ប្រធាន​បណ្ណាល័យ​ជាតិ​កម្ពុជា លោកស្រី ខ្លូត វិបុលឡា បន្ថែម​ថា៖ ​«ឆ្នាំ​នេះ​យើង​ក៏​ទទួល​បាន​ការ​ផ្តល់​ជូន​នូវ​សៀវភៅ​អាន ជា​ភាសា​ខ្មែរ​ចំនួន ៤ ម៉ឺន​ក្បាល ពី​សម្តេច​នាយក​រដ្ឋមន្រ្តី​រួច​ហើយ ដើម្បី​ចែក​ជូន​ដល់​សិស្សានុសិស្ស​ និង​អ្នក​ទស្សនា ដោយ​សៀវភៅ​ទាំង​នោះ​ គឺ​ជា​សៀវភៅ​កម្រង​ច្បាប់​ទំនៀម​ទម្លាប់​ប្រពៃណី​របស់​លោក​តា​ ក្រម ង៉ុយ និង​ច្បាប់​ស្រី​ហិតោបរទេស របស់​បណ្ឌិត​ប៉ាង ខាត់ ជាដើម​។ លើស​​ពី​នេះ​នៅ​តាម​ស្តង់​នានា​ក៏​មាន​ការ​លក់​សៀវភៅ ដែល​មាន​ការ​បញ្ចុះ​តម្លៃ​ពិសេស​ចន្លោះ​ពី​ ២០ % ទៅ​ដល់ ៧០ ​% ឯណោះ»៕