ភ្នំពេញ៖ មហោស្រពសិល្បៈជាតិឆ្នាំនេះ នឹងផ្តោតសំខាន់លើប្រធានបទសិល្បៈចម្លាក់ស្បែក ដែលនឹងប្រារព្ធធ្វើនៅថ្ងៃទី ១៤-១៦ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ខាងមុខនេះ នៅឯបណ្ណាល័យជាតិ ខណៈសាធារណជនអាចចូលរួមទស្សនាដោយសេរី។ មហោស្រពនេះ បានចាប់ផ្តើមធ្វើតាំងពីឆ្នាំ ២០០០ មក និងមានការផ្លាស់ប្តូរប្រធានបទជារៀងរាល់ឆ្នាំ។
ការផ្តោតសំខាន់លើប្រធានបទនៃចម្លាក់ស្បែក (ព្រះរាមថ្លែងសរ) នៃមហោស្រពឆ្នាំនេះ ត្រូវបានលោក ឈឹម សុធី ជាប្រធាននាយកដ្ឋានសិល្បៈសូនរូប និងសិប្បកម្មនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាវិចិត្រករជើងចាស់ ដែលបានបង្កើតស្នាដៃវិចិត្រកម្មយ៉ាងច្រើនជិត ២០ ឆ្នាំមកហើយនេះ បានឲ្យដឹងថា៖ «ព្រោះតែចង់ឲ្យមានឱកាសនៃការបង្ហាញសិល្បៈខ្មែរគ្រប់ទម្រង់ និងចង់ផ្សព្វផ្សាយពីមុខងារនានានៃសិល្បៈទាំងឡាយ (ទាំងជាសិល្បៈសូនរូប និងវិចិត្រកម្មសិល្បៈ) ដល់សាធារណជនបានស្គាល់។ ឆ្នាំនេះយើងផ្តោតលើសិល្បៈចម្លាក់ស្បែក ដោយតម្រូវឲ្យសិល្បករជំនាញចម្លាក់ស្បែកពីគ្រប់ទីនានានៃប្រទេស កម្ពុជា ឲ្យតែចេះឆ្លាក់ចម្លាក់ស្បែកនេះ គឺអាចយកស្នាដៃខ្លួនមកដាក់ប្រកួតបាន។ ការប្រកួត នឹងចម្រាញ់យកស្នាដៃល្អប្រណីតជយលាភីចំនួន ៣ គឺចំណាត់ថ្នាក់លេខ ១ ដល់លេខ ៣»។
លោក ឈឹម សុធី បានបន្តថា៖ «ជយលាភីលេខ ១ នឹងទទួលបានប្រាក់រង្វាន់ ៣ លាន រៀល លេខ ២ បាន ២,៥ លាន រៀល និងលេខ ៣ បាន ២ លានរៀល អមដោយប័ណ្ណជយលាភីមួយដែរ។ ឯស្នាដៃ ដែលមិនជាប់ជយលាភីនោះ ក៏បានប្រាក់រង្វាន់លើកទឹកចិត្តចំនួន ១,៥ លានរៀល អមប័ណ្ណសរសើរ ១។ ស្នាដៃជយលាភីទាំង ៣ នោះ នឹងត្រូវរក្សាទុកសម្រាប់ដាក់តាំងផ្សាយនៅក្នុងពិព័រណ៍ចម្លាក់ស្បែកទាំងថ្នាក់ជាតិ និងអន្តរជាតិ។ ម្យ៉ាងទៀតស្នាដៃនេះ ក៏ត្រូវយកទៅឲ្យសិល្បករសម្តែងនៅលើឆាក នាឱកាសធ្វើមហោស្រពនេះ។ នារយៈពេល ៣ ថ្ងៃនោះ ក៏នឹងមានការបង្ហាញពីទម្រង់សិល្បៈផ្សេងៗទៀតផងដែរ»។
លក្ខខណ្ឌសម្រាប់សិល្បករប្រកួតស្នាដៃចម្លាក់ស្បែក ត្រូវមានទំហំកំណត់ស្រាប់នេះគឺ ទទឹង ៩២ សង់ទីម៉ែត្រ x កម្ពស់ ១៣០ សង់ទីម៉ែត្រ និងការទទួលស្នាដៃបេក្ខជនបន្តរហូតថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០១៩ នេះ នៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ចំពោះសិល្បករ សិល្បករ ដែលចង់នាំយកស្នាដៃសិល្បៈ និងសិប្បកម្មដាក់តាំងបង្ហាញនោះ ត្រូវរួសរាន់យកមកដាក់តាំងឲ្យបានមុនថ្ងៃប្រារព្ធកម្មវិធីគឺត្រឹមថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០១៩។
ចំពោះវិធីធ្វើចម្លាក់ស្បែកនេះវិញ គឺត្រូវការពេលយូរផងដែរ ទើបអាចសម្រេច នេះបើតាមការបង្ហើបពីលោក ញឹក សេរីរតនា បច្ចុប្បន្នវ័យ ៤៤ ឆ្នាំ ដែលជាម្ចាស់មណ្ឌលសិល្បៈខ្មែរចម្លាក់ស្បែក (Khmer Art Leather Carving-Little Angels) និងជាគ្រូបង្រៀនចម្លាក់ស្បែក ធ្លាប់មានប្រវត្តិជាក្មេងដើររើសអេតចាយលក់ កំព្រាឪពុកម្តាយពីវ័យ ៩ ឆ្នាំ និងបានបន្តរស់ជាមួយជីដូនចាស់ជរារហូតបានរៀនសូត្រជំនាញសិល្បៈចម្លាក់ខ្មែរកាលពីវ័យ ១៥ ឆ្នាំ នៅសៀមរាប។
លោក ញឹក សេរីរតនា ប្រាប់អំពីរបៀបធ្វើចម្លាក់ស្បែកនេះថា៖ «ដំបូងគឺយើងត្រូវតែយកស្បែកស្រស់ៗពីទីពិឃាតសត្វមិនទាន់ហួសពេល ១២ ម៉ោង (បើលើស ១២ ម៉ោង វានឹងខូចគុណភាពស្បែក) និងត្រូវយកទៅចៀរសាច់ កោសឈាមចេញឲ្យស្អាត ហើយចងដោតហាលថ្ងៃ។ ការហាលវិញ គឺប្រើពេល ១ អាទិត្យ ខណៈរក្សាទុកក្នុងឃ្លាំងរយៈពេល ៣ ខែ និងរងាប់ក្លិនវា ដោយប្រើវិធីសាស្រ្តបុរាណប្រើទឹកចំណាំងសម្បករុក្ខជាតិណា ដែលមានជាតិចត់ដូចជាក្រឡាញ់ កណ្តោល ល្ងៀង ឬត្រសេក ដើម្បីបង្ខះវាខណៈរុក្ខជាតិដែលសម្បូរច្រើនជាង គឺដើមកណ្តោល។ ក្រោយពីនេះ ទើបអាចយកមកច្នៃ ឬឆ្លាក់ជាគ្រឿងសិល្បៈនានាបានទៅតាមទំហំ ដែលត្រូវប្រើពេលវេលាយូរ ឬឆាប់អាស្រ័យលើក្បាច់ក្បូរនៃចម្លាក់»៕