ភ្នំពេញៈ ខណៈដែលចំណីសោតឥន្ទ្រិយារម្មណ៍ប្រិយមិត្តអ្នកស្តាប់តាមរយៈបទចម្រៀងថ្មីមានចំណងជើងថា «កុំថាខ្ញុំស្រីចាស់» ជាន័យចាក់ដោតអារម្មណ៍ពិតដល់នារីៗនៅលីវវ័យជ្រេពុំទាន់សាបរលាបផង ស្រាប់តែម្ចាស់សំណេរបទនេះ ក៏លេចចេញនូវភាពល្បីមួយទៀតនៅលើសំណេរកំណាព្យ គួរឲ្យកោតសរសើរ។
កញ្ញា លឹម ផាន់ណា កវីស្រី ដែលមានស្នាដៃលើការនិពន្ធប្រលោមលោកខ្លី កំណាព្យ និងទំនុកច្រៀងនានាជាច្រើន តែទើបផុសចំណាប់អារម្មណ៍ខ្លាំងនឹងទំនុកច្រៀងក្នុងបទចម្រៀង «កុំថាខ្ញុំស្រីចាស់» ច្រៀងដោយតារាចម្រៀងស្រីកញ្ញា គង់ ចាន់រដ្ឋា នៅផលិតកម្ម Seven Production ចេញពីខែមិថុនា ឆ្នាំ ២០១៨ កន្លងមកនោះ បានឈ្នះពានជយលាភីលេខ ២ លើផ្នែកកំណាព្យរឿងនៃកម្មវិធីប្រកួតតែងនិពន្ធប្រលោមលោក និងកំណាព្យរឿងឆ្នាំ ២០១៨ ឬជាពានរង្វាន់លោកលី ធាមតេងឆ្នាំ ២០១៨ នេះ។
ម្ចាស់នៃទំនុកច្រៀងបទចម្រៀងកំពុងតែស៊ីអារម្មណ៍ពីប្រិយមិត្តស្រីៗមានវ័យជ្រេ និងក៏រងពាក្យចំអកលេងពីមិត្តភក្តិផងដែរថា មានអត្ថន័យឆ្លុះបញ្ចាំងពីខ្លួនឯង កញ្ញា លឹម ផាន់ណា បានប្រាប់ភ្នំពេញប៉ុស្តិ៍ពីអារម្មណ៍ផ្ទាល់ខ្លួន នាថ្ងៃឈ្នះពានកាលពីថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០១៨ នាឱកាសប្រារព្ធកម្មវិធីពិព័រណ៍សៀវភៅកម្ពុជាលើកទី ៧ នោះថា៖ «ខ្ញុំពិតជា រំភើបណាស់ ទោះបីបានត្រឹមជយលាភីលេខ ២ ក៏ពិតមែន តែក៏ជាមោទនភាពចំពោះខ្លួនឯង និងក្រុមគ្រួសារផងដែរ។ នេះគឺជាពានរង្វាន់ លោក លី ធាមតេង ក្នុងស្នាដៃកំណាព្យរឿង «ម្លប់ជីវិត» របស់នាងខ្ញុំ»។
ដោយសារពុំមែនជាអ្នកប្រកបមុខរបរអ្នកនិពន្ធពេញទីព្រោះថា ខ្លួនជាអតីតនិស្សិតរៀនជំនាញចិត្តវិទ្យាចប់នៅឆ្នាំ ២០១២ នៅឯសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ហើយក៏កំពុងមានការងារលើជំនាញផងនោះ តែកញ្ញាកវីរូបនេះ មានចំណូលចិត្តខ្លាំងផ្នែកតែងនិពន្ធ និងក៏ធ្លាប់រៀនសូត្រវគ្គតែងនិពន្ធពីសមាគមអ្នកនិពន្ធ ខ្មែរដែរ តែហាក់ដូចជាមិនសូវមានឱកាសបានបញ្ចេញស្នាដៃតាមប្រព័ន្ធផ្សព្វផ្សាយនានាឡើយគួបផ្សំនឹងមិនសូវមានការលើកទឹកចិត្តលើផ្នែកនេះផងនោះ។
កញ្ញា លឹម ផាន់ណា បង្ហើបផងដែរថា៖ «ទោះបីការនិពន្ធពុំមែនជាការងារស្នូលដែលអាចរកចំណូលសម្រាប់ចិញ្ចឹមជីវិតមែន តែវាជាចំណូលចិត្តរបស់ខ្ញុំក្រៅពីការងារជំនាញផ្នែក ចិត្តសាស្ត្រ។ ប្រសិនបើអាចក៏នាងខ្ញុំក៏ចង់មានឱកាស បង្ហាញស្នាដៃនិពន្ធទំនុកច្រៀងខ្លួនតាមបណ្តាផលិតកម្មចម្រៀងនានាដែរ។ នាងខ្ញុំ និងក្រុមអ្នកនិពន្ធ ៣ រូបទៀតគឺលោក សួន សុធារ៉ា កញ្ញា ចាន់ គន្ធា កញ្ញា ដួងចាន់ឌី បានបោះពុម្ពសៀវភៅប្រលោមលោកមួយដែរគឺរឿង «សាកលស្នេហ៍» ចេញផ្សាយហើយ ក៏សង្ឃឹមថា មានការគាំទ្រពីប្រិយមិត្តបានច្រើនផងដែរ»៕