ក្រុង​ញូវយ៉ក៖ អាវ​អំបោះ​ចាក់​ដែល​ត្រូវ​បាន​​​កែច្នៃ​ប្រើប្រាស់​ឡើង​វិញ ក្នុង​បំណង​លើក​កម្ពស់ «ម៉ូដ​សម្លៀក​បំពាក់​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ» បាន​ក្លាយ​ជា​​ចំណាប់​អារម្មណ៍​នៅ​កម្មវិធី​បង្ហាញ​ម៉ូដ New York Fashion Week ចាប់​​ពី​ថ្ងៃទី ៤ រហូត​​ដល់​ថ្ងៃទី ១២ ខែកុម្ភៈ​ ​ម្សិលមិញ​។

ចំណូល​មួយ​ផ្នែក​ពី​យីហោ​សម្លៀក​បំពាក់​ល្បី​ Gabriela Hearst នឹង​ត្រូវ​បរិច្ចាគ​ដល់​គម្រោង​អភិរក្ស​ព្រៃ​ឈើ តំបន់​ភ្នំ​ក្រវាញ​នៅ​កម្ពុជា។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​អង្គារ​។

អ្នក​ច្នៃម៉ូដ​ដ៏​ល្បីល្បាញ​នៅ​ប្រទេស ​អ៊ុយរូហ្គាយ​ អ្នកនាង​ Gabriela Hearst ដែល​ល្បី​យីហោ​សម្លៀក​បំពាក់​​ប្រណីត​សម្រាប់​នារី ​បាន​​បង្កើន​ភាព​​ល្បីល្បាញ​របស់​នាង​តាមរយៈ​ការ​​ផ្សព្វផ្សាយ​ស៊េរី​​ម៉ូដ​រដូវកាល​ស្លឹក​ឈើ​​ជ្រុះ និង​រដូវរងា ឆ្នាំ ២០២០ ដោយ​ប្រកាន់​ខ្ជាប់​នូវ​គោលការណ៍​ច្នៃ​ប្រឌិត​ប្រកប​ដោយ​និរន្តរភាព និង​ទំនួល​ខុស​ត្រូវ​ចំពោះ​បរិស្ថាន កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​នេះ។

ការ​ច្នៃ​ម៉ូដ​សម្លៀក​​បំពាក់​របស់ អ្នកនាង Hearst ត្រូវ​បាន​ប្រើប្រាស់​សរសៃ​អំបោះ​ធម្មជាតិ ក្រណាត់​​អំបោះ​ចាក់​យក​មក​ប្រើប្រាស់​ឡើង​វិញ និង​សំណល់​ជាយ​ក្រណាត់​ព្រំ​តួកគី​យក​មក​ដេរ​ភ្ជាប់​គ្នា​បង្កើត​ជា​រ៉ូប និង​អាវ​ក្រៅ​យ៉ាង​ស្រស់​ស្អាត។

អាវ​ធំ អាវរងា ក្រណាត់​រុំ រ៉ូប​វែង មួយ​ចំនួន​ត្រូវ​បាន​​ប្រើ​អំបោះ​ចាក់​ដោយ​ស្ត្រី​នៅ​អង្គការ​ Manos del Uruguay នៅ​ទឹក​ដី​កំណើត​របស់​អ្នក​ច្នៃម៉ូដ​វ័យ ៤៣ ឆ្នាំ​រូប​នេះ។

ខោអាវ​​ម៉ាក Gabriela Hearst​​ ធ្វើពី​ក្រណាត់​ច្នៃ​ប្រើប្រាស់ឡើងវិញ។ រូបថត AFP

ម៉ូដ​សម្លៀក​បំពាក់​ត្រូវ​បាន​ច្នៃ​តាម​បែបប​ទសវត្សរ៍​ ១៩៧០ ដោយ​មាន​ទាំង​អាវ​ស្បែក​ច្នៃ​​លាប​ពណ៌​ដោយ​ដៃ និង​ការ​រចនា​ទម្រង់​ជា​គំនូរ​អរូបី​ទាក់ទិន​​នឹង​ទិដ្ឋភាព​ក្នុង​សុបិន។

លើស​ពី​នេះ​ទៅ​ទៀត ចង្វាក់​ផលិតកម្ម​សម្លៀក​បំពាក់​ត្រូវ​បាន​ធានា​​ពី​សមធម៌​សង្គម និង​និរន្តរភាព​បរិស្ថាន​ក្នុង​វិស័យ​ម៉ូដ​ ខណៈ​ផល​ប៉ះពាល់​បរិស្ថាន​​តិច​តួច ត្រូវ​បាន​ប៉ះប៉ូវ​ដោយ​ការ​បរិច្ចាគ​ប្រាក់​មួយ​ផ្នែក​ជូន​ទៅ​គម្រោង​​អភិរក្ស​ព្រៃ​ឈើ នៅ​តំបន់​ជួរ​ភ្នំ​ក្រវាញ​ប្រទេស ​កម្ពុជា។

អ្នក​ច្នៃ​ម៉ូដ​ល្បីល្បាញ អ្នកនាង Gabriela Hearst ដែល​ធំធាត់​នៅ​កសិដ្ឋាន​ចិញ្ចឹម​ចៀម​ឯ​ប្រទេស ​អ៊ុយរូហ្គាយ​​ បាន​និយាយ​ថា៖ «ភាព​ប្រណីត​នៃ​ការ​ស្លៀកពាក់​ពិត​ប្រាកដ គឺ​ការ​ដឹង​ពី​ប្រភព​ខោអាវ​របស់​យើង​មក​ពី​ណា ហើយ​វា​ត្រូវ​បាន​ផលិត​ដោយ​វិធី​ណា»។

មុន​នោះ​ផង​ដែរ នៅ​ទីក្រុង​មីឡាន ប្រទេស ​អ៊ីតាលី ម៉ាក​យីហោ​​ល្បី Gucci​ ក៏​បាន​ប្រកាស​ពី​និន្នាការ​របស់​ខ្លួន​ក្នុង​ការ​​ប្រែ​ក្លាយ​ជា​ក្រុមហ៊ុន​សម្លៀក​បំពាក់ កាបូប​ស្បែក​ជើង និង​គ្រឿង​តុបតែង​កាយ​ប្រណីត​ ដែល​ចូលរួម​​កាត់​បន្ថយ​ការ​បំពុល​បរិស្ថាន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

យោង​តាម​ទស្សនាវដ្ដី British Vogue កាល​ពី​ចុង​ឆ្នាំ ២០១៩ យីហោ​ Gucci​ នេះ​បាន​សហការ​ជាមួយ​ Redd+ ជា​គម្រោង​មួយ​របស់​អង្គការ​សហប្រជាជាតិ ដើម្បី​កាត់​បន្ថយ​ការ​​បំភាយ​ឧស្ម័ន​ពុល និង​​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​ប្រទេស ​ប៉េរូ កេនយ៉ា ឥណ្ឌូនេស៊ី និង​កម្ពុជា។

អគ្គនាយក Gucci​ លោក Marco Bizzarri បាន​ប្រាប់​ The Guardian ថា៖ «ពេលវេលា​កាន់​តែ​កន្លង​ទៅ យើង​កាន់​តែ​ទទួល​របាយការណ៍​ពី​អ្នក​វិទ្យាសាស្ត្រ​រឹត​តែ​ច្បាស់​ថា ភព​ផែនដី​យើង​​ត្រូវ​បាន​បំពុល​​ច្រើន​ណាស់​ទៅ​ហើយ»៕ AFP