ភ្នំពេញៈ ដោយសារ​តែ​ចង់​ជំរុញ​វិស័យ​តន្ត្រី​ក្លាស៊ីកខ្មែរ (Classical Music) ឲ្យ​មាន​កម្រិត​ស្តង់ដារ​មួយ​ដូច​គេ​ដូច​ឯង​លើ​សកលលោក និង​ចង់​ឲ្យ​មាន​ការផ្លាស់ប្តូរ​វប្បធម៌​គ្នា​រវាង​កម្ពុជា និង​ជប៉ុន​នោះ កម្មវិធី​ប្រគំ​តន្ត្រី​ប្រកួតប្រជែង​អាហារូបករណ៍​សម្រាប់​ឆ្នាំ​ ២០១៩ ឬ Catch a Cambodian Star 2019 នឹង​ប្រារព្ធ​ធ្វើ​ជា​លើក​ទី​ ៧ នៅ​បរិវេណ​នៃ​ផ្សារ​អ៊ីអន​២ នា​រសៀល​ថ្ងៃ​ស្អែក​ទី​ ១៨ ខែ​មិថុនា​នេះ​។

កញ្ញា កាំង ហួត ជា​អ្នក​សម្របសម្រួល​នៃ​កម្មវិធី​ប្រគំ​តន្ត្រី​អាហារូបករណ៍​ឆ្នាំ​ ២០១៩ ឬ Catch a Cambodian Star 2019 បាន​ឲ្យ​ដឹង​ត្រួសៗ​ពី​ការរៀបចំ​កម្មវិធី​នេះ​ថា​៖ «​ព្រោះ​តែ​ចង់​លើក​ស្ទួយ​វិស័យ​តន្ត្រី​ក្លាស៊ីក​ខ្មែរ​ឲ្យ​មាន​កម្រិត​ល្អ​ដូចជា​ប្រទេស​គេ​នោះ ទើប​សមាគម​សិល្បៈ​ជប៉ុន-កម្ពុជា (JCPAA) ដែល​ជា​អង្គការ​មិន​ស្វែងរក​ប្រាក់​ចំណេញ​មួយ​បាន​រៀបចំ​ឲ្យ​មាន​កម្មវិធី Catch a Cambodian Star ដំបូង​ចាប់​តាំងពី​ឆ្នាំ​ ២០១៣ មក​ម្ល៉េះ​ដោយ​យើង​បាន​ប្រារព្ធ​ធ្វើ​កន្លង​មក​នោះ នៅឯ​ទីកន្លែង​ផ្សេងៗ​គ្នា​ក្នុង​រាជធានី​ភ្នំពេញ​នៃ​ប្រទេស​កម្ពុជា​»​។

អ្នក​សម្របសម្រួល​កម្មវិធី​រូប​នេះ​បន្ត​ថា​៖ «​កម្មវិធី​ឆ្នាំ​នេះ​យើង​មាន​យុវតី​ខ្មែរ ជួន សូស៊ុននី ដែល​ជា​សិល្បការិនី​ធ្លាប់​បាន​ប្រកួត​ជាប់​ក្នុង​កម្មវិធី Catch a Cambodian Star 2017 គឺ​ប្អូន​ក៏​បាន​ជាប់​នៅ​ត្រឹម​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ កាល​ប្រកួត​នៅឯ​ទីក្រុង​អូសាកា ប្រទេស​ជប៉ុន​ដែរ​ហើយ​ប្អូនស្រី ជួន សូស៊ុននី ដែល​ជា​សិស្ស​រៀន​សិល្បៈ​តន្ត្រី​មកពី​សាលាតន្ត្រី​ហ៊ឹមសុភី​មក​ចូលរួម​បង្ហាញ​សមត្ថភាព​ជាមួយ​ជំនាញ​ឧបករណ៍​ព្យ៉ាណូ ខណៈ​ប្អូនប្រុស សោម ពិសិដ្ឋ ដែល​ជា​បេក្ខជន​ជាប់​ជម្រើស​ចុងក្រោយ​កម្មវិធី Catch a Cambodian Star 2019 មាន​ជំនាញ​ឧបករណ៍​ភ្លេង​វីយូឡុង ដោយ​ប្អូនប្រុស​គឺជា​សិស្ស​រៀន​នៅឯ​សាលា​តន្ត្រី​វិចិត្រសិល្បៈ​»​។

សិល្បការិនី​ជប៉ុន Satomi Ogawa​។ រូបថត Chiara Youth Page

កាន់តែ​ពិសេស​ទៅ​ទៀត​នោះ ការប្រគំ​តន្ត្រី និង​ល្ខោន​អូប៉េរ៉ា Catch a Cambodian Star 2019 នេះ​ក៏​មាន​ការចូលរួម​ពី​សំណាក់​ក្រុម​សិល្បការិនី ជប៉ុន​ល្បី​ ២ ​រូប​ផង​ដែរ​គឺ​លោកស្រី សាតុមិ អូហ្គាវ៉ា​ (Satomi Ogawa) និង​លោកស្រី ណូរីកូ ស៊ិមិសុ (Noriko Shimizu)​។

កញ្ញា កាំង ហួត បង្ហើប​ប្រាប់​ថា​៖ «​ក៏​មាន​តារា​កិត្តិយស​ចូលរួម ២ ​រូប​ទៀត​ដែរ​គឺ​លោក Mirab Babaian ជនជាតិ​អ៊ុយក្រែន​សម្តែង​ឧបករណ៍ Viola ដែល​មាន​លក្ខណៈ​ស្រដៀង​គ្នា​ទៅ​នឹង​ឧបករណ៍​វីយូឡុង​ដែរ និង​លោក Issei Sakano ជនជាតិ​ជប៉ុន​នឹង​សម្តែង​នូវ​ឧបករណ៍​ព្យ៉ាណូ ខណៈ​ខាង​ខ្មែរ​ក៏​មាន​សិល្បករ-សិល្បការិនី​ ២ ​រូប​ចូលរួម​បង្ហាញ​សមត្ថភាព​ផ្នែក​តន្ត្រី​របស់​ខ្លួន​ផង​ដែរ នា​រសៀល​ថ្ងៃទី ១៨ ខែ​មិថុនា ឆ្នាំ​ ២០១៩ នេះ​។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន និង​កម្មវិធី​នៃ​ការប្រគំ​តន្ត្រី​ប្រកួត​ប្រជែង​អាហារូបករណ៍​ឆ្នាំ​ ២០១៩ នេះ​មុន​កម្មវិធី​នៅ​ថ្ងៃ​ទី​ ១៨ ខែ​មិថុនា​នេះ​ក៏​មាន​រៀបចំ​បើក​បង្ហាញ​នូវ​ការសម្តែង​នានា​ចំនួន ២ ​លើក​នៅ​ថ្ងៃ​សៅរ៍​ទី ១៥ ខែ​មិថុនា​ចុង​សប្តាហ៍​កន្លង​មក​នេះ​ផង​ដែរ​។

ចំពោះ​ការប្រគំ​តន្ត្រី Catch a Cambodian Star 2019 នឹង​ចាប់ផ្តើម​នៅ​ម៉ោង ៣ ​រសៀល​បន្ត​ដល់​ម៉ោង​ ៤ និង​​ ៣០ ​នាទី​នៅ​ផ្សារ​អ៊ីអន ២ សែនសុខ ខណៈ​ក៏​មាន​ការលក់​សំបុត្រ​ចូល​ទស្សនា​ផង​ដែរ​គឺ សំបុត្រ ១ តម្លៃ ២០ ​ដុល្លារ (​កក់​មុន​តម្លៃ ១៥ ដុល្លារ​) និង​ ១ ​សន្លឹក​តម្លៃ ៥ ​ដុល្លារ​សម្រាប់​សិស្ស ឬ​និស្សិត​៕