ក្រុងឡុងដ៍: ផ្ទះ​ដំបូល​ស​ដ៏​ស្រស់​ស្អាត​នៅ​ដែនដី​កោះ ប៊ើមូដា (Bermuda) មាន​និម្មិត​រូប​តំណាង​កោះ តែ​វា​មិន​សម្រាប់​តាំង​បង្ហាញ​នោះ​ទេ ផ្ទះ​ទាំង​នេះ​មាន​គុណ​សម្បត្ដិ​ពិសេស។ ប្រសិនបើ​គ្មាន​ដំបូល​ធ្វើ​ពី​ថ្មកំបោរ​ក្រាល​ពណ៌​សក្បុស​ទាំងនេះ​ទេ ដែន​កោះ​ប៊ើ​មូ​ដា ក៏​គ្មាន​ជីវិត​រស់​នៅ​ដែរ។

ប៉ុន្ដែ​ខណៈ​ប្រជាជន​កោះ​កាន់​តែមាន​ចំនួន​ច្រើន និង​កើន​ប្រជាប្រិយ​ភាពជា​ដែន​កោះ​ទេសចរណ៍ ប្រជុំ​កោះ​ទាំង​នេះ ចាប់ផ្ដើម​ផ្ដល់​បទ​ពិសោធ​លំបាក​ទាក់ទង​នឹង​យុទ្ធសាស្ដ្រ​ធារា​សាស្ដ្រ​ទី​នេះ។ រយៈពេល​ជាច្រើន​សតវត្សរ៍ អ្នក​សាងសង់​ព្យាយាម​បង្កើត​ជណ្ដើរ​លើដំបូល​ដើម្បី​ពន្យារ​លំហូរ​ទឹក​ភ្លៀង​ជោរ​ជន់។

ដូច្នេះ ពួកគេ​អាច​ប្រមូល​ទឹកភ្លៀង​ដោយ​លេច​ជន់​តាម​ផ្ទះ។ ការ​ត្រង​ទឹកភ្លៀង​ពិតជា​សំខាន់​សម្រាប់​ជីវិត​រស់​នៅ​របស់​អ្នក​កោះ ប៊ើមូដា ពី​ព្រោះ​ទីនោះ​គ្មាន​ទឹកសាប ឬ​បឹងបួ អ្វី​ឡើយ ហើយ​រហូត​ដល់​ពេល​នេះ វា​នៅ​តែ​ជា​ប្រភព​ទឹកសាប​ដ៏មាន​សារៈ​សំខាន់​បំផុត។

កាល​ពី​មុន សំណង់​ទាំងមូល​ត្រូវបាន​គ្របដណ្ដប់​ថ្ម​បាយអរ ដែល​អាច​ប្រឆាំង​នឹង​បាក់តេរី។ បច្ចុប្បន្ន បាយអរ​ត្រូវ​បាន​ជំនួស​ដោយ​ទឹក​ថ្នាំ​ពណ៌​ស ដែល​ឆ្លុះ​ពន្លឺ​ព្រះអាទិត្យ និង​ជួយ​ចម្រោះ​ទឹក​ពេល​ត្រង​ចូល​ពាង តាមរយៈ​កាំរស្មី​អ៊ុលត្រា។

ផ្ទះសំបែង​ជាច្រើន​ក៏ត្រូវ​បាន​បំពាក់​ប្រព័ន្ធ​ទុយោ​ទឹក​ដាច់​ដោយ​ឡែក​សម្រាប់​ប្រើ​ក្នុង​បន្ទប់​ទឹក។ ទឹកប្រៃ ឬ​មាន​ជាតិ​ភ្លាវ ត្រូវបាន​ប្រើ​ទៅ​កាន់​ប្រព័ន្ធ​បូម ទឹកទី ២ ហើយ​ទឹក​នេះ ត្រូវ​បាន​ប្រើ​ចម្បង​នៅ​ក្នុង​បន្ទប់​ទឹក។ ដោយ​ប្រើ​វិធីសាស្ដ្រ​នេះ ផ្ទះ​នីមួយៗ​អាច​សន្សំសំ​ចៃ​ទឹក​ពី ៤០ ទៅ ៥០ ភាគរយ។ តម្លៃ​នៃ​ការ​រក្សា​សន្សំ​សំចៃ​ទឹកសាប​ទុក​នេះ​ក៏​ត្រូវ​បាន​បង្រៀន​តាំង​ពី​កុមារ​ភាព។

សណ្ឋាន​កាំ​ជណ្ដើរ​ពណ៌​សក្បុស​នៅលើដំបូល​ផ្ទះ​​។ AFP

មិន​ត្រឹមតែ​ប៉ុណ្ណោះ នៅ​ដែន​កោះ​ប៊ើ​មូ​ដា ម្សៅ​សាប៊ូ​ត្រូវបាន​ប្រើ​តិចតួច​ពេល​លាងចាន​ឆ្នាំង ពី​ព្រោះ​ទឹក​ដែល​ប្រើ​រួច​នោះ ត្រូវ​បាន​ប្រើ​សម្រាប់​ស្រោច​ដំណាំ​បន្ដ​ទៀត។

យ៉ាងណាមិញ ពេល​រដូវ​សម្បូរ​ភ្ញៀវទេសចរ​មកដល់ ការ​ប្រមូល​ទឹក​ពី​ដំបូលផ្ទះ​របស់​អ្នក​កោះ​ប៊ើមូដា មិន​អាច​ផ្គត់ផ្គង់​គ្រប់​តម្រូវការ​ឡើយ។

ដូច្នេះ សណ្ឋាគារ មន្ទីរពេទ្យ និង​ប្រតិបត្ដិករ​ពាណិជ្ជកម្ម​ដទៃទៀត ពេលនេះ​ពឹង​អាស្រ័យ​លើ​ប្រភព​ទឹក​ក្រោម​ដី និង​ការ​កែច្នៃ​ទឹកប្រៃ​មក​ប្រើ​ប្រាស់។

ប្រជុំ​កោះ​នៅមាន​រោងចក្រ​បន្សាប​ទឹក​ចំនួន ៦ ប្រភេទ​ថែម​ទៀត៕HR

ផ្ទះនីមួយៗ​ត្រូវត្រង​​​ទឹកភ្លៀង ៨០ ភាគរយ​មក​ប្រើប្រាស់។ AFP