ក្រុងប៉ារីស: ស្លាបព្រា​ប្រាក់​សម្រាប់​ដួស​ស៊ុប​សោយ របស់​ស្ដេច​ណាប៉ូឡេអុង ប៉ូណាប៉ាត អំឡុង​ពេល​ព្រះអង្គ​ភៀស​ព្រះកាយ​ទៅ​កាន់​ដែន​កោះ​ហេណេណា ( St Helena) និង​កាំភ្លើង​វែង​របស់​ស្ដេច​បារាំង​ដ៏​ល្បីល្បាញ​អង្គ​នេះ ត្រូវ​បាន​លក់​ក្នុង​ការ​ដេញ​ថ្លៃ កាល​ពី​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​កន្លង​មក។

ជាមួយ​ការ​ឆ្លាក់​ឈ្មោះ​ស្ដេច​ណាប៉ូឡេអុង នៅត្រង់​ដង​ស្លាបព្រា​ធ្វើ​អំពី​ប្រាក់​ដែល​ដិត-ដាម​ប្រវត្តិ​ស្ដេច​អង្គ​នេះ​ត្រូវ​ដាក់​ដេញ​ថ្លៃ​លក់​បាន ៨៣៧៥ អឺរ៉ូ (ប្រមាណ ៩៧០០ ដុល្លារ) រីឯ​កាំភ្លើង​វែង​ដែល​ដើម​ឡើយ​ជា​ព្រះរាជ​កម្ម​សិទ្ធិ​របស់​ស្ដេច ល្វីស (Louis XVI) ត្រូវ​បាន​ដេញ​ថ្លៃ​លក់​ក្នុង​តម្លៃ ៨០០០០ អឺរ៉ូ ក្នុង​ព្រឹត្តិការណ៍​ដែល​រៀបចំ​ឡើង​ដោយ​ក្រុមហ៊ុន Osenat auction house នៅ​តំបន់​ហ្វុងតែនប្លូ (Fontainebleau)។

ក្រៅពី​ទ្រព្យសម្បត្តិ​របស់​ស្ដេច ណាប៉ូឡេអុង ប៉ូ​ណា​ប៉ាត ក្នុងការ​ដេញថ្លៃ​នោះ ផងដែរ ក៏មាន​សៀវភៅ​ពិសេស​មាន​បិទ​ស្លឹក​រុក្ខជាតិ​ក្រៀម​ចំនួន ១៨ ទំព័រ ជា​របស់​មហេសី​ស្ដេច ណាប៉ូឡេអុង មាន​ព្រះនាម ចូសេហ្វីន។ សៀវភៅ​មាន​រុក្ខជាតិ​ក្រៀម​នេះ​ត្រូវ​ដាក់​ដេញ​ថ្លៃ​លក់​បាន ៧០ ០០០ អឺរ៉ូ។

ផ្គួប​ជាមួយ​ការលក់​នោះ​ផងដែរ គឺ​ចម្លាក់​ត្រឹម​ក​របស់​រាជិនី សូសេហ្វីន ជា​ស្នាដៃ​ជាង​ចម្លាក់ សូសេហ្វ ឈីណាដ ដែល​ត្រូវ​បាន​លក់​ចេញ​ក្នុង​តម្លៃ ៣២៥០០ អឺរ៉ូ​៕