ក្រុង​សេអ៊ូល: សម្រាប់​ពលរដ្ឋ​ កូរ៉េ​ខាង​ត្បូង ការ​ស្វែង​រក​កន្លែង​ស្ងប់​ស្ងាត់​ពី​ជីវិត ​ដ៏​មមាញឹក​សព្វ​ថ្ងៃ​ គុក​ក្លែង​ក្លាយ​ ២៤ ម៉ោង​ កំពុង​ផ្ដល់​សេវាកម្ម​ «អារម្មណ៍​សេរីភាព​»​ សម្រាប់​ពួកគេ។

ឈ្មោះ «​គុក​ក្នុ​ងចិត្ដ​ខ្ញុំ​» សេវាកម្ម​គេច​ចេញ​ពី​ជីវិត​ដ៏​អាប់​អួល​មួយ​រយៈ​យក​តម្លៃ ៩០ ដុល្លារ​មក​រស់​បែប​ស្ងប់​សុខ​ ២៤ ម៉ោង។

តាំងពី​បើក​សម្ពោធ​ក្នុង​ឆ្នាំ​២០១៣ គុក​ក្លែង​ក្លាយ ស្ថិត​ក្នុង​ក្រុង Hongcheon បាន​រៀបចំ​កម្មវិធី​ឲ្យ​បុគ្គលិក​ការងារ​ស្ដ្រេស​ និង​សិស្ស​និស្សិត​ជាង ២ ពាន់​នាក់​ស្វែង​រក​ជីវិត​ស្ងប់​សុខ​ដោយ​គេច​ចេញ​ពី​ការ​ញាំ​ញី​​ក្នុង​ប្រទេស​ដែល​ទាមទារ​ឲ្យ​មាន​ការ​អប់រំ​ខ្ពស់ និង​បរិយាកាស​ការងារ​ដ៏​ប្រកួត​ប្រជែង។

នៅ​ក្នុង​គុក​ មិនត្រូវបាន​ឲ្យ​អ្នក​ទោស​ទាក់​ទង​ទៅ​ពិភព​ខាង​ក្រៅ​ទាំង​អស់ សូម្បីតែ​ការ​ប្រើ​ទូរស័ព្ទ នាឡិកា និង​កញ្ចក់​ជាដើម។ អតិថិជន​និយាយ​ថា ភាព​ឯកោ​ទាំង​ស្រុង​នេះ​អនុញ្ញាត​ឲ្យ​ពួកគេ​សម្រាក​ និង​គេច​ចេញ​ពី​ជីវិត​ដ៏​គួរ​ឲ្យ​ធុញ​ថប់​ទាំង​ពួង។

ក្នុង​បន្ទប់​ត្រឹម​ ៥ ម៉ែត្រ​ការ៉េ ចំនួន ២៨ បន្ទប់​ អ្នក​ទោស​ចំណាយ​ពេល​ស្ទើរ​តែ​ទាំង​ស្រុង​ក្នុង​បន្ទប់​ដែល​មាន​តែ​សៀវភៅ​កំណត់​ត្រា​ប្រចាំ​ថ្ងៃ កម្រាល​យោគៈ និង​ប៊ូតុង​អាសន្ន​ តែ​ពួកគេ​ក៏​អាច​ចូលរួម​សកម្មភាព​ជា​ក្រុម​ផង​ដែរ បើ​ចង់។

អតិថិជន​ដ៏​ត្រូវ​ពាក់​ខោ​អាវ​អ្នក​ទោស​ និង​បម្រើ​អាហារ​តាម​ប្រឡោះ​ទ្វារ​ផង​ដែរ។ ការ​សិក្សា​មួយ​ពី​អង្គការ​សហប្រតិបត្ដិការ​សេដ្ឋកិច្ច និង​អភិវឌ្ឍ (OECD) បាន​រក​ឃើញ​ថា ពលរដ្ឋ​កូរ៉េ​ខាង​ត្បូង​ធ្វើ​ការ​ជា​មធ្យម​ ២០០០ ម៉ោង​ក្នុង​ឆ្នាំ​២០១៧ ដោយ​ត្រូវ​បាន​ចាត់​ទុក​ជា​អ្នក​ធ្វើ​ការ​លើស​ម៉ោង​ច្រើន​បំផុត​នៅ​អាស៊ី។

អត្រា​អត្ដឃាត​ក្នុង​ប្រទេស​ក៏​មាន​ស្ថិតិ​ខ្ពស់​បំផុត​មួយ​ក្នុង​លោក​ ដែល​លើស​ពលរដ្ឋ​នៅ​អាមេរិក​ជាង​ពាក់​កណ្ដាល។ អតិថិជន​វ័យ ២៨ ឆ្នាំ ផាក ហេរី បាន​និយាយ​ថា​៖ «​ប្រាកដ​ណាស់ ខ្ញុំ​មាន​អារម្មណ៍​ថា គុក​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​សេរីភាព​»។

សហស្ថាបនិក​ ណូ ជី-យ៉ាង បាន​និយាយ​ថា គំនិត​ផ្ដួច​ផ្ដើម​បង្កើត​គុក​សម្រាក​នេះ​កើតឡើង​ដោយសារ​ស្វាមី​អ្នកស្រី​ ជា​រដ្ឋ​អាជ្ញា​ ដែល​តែងតែ​ធ្វើ​ការ​ងារ​ប្រមាណ ១០០ ម៉ោង​ក្នុង​មួយ​សប្ដាហ៍។

អ្នកស្រី បន្ដថា​៖ «​ដំបូង អតិថិជន​មាន​អារម្មណ៍​ធុញថប់​នឹង​បន្ទប់​តូច​ចង្អៀត។ ប៉ុន្ដែ​ក្រោយ​ពី​បាន​ស្នាក់​នៅ ពួកគេ​និយាយ​ថា វាជា​គុក​ដែល​ពួកគេ​ចង់​វិល​វិញ​»៕ AFP/HR