ក្រុងវីចតូរីយ៉ា៖ ទ័ពអណ្ដើកយក្សវារគើមៗឆ្លងកាត់ដែនកោះខូស៊ីន ខណៈបក្សីកម្រហើរឆ្វែលខាងលើ។
ទិដ្ឋភាពនេះបង្ហាញពីភាពជោគជ័យរបស់អង្គការអភិរក្សសត្វ Bird-Life International ដែលបានបំពេញកិច្ចការលើប្រទេសកូនកោះសីស្ហែល ក្នុងឆ្នាំ ១៩៦៨ ដើម្បីសង្គ្រោះជីវិតបក្សីចម្រៀងមួយក្បាលពីការងាប់ផុតពូជ។ ព្រៃក្រាស់ ដែលជាដំណាំដូង និងចម្ការគ្រឿងទេស គ្របដណ្ដប់លើផ្ទៃកោះ ពេលក្រុមអភិរក្សបានឈានជើងមកការពារបក្សីចម្រៀងសីស្ហែលជាលើកដំបូង។
ពេលនេះ ជាមួយរុក្ខជាតិដ៏ស្រស់បំព្រង និងស្ទួយបរិស្ថានឆ្នេរដ៏សក្បុស កោះខូស៊ីន ប្រែក្លាយជាគោលដៅទេសចរណ៍ ដោយបានបង្កើនចំនួនភ្ញៀវទេសចរ និងកាត់បន្ថយការប៉ះពាល់ចំពោះបរិស្ថាន។
មនុស្សជាង ១៦ ០០០ នាក់ បានមកកម្សាន្ដនៅលើដែនកោះក្នុងឆ្នាំ ២០១៨ បើធៀបនឹង ១ ទសវត្សរ៍មុនមានចំនួនភ្ញៀវ ១២ ០០០ នាក់។
លោក នីម៉ាល់ សះ ជានាយកអង្គការ Nature Seychelles ដែលទទួលបន្ទុកអភិរក្ស និយាយថា៖ «វិស័យទេសចរណ៍ពិតជាសំខាន់សម្រាប់ដែនកោះខូស៊ីន។ ប៉ុន្ដែចំនួនទេសចរ ១៦ ០០០ នាក់ ពិតជាច្រើនណាស់ហើយ»។
មុនពេលដែនកោះនេះស្ថិតក្នុងការអភិវឌ្ឍរបស់ឯកជនចំនួនបក្សីចម្រៀងសីស្ហែលត្រូវបានជឿថា ធ្លាក់មកត្រឹម ២៦ ល ដែលកម្របានឃើញស្រែកច្រៀងលើដើមកោងកាងក្រោយពីជម្រករបស់អ្នកស្រុកកោះទាំងនេះត្រូវបានបំផ្លាញ។
បច្ចុប្បន្នពួកវាមានចំនួនជាង ៣ ពាន់ក្បាល ហើយបក្សីពណ៌ត្នោតក្លាយបៃតងទាំងនេះ ត្រូវបានយកមកនៅប្រជុំកោះចំនួន ៤ ផងដែរ។ ព្រៃកោងកាងត្រូវបានដាំឡើងវិញ ដែលសម្បូរជីងចក់ ក្ដាមផ្ញើប្រាណ និងបក្សីសមុទ្រ ហើយដែនកោះជាជម្រកបក្សីដ៏សំខាន់សម្រាប់អណ្ដើកសមុទ្រក្នុងមហាសមុទ្រឥណ្ឌា។
សហភាពអន្ដរជាតិ ដើម្បីអភិរក្សធម្មជាតិ (IUCN) ជជែកអំពី «ជីវចម្រុះដ៏ល្អ និងលទ្ធផលសម្រេចការអភិរក្ស» ដែនកោះខូស៊ីន «ជាកោះដំបូងដែលត្រូវបានទិញសម្រាប់ការអភិរក្សពូជសត្វ» ដែលជាគំរូគួរត្រូវបានយកទៅអនុវត្តនៅជុំវិញពិភពលោក៕ AFP/HR