ខេត្ត​កំពង់ស្ពឺ៖ អំណោយ​សប្បុរសធម៌​​ ជា​​គ្រឿង​បរិភោគ និង​ឧបភោគ​​​រួម​មាន​​​អង្ករ ទឹកត្រី​ ទឹក​ស៊ីអ៊ីវ មី​​ និង​​​​​​ទឹក​បរិសុទ្ធ​ នំប៉័ង ទឹក​ដោះគោ​ និង​កញ្ចប់​ថវិកា ​សរុប​ជា​ទឹក​ប្រាក់​ជាង ១ពាន់ ដុល្លារ​ ដែល​​បាន​ពី​សមាន​ចិត្ត​របស់​​​​​បុគ្គលិក​​​ជាង ​៣០ ​នាក់​ រួម​នឹង​ក្រុមហ៊ុន​ដឹក​ជញ្ជូន​អន្តរជាតិ ​Dolphin Logistics International ​បាន​នាំ​យក​​​​ចែក​ជូន​ដល់​មណ្ឌល​​កុមារ​កំព្រា​ភូមិ​ខៃស៍ នៃ​អង្គ​ការ​ឧបត្ថម្ភ​កុមារ​កំព្រា​ ចំ​ថ្ងៃ​​កាន់​​បិណ្ឌ​ទី ​១​ ដែល​ជា​​រដូវកាល​ប្រារព្ធ​​ពិធី​​​បុណ្យ​ភ្ជុំ​បិណ្ឌ​ប្រចាំ​ឆ្នាំ​​​របស់​ប្រជាពលរដ្ឋ​ខ្មែរ​។​

អ្នកស្រី ហាន់ ហ្វាទី ជា​ប្រធាន​រដ្ឋបាល​​​​ក្រុមហ៊ុន Dolphin Logistics​ International ​​បង្ហើប​​ប្រាប់​ពី​គោល​បំណង​នៃ​ការ​នាំ​យក​នូវ​អំណោយ​សប្បុរសធម៌​ ដែល​កើត​ពី​​​សមាន​​ចិត្ត​របស់​បុគ្គលិក​ក្រុមហ៊ុន​ថា៖ «ក្រោយ​ពី​​យើង​បាន​​ដំណឹង​ថា នៅ​តំបន់​ក្បែរ​រមណីយដ្ឋាន​គីរីរម្យ​​ មាន​មណ្ឌល​កុមារ​​កំព្រា​នេះ​មក ក្រុមហ៊ុន​យើង​ក៏​បាន​​រៀបចំ​ជា​កញ្ចប់​អំណោយ​ជា​គ្រឿង​​​បរិភោគ និង​​ឧបភោគ​​​​នានា​រួម​មាន​​អង្ករ ១០ បាវ (១​ បាវស្មើ ៥០ គីឡូ)​ ទឹក​ត្រី​ ទឹក​ស៊ីអ៊ីវ មី​​ ទឹក​បរិសុទ្ធ នំប៉័ង និង​ទឹក​ដោះគោ​​ ដោយ​​គិត​ជា​ប្រាក់​​​​​ប្រមាណ​ ៨០០ ដុល្លារ​​ និង​កញ្ចប់​ថវិកា បាន​ពី​សមាន​ចិត្ត​របស់​​​​​បុគ្គលិក​​​​ជាង ៣០ ​នាក់ ចំនួន​ ៣០០ ដុល្លារ គឺ​សរុប​ទាំង​អស់​ទៅ​​ប្រមាណ​​ជាង ​១ ពាន់​ដុល្លារ ​យក​ទៅ​ឧបត្ថម្ភ​ដល់​​​មណ្ឌល​​កុមារ​កំព្រា​ភូមិ​ខៃស៍​ ដែល​នៅ​​​ក្នុង​ខេត្ត​កំពង់ស្ពឺ​»។

ក្រុមកុមារនៅមណ្ឌលកុមារកំព្រា​ភូមិខៃស៍​​ នៅ​ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។សហការី

អ្នកស្រី​ ហាន់ ហ្វាទី បន្ត​ឲ្យ​ដឹង​ពី​ឆន្ទៈ​​នៃ​ការ​ធ្វើ​សកម្មភាព​សប្បុរសធម៌​របស់​ក្រុមហ៊ុន​ខាង​លើ​ថា៖ «​បើ​តាម​គម្រោង​​នោះ​ គឺ​ក្រុមហ៊ុន​​បាន​ដាក់​ជា​គោលដៅ​​សកម្មភាព​សប្បុរសធម៌​​​ប្រចាំ​​ឆ្នាំ​​ដែរ​ គឺ​​ចង់​ចែក​រំលែក​ផល​លំបាក​ខ្លះៗ​ទៅ​​ដល់​សហគមន៍​ក្រីក្រ​នានា​​​ក្នុង​ប្រទេស ​កម្ពុជា​​ តាម​កម្លាំង​​សទ្ធា​របស់​ក្រុមហ៊ុន និង​បុគ្គលិក​។

ដូច​ឆ្នាំ​នេះ យើង​​​នាំ​យក​អំណោ​យ​ទៅ​ជួយ​​​មណ្ឌល​​​​កុមារ​កំព្រា​ភូមិ​ខៃស៍ នៅ​ស្រុក​ភ្នំ​ស្រួច​ ខេត្ត​កំពង់ស្ពឺ​ ហើយ​បាន​​ឃើញ​​​ផល​លំបាក​របស់​​​មណ្ឌល​​នោះ ទើប​ក្រុមហ៊ុន​ក៏​​សម្រេច​​ជួយ​ឧបត្ថម្ភ​អង្ករ​​​ចំនួន​ ១០ បាវ ប្រចាំ​ខែ ​ជូន​ដល់​មណ្ឌល​​កុមារ​កំព្រា​នេះ​​​ទៀត​ផង​​ ដោយ​​​​ចំនួន​អង្ករ ​១០ បាវ​នោះ ​មាន​តម្លៃ​​ស្មើ​ ២៥០ ដុល្លារ គឺ​គិត​ចាប់​ពី​ខែ​កញ្ញា ឆ្នាំ ​២០១៩ នេះ​តទៅ»។

គួរ​បញ្ជាក់​ដែរ​ថា មណ្ឌល​កំព្រា​ភូមិ​ខៃស៍​ ស្ថិត​ក្នុង​​ភូមិ ១ ឃុំ​​ត្រែង​ត្រយឹង​ ស្រុក​ភ្នំ​ស្រួច ខេត្ត​កំពង់ស្ពឺ​ ឬ​ចម្ងាយ​ ៨៧ គីឡូ​ម៉ែត្រ​ពី​ភ្នំពេញ ក្រោម​ការ​គ្រប់គ្រង និង​ផ្គត់ផ្គង់​ពី​​​អង្គការ​ឧបត្ថម្ភ​​កុមារ​កំព្រា​ ​ដែល​​មាន​ទីស្នាក់ការ​​​ក្នុង​សង្កាត់​ស្ទឹងមានជ័យ​ ខណ្ឌ​មានជ័យ ​រាជធានី​ភ្នំពេញ។​

បុគ្គលិក​ក្រុម​ហ៊ុនដឹក​ជញ្ជូន​ Dolphin Logistics​ International ជូន​អំណោយមណ្ឌលកុមារកំព្រា​នៅ​ខេត្ត​កំពង់ស្ពឺ​ថ្ងៃ​កាន់បិណ្ឌ ១។សហការី

លោក សួង សន្តិភាព ហៅ​លោក​ ​សាន់នី ជា​ប្រធាន​អង្គការ​​ឧបត្ថម្ភ​កុមារ​កំព្រា​ (អង្គការ​​ខៃស៍​ឃីតស៍-KaisKids)​ បាន​​ឲ្យ​ដឹង​ពី​ការ​កកើត​អង្គការ និង​សកម្មភាព​ចម្បង​របស់​អង្គការ​ថា៖ «អង្គការ​នេះ​បាន​បង្កើត​តាំង​​ពី​ឆ្នាំ ​២០០១​ មក​ ហើយ​មាន​សកម្មភាព​សំខាន់​ជួយ​ចិញ្ចឹម​កុមារ​កំព្រា​ទាំង​​ឡាយ ​ដែល​ភាគ​ច្រើន​ជា​កុមារ​ពិការ​​ ឬ​កុមារ​ត្រូវ​បាន​មាតាបិតា​ក្រីក្រ​ខ្វះ​​លទ្ធភាព​បោះបង់​ចោល​តាំង​ពី​កុមារ​ភាព​មក​​​។ កុមារ​ភាគ​ច្រើន​មាន​ពិការភាព​​ដោយសារ​ជំងឺ​​​រលាក​ខួរ​​ក្បាល​ ឬ​ជំងឺ​ធ្ងន់ៗ​ផ្សេង​ទៀត ដែល​ពេទ្យ​​តម្រូវ​ឲ្យ​សម្រាក​ព្យាបាល​រាប់​ខែ​នៅ​​មន្ទីរ​ពេទ្យ​។ ដោយ​ខ្វះ​លទ្ធភាព​ និង​​ភាព​ក្រីក្រ ក៏ដូចជា​អស់​សង្ឃឹម​ចំពោះ​​កូនៗ​ ក៏​បង្ខំ​ចិត្ត​ទុក​កូនៗ​​ចោល​នៅ​​មន្ទីរ​ពេទ្យ​​ ភាគ​ច្រើន​នៅ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​។

នាពេល​បច្ចុប្បន្ន ​មណ្ឌល​យើង​មាន​កុមារា​កុមារី​​​កំព្រា​ ដែល​មាន​វ័យ​ចាប់​ពី​ ១ ឆ្នាំ ដល់ ១៨ ឆ្នាំ មាន​ចំនួន​សរុប​ ៣៨ នាក់​ ខណៈ​​អង្គការ​ជា​អ្នក​ទទួល​​បន្ទុក​លើ​ការងារ​មួយនេះ​»៕​