ក្រុងតូក្យូ: ធ្លាប់​ជា​ផ្នែក​មួយ​ដ៏សំខាន់​ក្នុង​ជីវិត​ប្រចាំថ្ងៃ​របស់​ជនជាតិ​ជប៉ុន ក្រដាស​មហាសែន​ស្ដើង វ៉ាស៊ិ ត្រូវ​បាន​ប្រើប្រាស់​ចាប់ពី​ការសរសេរ គំនូរ ស្រោម​អំពូល ឆត្រ និង​សន្ទះទ្វារ​រូត​។ តែ​តម្រូវការ​បាន​ធ្លាក់​ចុះ ដោយសារ​ជីវិត​ប្រចាំ​ថ្ងៃ​បច្ចុប្បន្ន​កាន់តែ​និយម​បែប​បស្ចិមប្រទេស​។

ទោះ​ប្រវត្ដិ​ក្រដាស​ស្ដើង​អាយុ ១៣០០ ឆ្នាំ និង​ជា​បេតិកភណ្ឌ​វប្បធម៌​អរូបី​របស់​អង្គការ យូណេស្កូ ក្រដាស វ៉ាស៊ិ កំពុង​តែ​ប្រឈម​នឹង​ការលំបាក​ទាក់ទាញ​អតិថិជន ហើយ​តម្លៃ​ទីផ្សារ​បាន​ធ្លាក់ចុះ​ជាង ៥០ ភាគរយ​ក្នុង​រយៈពេល ២ ​ទសវត្សរ៍​។

ប៉ុន្ដែ​រោង​ពុម្ព​តូច​មួយ​នៅ​ភាគ​ខាងលិច​ប្រទេស​ជប៉ុន លោក ហ៊ីរ៉ូយ៉ូស៊ិ ឈីនហ្សៃ ជា​អ្នក​ផលិត​ក្រដាស​បុរាណ​នេះ​ជំនាន់​ទី​ ៤ បាន​ផលិត​ក្រដាស វ៉ាស៊ិ ដើម្បី​បង្កើន​ប្រជាប្រិយភាព​ឡើង​វិញ​ទាំង​ការប្រើប្រាស់​ក្នុង​ស្រុក និង​អន្ដរជាតិ​។

រោងចក្រ​ផលិត​ក្រដាស​ប្រពៃណី​នៅ​ភូមិ ហ៊ីដាកា ឆ្ងាយ​ពី​ក្រុង​តូក្យូ​។ រូបថត AFP

ផលិតផល​របស់​លោក ឈីនហ្សៃ ជា​ក្រដាស​ស្ដើង​បំផុត​ក្នុង​លោក​បាន​ជួយសង្គ្រោះ​ឯកសារ​ប្រវត្ដិសាស្ដ្រ​នៅតាម​សារមន្ទីរ និង​បណ្ណាល័យ​ធំៗ​រួមទាំង​នៅ​ក្រុង​ប៉ារីស សារមន្ទីរ​ចក្រភព​អង់គ្លេស និង​បណ្ណាល័យ​សភា​ក្រុង​វ៉ាស៊ីនតោន​ពី​ការពុកផុយ​។

បុរស​អាយុ ៥០ ​ឆ្នាំ​រូប​នេះ​បាន​ប្រាប់ AFP ថា​ក្រដាស វ៉ាស៊ិ ងាយស្រួល​បត់​កាច់ និង​ប្រើប្រាស់​បាន​យូរ​។ ក្រដាស​សិប្បកម្ម​តាម​បែប​ប្រពៃណី​ត្រូវ​បាន​ផលិត​ឡើង​ពី​រុក្ខជាតិ​ឈ្មោះ កូហ្សូ ឬ​ដើម​មន​។

ស្ថិត​នៅ​រោងចក្រ​ដ៏តូច​មួយ​ក្នុង​ភូមិ​ហ៊ីដាកា​ចម្ងាយ ៦៤០ គីឡូម៉ែត្រ​ភាគ​និរតី​ក្រុង​តូក្យូ អ្នក​ផលិត​ក្រដាស​រូបនេះ​បាន​ថ្លែង​ថា​៖ «​សៀវភៅ​ចាស់ៗ​របស់​ជប៉ុន​បន្សល់​ទុក​តាំងពី​សតវត្សរ៍​ទី ៧ និង​ទី ៨ នៅ​មាន​គុណភាព​ល្អ ព្រោះ​ជាតិ​សរសៃ​រុក្ខជាតិ​កូហ្សូ​»​។

ក្រដាស វ៉ាស៊ិ មាន​កម្រាស់​តែ ០,០២ មិល្លីម៉ែត្រ បើ​ធៀប​នឹង​ក្រដាស​ស្ដង់ដា ០,០៩ មិល្លីម៉ែត្រ​។

លោក ឈិនហ្សៃ បាន​បន្ដ​ថា​៖ «​វា​ហាក់បី​ដូចជា​ក្រដាស​សំណាញ់​ដែល​ផលិត​ឡើង​ចម្បង​ពី​ជាតិ​សរសៃ​។ វា​ស្ដើង​ប្រហាក់ប្រហែល​នឹង​ស្បែក​មនុស្ស​»៕ HR