ក្រុង​ស៊ីដនី៖ ការ​កម្សាន្ត​​ពេល​រាត្រី​​​ដ៏​​សោះ​កក្រោះ​នៅ​ទីក្រុង​ស៊ីដនី​ឆាប់ៗ​​​នេះ ​នឹង​ទទួល​បាន​​ការ​យោគយល់​​ដោយ​អជ្ញាធរ​បាន​ប្រកាស​​លុប​ចោល​ច្បាប់​កំណត់​ម៉ោង​​ចរាចរណ៍​លក់ និង​ក្រេប​គ្រឿង​ស្រវឹង។

អគ្គទេសាភិបាលរដ្ឋ​ញូវសោតវែល បាន​ប្រកាស​ថា ម៉ោង​ពេល​ដំណើរការ​តៀម​ស្រា​នឹង​ពន្យារពេល ​ហើយ​ច្បាប់​​ទម្លាប់​ក្នុងការ​ផឹក​គ្រឿង​ស្រវឹង​ក្រោយ​​វេលា​អាធ្រាត្រ​ ក៏​ត្រូវ​បាន​បន្ធូរ​បន្ថយ​នៅ​តំបន់​ភាគ​ច្រើន​នៃ​​ក្រុង​ស៊ីដនី។

លោកស្រី Berejiklian បាន​ថ្លែង​ថា៖ «យើង​ត្រូវ​តែ​ធានា​ថា យើង​មាន​សេដ្ឋកិច្ច​​ពេល​រាត្រី​ដ៏​ស្រស់​បំព្រង រឹងមាំ និង​រស់រវើក ហើយ​វា​នឹង​ឆ្លុះ​បញ្ចាំង​ពី​​ស្ថានភាព​របស់​យើង​ក្នុង​នាម​ជា​ទីក្រុង​​លំដាប់​សាកល​លោក​តែ ១ គត់​របស់​អូស្ត្រាលី»។

សម្រាប់​ទីក្រុង​ដែល​ល្បី​​​ខាង​ពិធី​​ជប់​លៀង​​រាត្រី​ចូល​ឆ្នាំ​សកល​ ដ៏​ជោរជន់​​ដោយ​គ្រឿង​ស្រវឹង​នោះ​ ស្រា​រ៉ាំ (rum) ជា​ជម្រើស​សម្រាប់​អ្នក​ផឹក​ពី​ក្បាល​ព្រលប់ ខណៈ​​យប់​បន្តិច​ទីក្រុង​ស៊ីដនី​បែរ​ជា​​​ស្ងប់ស្ងាត់។

ក្រោម​ឥទ្ធិពល​ច្បាប់​ចាក់​សោ​ទ្វារ បារ៍​ត្រូវ​បិទ​ត្រឹម​ម៉ោង ១ កន្លះ​រំលង​អាធ្រាត្រ។ ទន្ទឹម​នឹង​នោះ ក៏​មាន​បម្រាម​​លើ​ការ​លក់​ដូរ​ស្រា​ក្រឡុក និង​ស្រាបៀរ​ដាក់​កែវ ​ក្រោយ​ពី​ពាក់​កណ្ដាល​អាធ្រាត្រ​ផង​ដែរ។

រូបតំណាង : ពលរដ្ឋ​​ខ្លះ ចាត់ទុក​ក្រុងស៊ីដនី​ខ្វះរសជាតិ​​ការកម្សាន្ត​រាត្រី​។ រូបថត AFP

ច្បាប់​ទម្លាប់​ដាក់​កំហិត​ម៉ោង​ពេល​ស៊ីផឹក​​នេះ ​ត្រូវ​បាន​អនុវត្ត​នៅ​ដើម​ឆ្នាំ ២០១៤ ដើម្បី​កាត់​បន្ថយ​អំពើ​ហិង្សា​​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង។

ដោយសារ​តែ​ច្បាប់​នេះ សូម្បី​តែ​តារាច​ម្រៀង​ប៉ុប​ល្បីៗ​ដូចជា ម៉ាដូណា និង​ចេស្ទីន ប៊ីប៊ើរ មិន​អាច​ចូលរួម​កម្មវិធី​​តង់​ទី ២ ​របស់​ពួក​គេ​ ដោយសារ​តែ​ពួក​គេ​មក​ដល់​យឺត​ពេល​ក្រោយ​ពី​ចប់​កិច្ចការ​ច្រៀង​​សម្ដែង​។

យោង​តាម​វិបសាយ​ស្ទាបស្ទង់​មតិ TimeOut.com ទីក្រុង​ស៊ីដនី​ជាប់​ចំណាត់​ថ្នាក់​លេខ ៣៩ ជា​ទីក្រុង​ល្អ​បំផុត​ក្នុង​លោក​ប្រចាំ​ឆ្នាំ ២០១៩ ដោយសារ​តែ​ពលរដ្ឋ​របស់​ខ្លួន​បាន​បោះឆ្នោត​ដាក់​ងារ​ទីក្រុង​នេះ​ថា «ទីក្រុង​​ដែល​មាន​ជីវិត​ពេល​រាត្រី​ដ៏​សោះ​កក្រោះ​បំផុត​ក្នុង​លោក»។

ទីក្រុង​នេះ​នឹង​ស្វាគមន៍​ជីវិត​កម្សាន្ត​ពេល​រាត្រី​ដ៏​រសើរវើក នៅ​ពេល​ច្បាប់​ដក​​​កំហិត​លើ​គ្រឿង​ស្រវឹង​នៅ​ក្រុង​ស៊ីនដី នឹង​ចេញ​ជា​ធរមាន​នៅ​ថ្ងៃទី ១៤ ខែ​មករា ខាង​មុខ​នេះ៕ AFP