ភ្នំពេញ៖ ទីបំផុត​ក្រុម​និស្សិត ៦ ក្រុម​ មាន​សមាជិក​សរុប​ចំនួន ២៤ រូប​ នឹង​ត្រូវ​ចេញ​ទៅ​ចូលរួម​នៅ​ក្នុង​កម្មវិធី​បណ្តាញ​ផ្លាស់ប្តូរ​ និសិ្សត និង​យុវជន​​​រវាង​​ប្រទេស ជប៉ុន និង​បណ្តា​ប្រទេស​អាស៊ី​ខាង​កើត​នៅ​ឆ្នាំ ​២០១៩ ឬ​កម្មវិធី JENESYS 2019 ក្រោយ​ពី​បាន​ប្រកួត​​វគ្គ​ផ្តាច់ព្រ័ត្រ​​ក្នុង​ប្រទេស កម្ពុជា​ ​កាល​​ពី​ថ្ងៃទី ​១៧ ខែ តុលា ឆ្នាំ ​២០១៩ នៅ​ឯ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា-ជប៉ុន (CJCC)។

ឆ្លង​កាត់​ការ​ដាក់​ពិន្ទុ​ប្រកប​ដោយ​សុក្រឹតភាព​របស់​គណកម្មការ ​និង​ផ្អែក​លើ​ភាព​ច្នៃ​ប្រឌិត ទាក់ទាញ​ និង​សាមគី្គភាព​​ក្នុង​ក្រុម ​និសិ្សត​ចំនួន​ ៦ ​ក្រុម​​ស្មើ​នឹង ​២៤​ រូប​ ​ត្រូវ​បាន​ជ្រើសរើស​សម្រាប់​ជយលាភី​ពី​​កម្មវិធី JENESYS 2019 ក្រោម​​ប្រធានបទ​រួម​ថា «ស្រុក​កំណើត​ខ្ញុំ» សម្រាប់​ការ​ប្រកួត​វគ្គ​​ផ្តាច់ព្រ័ត្រ ដែល​មាន​ចំនួន ១២ ក្រុម ​ស្មើ​នឹង​ចំនួន​ ៤៨ រូប ខណៈ​​បេក្ខជន​បាន​ដាក់​ពាក់​ចូលរួម​ប្រកួត​ដំបូង​មាន​ចំនួន​សរុប ១២២ ក្រុម មក​នោះ​។

ក្រុមទាំង ៦ ជា​ជយលាភី​នៃ​ការ​ប្រកួត​កម្មវិធី JENESYS 2019 ដែល​រៀបចំ​ការ​ប្រកួត​​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា​-ជប៉ុន កាល​ពី​ចុង​សប្តាហ៍​​កន្លង​មក​​នោះ គឺ​ក្រុម​ជយលាភី​លេខ ១ បាន​ទៅ​ក្រុម​និស្សិត​​​មក​ពី​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពញ ​និង​ក្រុម​សាកល​​វិទ្យាល័យ​លីមកុកវីង មាន​សមាជិក​ ៤ រូប ដែល​បាន​​ធ្វើ​បទ​បង្ហាញ​ប្រធានបទ ​«ស្រុក​ខ្ញុំ​ចម្លាក់​ខ្ញុំ» ផ្តោត​​លើ​ការ​ប្រកប​របរ​ជាង​​ប្រាក់​​ស្ពាន់​ ឬ​ជាង​ចម្លាក់​ខ្មែរ​ពី​បុរាណ​​កាល កំពុង​តែ​ជិត​អស់​អ្នក​​​បន្ត​វេន​នៅ​ជំនាន់​ក្រោយ។

ចំណែក​ឯ​ក្រុម ជយលាភី​លេខ ​២ បាន​លើ​ក្រុម​និស្សិត​មក​ពី​សាកល​វិទ្យាល័យ​ភូមិន្ទ​​ភ្នំពញ មាន​​សមាជិក ៤ រូប ដែល​បាន​ធ្វើ​​​បទ​បង្ហាញ​ប្រធានបទ ​«កេរដំណែល​​វប្បធម៌​នៃ​ខេត្ត​ពោធិ៍សាត់» ដែល​បាន​លើក​យក​ពី​របាំ​​បេះ​​ក្រវាញ ជា​កេរ​ដំណែល​ត​ពី​ដូន​តា​របស់​អ្នក​នៅ​ខេត្ត​​ពោធិ៍សាត់​ ខណៈ​ឥឡូវ​​លែង​សូវ​មាន​អ្នក​បាន​ស្គាល់​ហើយ ជា​ពិសេស គឺ​កូន​ខ្មែរ​នៅ​ជំនាន់​ក្រោយ​​។ ​

ក្រុម​និស្សិត​ធ្វើ​បទ​បង្ហាញ​ប្រធាន​បទ​ខ្លួន​ពេលប្រកួត​​​។ រូបថត ហ៊ាន រង្សី​

ជយលាភី​លេខ ​៣ បាន​​​លើ​ក្រុម​និស្សិត​រួម​គ្នា​មាន​ ៣ ​សាលា ​គឺ​​សាកល​វិទ្យាល័យ​​ភូមិន្ទ​ភ្នំពញ សាកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង និង​សាកល​វិទ្យាល័យ​​​កម្ពុជា មាន​សមាជិក ៤ រូប បាន​​ធ្វើ​បទ​​បង្ហាញ​ពី​រឿង​សត្វ​​ ​«​រពីង​»​។

​ជយលាភី​លេខ ​៤ បាន​ទៅ​លើ​ក្រុម​និស្សិត​មក​ពី​សាកល​វិទ្យាល័យ​ភូមិន្ទ​​ភ្នំពញ​មាន​សមាជិក ៤ រូប ដែល​​បាន​ធ្វើ​បទ​បង្ហាញ​ប្រធានបទ ​«​ព្រះវិហារ​ស្រុក​កំណើត​ខ្ញុំ/ដែន​ដី​នៃ​មាស​បៃតង» ខណៈ​ក្រុម​​ជយលាភី​លេខ ​៥ បាន​ទៅ​លើ​​ក្រុម​និស្សិត​ ដែល​មាន​សមាជិក ៤ ​រូប ធ្វើ​បទ​បង្ហាញ​​ប្រធានបទ​ «​របាំ​បណ្តាំ​​បាត់ដំបង» និង​ក្រុម​ជយលាភី​លេខ ៦ បាន​លើ​ក្រុម​និស្សិត​​មក​ពី​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ មាន​សមាជិក ៤ រូប ដែល​បាន​ធ្វើ​បទ​បង្ហាញ​ប្រធានបទ​ «ខេត្ត​រតនគិរី​កន្លែង​ ដែល​យើង​​ហៅ​ថា​ផ្ទះ»។

បើ​តាម​សេចក្តី​ប្រកាស នា​ថ្ងៃ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ឲ្យ​ដឹង​ថា៖ «​កម្មវិធី​ JENESYS គឺជា​កម្មវិធី​​ផ្លាស់ប្តូរ​យុវជន ​ដែល​​រៀបចំ​ឡើង​​ដោយ​ក្រសួង​ការ​បរទេស​នៃ​ប្រទេស ​ជប៉ុន ដើម្បី​ជំរុញ​ការ​យល់ដឹង ​និង​កសាង​ទំនុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក នៅ​​ក្នុង​ចំណោម​​ប្រជាជន​ជប៉ុន និង​បណ្តា​ប្រទេស​ចូលរួម និង​ដើម្បី​កសាង​មូលដ្ឋានគ្រឹះ​នៃ​របៀប​ធ្វើ​​កិច្ចសហប្រតិបត្តិការ ​និង​បង្កើត​ចំណង​​មិត្តភាព​នា​ពេល​អនាគត។​

កម្មវិធី​នេះ ​នឹង​ជួយ​ជំរុញ​អ្នក​ចូលរួម​ឲ្យ​មាន​ឱកាស​យល់​​ដឹង​​កាន់​តែ​ស៊ី​ជម្រៅ អំពី​ប្រទេស ​ជប៉ុន ​ព្រម​ទាំង​​អាច​កែ​​រំលែក​នូវ​​បទពិសោធ​ផ្ទាល់​ខ្លួន​ឲ្យ​​បាន​ទូលំទូលាយ​ទៅ​កាន់​ប្រជាជន​កម្ពុជា​ផង​ដែរ ក្រោយ​ពី​ក្រុម​និស្សិត​ទាំង ​២៤ រូប​នេះ ​បាន​​​​វិល​ត្រឡប់​មក​​កាន់​ទឹក​ដី​មាតុភូមិ​របស់​​​ពួក​គេ​វិញ​នោះ​»៕