ភ្នំពេញៈ តាមរយៈ​គម្រោង​មួយ​ដែល​មាន​ឈ្មោះថា «​តោះ​ថត​ឯកសារ​កម្ពុជា​» គឺជា​គម្រោង​មួយ​ដែល​បាន​បង្កើតឡើង​ដោយ​ក្រុម​ភាពយន្ត​ផ្កាឈូករ័ត្ន នៅក្នុង​គោលបំណង​បណ្តុះបណ្តាល​ដល់​ប្រជាជន​កម្ពុជា ជាពិសេស​យុវជន​ខ្មែរ​ឲ្យ​មាន​ជំនាញ​គ្រប់គ្រាន់​នៅ​ក្នុង​ការថត​ទុក​អ្វី​ដែល​ទាក់ទង​នឹង​បញ្ហា «​សេរីភាព​ក្នុង​ការបញ្ចេញមតិ​» និង «​សេរីភាព​ទទួល​បាន​ព័ត៌មាន​» ថែម​ទាំង​ដើម្បី​ត្រៀមខ្លួន​សម្រាប់​ការចូលរួម​ប្រកួត​កម្មវិធី​មហោស្រព​ភាពយន្ត​ខ្នាត​ខ្លី​ចតុមុខ​ប្រចាំ​ឆ្នាំ​ ២០១៩ នៅ​ខែ​កញ្ញា​ខាង​មុខ​ទៀត​ផង​។

លោក គាំ វុត្ថា ប្រធាន​គ្រប់គ្រង​ផ្នែក​ព័ត៌មាន​នៃ​កម្មវិធី​មហោស្រព​ភាពយន្ត​ខ្នាត​ខ្លី​ចតុមុខ​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​ឲ្យ​ដឹងថា​៖ «​ក្រុម​ការងារ «​តោះ​ថត​ឯកសារ​កម្ពុជា​» គឺ​ក្រុម​ភាពយន្ត​ផ្កាឈូករ័ត្ន​បាន​បើក​នូវ​វគ្គ​បណ្តុះបណ្តាល​អ្នកចូលរួម​ចំនួន ៣០ ​នាក់​ដោយ​បាន​បែងចែក​ជា ៦ ក្រុម​ហើយ​ក្រុម​នីមួយៗ​មាន​សមាជិក​ចំនួន ៥ នាក់​។ ក្រុម​ទាំង ៦ នេះ​តម្រូវ​ឲ្យ​ចូលរួម​សិក្សា​វគ្គ​បណ្តុះបណ្តាល​ដែល​ទាក់ទង​នឹង​ដំណើរការ​នៃ​ការថត​ភាពយន្ត​ឯកសារ​។

វគ្គ​បណ្តុះបណ្តាល​នេះ​មាន​រយៈពេល​ចំនួន ១០ ​ថ្ងៃ​ដោយ​បាន​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​ ១១ រហូត​ដល់​ថ្ងៃ​ទី​ ២០ ខែ​មិថុនា ឆ្នាំ​ ២០១៩ កន្លងមក​។ បន្ថែម​ពីនេះ​ទៅ​ទៀត ក្រុម​នីមួយៗ​តម្រូវ​ឲ្យ​ផលិត​ខ្សែភាពយន្ត​ខ្លី​ក្រោម​ប្រធានបទ​ទាក់ទង​នឹង​រឿង «​សេរីភាព​ក្នុង​ការបញ្ចេញមតិ​» និង​ «​សេរីភាព​ទទួល​បាន​ព័ត៌មាន​» ដោយ​ត្រូវបង្កើត ១ ​ក្រុម ១ ​រឿង​ផង​ដែរ​»​។

ក្រុមយុវជន​ទទួល​បាន​ការណែនាំ​ពី​របៀប​ថត​ភាពយន្ត​ឯកសារ​។ រូបថត សហការី

លោក គាំ វុត្ថា បន្ត​ថា​៖ «​ពិសេស​ជាង​នេះ​ទៀត​រឿង​ទាំង ៦ របស់​ក្រុម​ពួកគាត់​ក៏​នឹង​ត្រូវ​យក​ទៅ​ចាក់​បញ្ចាំង​ក្នុង​កម្មវិធី​មហោស្រព​ភាពយន្ត​ខ្នាត​ខ្លី​ចតុមុខ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ក្នុង​ខែ​កញ្ញា​ខាង​មុខ​នេះ​ផង​ដែរ ខណៈ​ការបណ្តុះបណ្តាល​ពី​អ្នកជំនាញ​ថត​ខ្សែភាពយន្ត​អំពី​ការសរសេរ​ស្គ្រីប (Script) ឬ​គម្រោង​តែង​វិធីសាស្ត្រ​ក្នុង​ការធ្វើ​ការ​ជាមួយ​នឹង​តួ​សម្តែង និង​ការកែ​សំឡេង​»​។

គូរ​បញ្ជាក់​ដែរ​ថា​កម្មវិធី​មហោស្រព​ភាពយន្ត​ខ្នាត​ខ្លី​ចតុមុខ (CSFF) បង្កើតឡើង​ក្នុង​គោលបំណង​ទទួល​យក​ខ្សែភាពយន្ត​ខ្លីៗ​ទាំងអស់​ពី​ជុំវិញ​ពិភពលោក និង​ស្វាគមន៍​រដូវកាល​ថ្មី​ឆ្នាំ​ ២០១៩​នេះ​បាន​បើក​ប្រកាស​ទទួល​រឿង​ពី​សមិទ្ធករ​រឿង​ខ្លី​ផ្នែក​​ភាពយន្ត​ឯកសារ​ផងដែរ ដើម្បី​ជា​ការលើក​ទឹកចិត្ត​ទៅ​ដល់​ក្រុម​យុវ​សមិទ្ធករ ឬ​ផលិតករ​វ័យក្មេង​ខ្មែរ​យើង​ឲ្យ​ពួកគាត់​អាច​បង្ហាញ​ពី​ទេពកោសល្យ​របស់​ខ្លួន​ទៅ​កាន់​ពិភពលោក​តាមរយៈ​ស្នាដៃ​ភាពយន្ត​ខ្លួន​ទៀតផង​។

ខណៈ​កម្មវិធី​មហោស្រព​ភាពយន្ត​ខ្នាត​ខ្លី​ចតុមុខ​ឆ្នាំ​ ២០១៩ ដែល​ជា​ការប្រារព្ធ​ធ្វើ​លើក​ទី​ ៨ ​នេះ​បាន​រៀបចំ​ឡើង​ដោយ​ក្រុម​ភាពយន្ត​ឈូករ័ត្ន​- Sunflower Film Alliance (SFA) ដោយ​បាន​ចាប់ផ្តើម​ទទួល​ស្នាដៃ​ខ្សែភាពយន្ត​ខ្នាត​ខ្លី ទាំង​ជា​ស្នាដៃ​របស់​ផលិតករ​ខ្មែរ និង​បរទេស​ចាប់​តាំងពី​ដើម​ខែ​មីនា មក និង​ការឈប់​ទទួល​រឿង​នៅ​ត្រឹម​ថ្ងៃទី​ ១២ ខែ​កក្កដា ឆ្នាំ ២០១៩​។

ជានិច្ចកាល​សម្រាប់​កម្មវិធី CSFF នឹង​ជ្រើសរើស​ភាពយន្ត​ខ្លី​ដែល​មាន​ភាពលេចធ្លោ ខណៈ​សម្រាប់​ឆ្នាំ​ទី​ ៨ ​នេះ​នៅ​ក្នុង​ពាក់កណ្តាល​ខែ​កក្កដា​ហើយ​ម្ចាស់​ជយលាភី​នឹង​ត្រូវ​បែងចែក​ជា ៤ ប្រភេទ​គឺ​ទី​ ១ ភាពយន្ត​ខ្លី​ឆ្នើម​របស់​កម្ពុជា​ទី​ ២ ភាពយន្ត​ខ្លី​ឆ្នើម​បន្ទាប់​ទី​ ៣ ជា​រង្វាន់​ទស្សនិកជន​ដល់​ភាពយន្ត​ខ្លី​ក្នុង​ស្រុក និង​ទី​ ៤ ជា​រង្វាន់​ទស្សនិកជន​ទៅ​ដល់​ភាពយន្ត​ខ្នាត​ខ្លី​របស់​អន្តរជាតិ​។

មហោស្រព​ភាពយន្ត​ខ្នាត​ខ្លី​ចតុមុខ​ប្រចាំ​ឆ្នាំ​ ២០១៩ នេះ​ត្រូវ​លោក គាំ វុត្ថា បន្ថែម​ឲ្យ​ដឹងថា​នឹង​មាន​ការប្រគល់​នូវ​រង្វាន់​ជយលាភី​នៃ​វគ្គ​ផ្តាច់ព្រ័ត្រ​មាន​ចំណាត់ថ្នាក់​ពី​លេខ ១ លេខ ២ និង​លេខ ៣ វិញ​ហើយ​សម្រាប់​វណ្ណកម្ម​ភាពយន្ត​ខ្មែរ ខណៈ​វណ្ណកម្ម​បរទេស​មាន​តែ ១ ​រង្វាន់​ប៉ុណ្ណោះ​។ ចំពោះ​កម្មវិធី​ផ្លូវការ​ចុងក្រោយ​នៃ​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ​ឆ្នាំ​ ២០១៩ នេះ​នឹង​ធ្វើ​នៅ​ថ្ងៃ​ទី​ ៥ រហូត​ដល់​ទី​ ៨ ខែ​កញ្ញា ឆ្នាំ​ ២០១៩ ខាង​មុខ​នេះ​ហើយ​៕