ក្រុងម៉ានីល៖ មិនថាមានព្យុះទីហ្វុង ឬថវិកាខ្សត់ខ្សោយ ក្រុមរបាំបាឡេហ្វីលីពីននៅតែបន្តរាំគ្រវីខ្លួន ខណៈអ្នកទ្រាំពុំបានសុខចិត្តរត់ទៅសម្ដែងតាមនាវាទេសចរណ៍ និងសួនកម្សាន្តយក្សឌីស្នី ជាថ្នូរនឹងប្រាក់ខែខ្ពស់។
យ៉ាងណាមិញ ឆ្លងកាត់ឧបសគ្គដ៏ច្រើនក្រុមបាឡេហ្វីលីពីន ឈានដល់ខួប ៥០ ឆ្នាំ ហើយប្តេជ្ញាបន្តអាយុកាលទៅមុខ ដើម្បីផ្ដល់ទស្សនីយភាពរបាំបាឡេប្រចាំប្រទេសខ្លួន។
បង្កើតឡើងនៅឆ្នាំ ១៩៦៩ ដោយអ្នករបាំសហសម័យ Alice Reyes សព្វថ្ងៃក្រុមរបាំបាឡេហ្វីលីពីនត្រូវតស៊ូនឹងអាជីពជាមួយប្រាក់ខែដ៏ស្ដួចស្ដើង ដោយក្នុងមួយឆ្នាំបម្រើខ្សែចក្ខុទស្សនិកជន ៣០ ម៉ឺននាក់។
ក្រុមរបាំបាឡេដំបូងបង្អស់នៅអាស៊ីនេះ តែងតែរបេះសមាជិកដោយកត្តាជីវភាពបានធ្វើឲ្យពួកគេបង្ខំចិត្តទៅសម្ដែងនៅលើនាវាទេសចរណ៍ និងនៅសួនកម្សាន្តឌីស្នីលែន ជាមួយប្រាក់ខែពី ៥០ ទៅ ១០០ ដងលើសចំណូលអ្នករបាំបាឡេនៅហ្វីលីពីន។
ប្រធានក្រុមរបាំបាឡេ Kathleen Liechtenstein បាននិយាយថា៖ «អ្វីដែលខ្ញុំមិនសប្បាយចិត្តនោះ គឺសួនកម្សាន្តឌីស្នី បានប្រើប្រាស់អ្នករបាំយើងធ្វើជាតួអង្គ មីគី មោស៍»។
គ្រូរបាំ Denise Parungao ដែលផ្ដើមអាជីពបាឡេ ជាមួយប្រាក់ខែ ៤០ដុល្លារ បាននិយាយថា នាងត្រូវពឹងផ្អែកលើគ្រួសារជួយចេញថ្លៃជួលផ្ទះ ទើបអាចរស់បាន។ ដូច្នេះហើយនាងយល់ច្បាស់ពីស្ថានភាពដែលបង្ខំឲ្យអ្នករបាំបាឡេសម្រេចចិត្តចាកចោលអាជីព។
គ្រូរបាំវ័យ ២៥ ឆ្នាំរូបនេះ បាននិយាយថា៖ «វាពិតជាពិបាកណាស់ បើប្រាក់ខែតិចអ៊ីចឹង»។
ទោះបីជាយ៉ាងណា ក្រុមរបាំបាឡេហ្វីលីពីន នៅតែបន្តដង្ហើមដោយសារឆន្ទៈខ្ពស់របស់អ្នកសម្ដែង។
កាលពីឆ្នាំ ២០១៤ ព្យុះទីហ្វុងបានកាត់ផ្ដាច់អគ្គិសនី ហើយនាំមកនូវទឹកជំនន់ ជាឧបសគ្គដល់អ្នកមកទស្សនារបាំបាឡេ។ ប៉ុន្តែអ្នករៀបចំកម្មវិធីនៅតែបន្តការសម្ដែង ដែលធ្វើឲ្យទស្សនិកជនខំស្កាត់មកមើលមិនខកចិត្ត។
អ្នកនាង Liechtenstein បានរំឭកថា៖ «មុនពេលសម្ដែងបន្តិច យើងមានអគ្គិសនីប្រើវិញ ហើយមនុស្សចាប់ផ្ដើមមកមជ្ឈមណ្ឌលវប្បធម៌ហ្វីលីពីនបណ្ដើរៗ។ វាពិតជាបទពិសោធដ៏រំជួលចិត្តមែន»។
អ្នកនាងបន្តថា៖ «ការសម្ដែងរបាំបាឡេគ្រានោះពិតជាមិនអាចបំភ្លេចបានក្នុងឆាកជីវិត ហើយទស្សនិកជននាំគ្នាក្រោកឈរហ៊ោគាំទ្រតែម្ដង»។
ការគាំទ្រដ៏មហិមានេះពិតជាស័ក្ដិសមនឹងស្មារតីស្រឡាញ់របាំបាឡេរបស់ក្រុមពិតមែន ដោយសូម្បីតែការថែទាំស្បែកជើងពាក់រាំជាដើម។
នៅក្រុមរបាំបាឡេធំៗ អ្នករបាំអាចពាក់ស្បែកជើងដល់ទៅ ៤ គូ សម្រាប់ការសម្ដែងតែម្ដង។
គ្រូរបាំ Denise Parungao បានលើកឡើងថា៖ «នៅក្រុមរបាំបាឡេហ្វីលីពីនយើង អ្នករាំម្នាក់ យើងប្រើស្បែកជើង ១ គូ រយៈពេលពេញមួយខែ។ ពួកគេមើលថែស្បែកជើង លាបកាវ និងដុសខាត់យ៉ាងផ្ចិតផ្ចង់»។
អ្នកនាងបញ្ជាក់ថា៖ «នារីរបាំបាឡេហ្វីលីពីនយើងពិតជាស្រឡាញ់សិល្បៈនេះអស់ពីបេះដូង»៕ AFP