ក្រុងញូវដែលី៖ ក្រុមគ្រូពេទ្យផ្នែកវះកាត់ឥណ្ឌា បានកាត់ក្រលៀនទម្ងន់ប៉ុនបាល់ប៊ូលីងចេញពីបុរសម្នាក់ដែលកើតជំងឺហ្ស៊ែនដ៏គំរាមកំហែងដល់ជីវិត។ នេះបើយោងតាមគ្រូពេទ្យវះកាត់ម្នាក់ថ្លែងពីដើមសប្ដាហ៍។
ក្រលៀនទម្ងន់ ៧,៤ គីឡូក្រាម គឺជាដុំសាច់ត្រូវបានវះកាត់ចេញពីពោះដ៏ធំបំផុតពុំធ្លាប់មាន។
សាឈីន កាធូរីយ៉ា ជាសមាជិកក្រុមវះកាត់ម្នាក់បានប្រាប់ AFP ថា៖ «វាជាដុំសាច់ដ៏ធំមួយ ដែលមានទំហំស្ទើរតែពាក់កណ្ដាលពោះរបស់គាត់ទៅហើយ។ យើងបានដឹងថា វាជាក្រលៀនដ៏ធំ ដែលមិនធ្លាប់មានទំហំធំប៉ុណ្ណឹងឡើយ»។
អ្នកជំងឺវ័យ ៥៦ ឆ្នាំ ដែលរងគ្រោះពីជំងឺក្រលៀនដុះសាច់បានធ្វើការវះកាត់រយៈពេល ២ ម៉ោង នៅមន្ទីរពេទ្យស៊ីហ្គាញ៉ារ៉ាម ក្នុងក្រុងញូវដែលី កាលពីខែមុន។ ក្រលៀនធម្មតាមានទម្ងន់ចន្លោះពី ១២០ ទៅ ១៥០ ក្រាម និងមានប្រវែង ១២ សង់ទីម៉ែត្រ។
តាធូរីយ៉ា បាននិយាយថា ក្រលៀនកាត់ចេញពីបុរសម្នាក់នោះមានប្រវែងជិតកន្លះម៉ែត្រ។ សៀវភៅកំណត់ត្រាហ្គីណេសពិភពលោក បានបង្ហាញថា ក្រលៀនវះកាត់ចេញធំបំផុតគឺ ទម្ងន់ ៤,២៥ គីឡូក្រាម ដែលធ្វើឡើងនៅទីក្រុងញូវដែលី ឆ្នាំ ២០១៧។
វេជ្ជបណ្ឌិតនៅមន្ទីរពេទ្យញូវដែលីបានឲ្យដឹងថា យ៉ាងណាមិញ ពួកគេបានពិនិត្យឃើញតាមផ្នែកវេជ្ជសាស្ដ្របង្ហាញពីក្រលៀនទម្ងន់ ៩ គីឡូក្រាម វះកាត់ចេញពីពោះមនុស្ស។
ជំងឺកើតលើបុរសមិនត្រូវបានបង្ហាញអត្ដសញ្ញាណនោះ បង្កឲ្យមានការរីកប៉ោងទឹកចេញពេញក្រលៀន។ វេជ្ជបណ្ឌិត តាធូរីយ៉ា បានបន្ថែមថា បុរសរូបនោះ ពេលនេះ មានសុខភាពល្អ និងរង់ចាំការវះកាត់បន្សាំក្រលៀនថ្មី៕ AFP/HR