ក្រុង​ប៉ារីស៖ គ្រង​ឈុត​​ប៊ីគីនី និង​ខ្លះ​ទៀត​អាក្រាត​ទទេ​ស្អាត ​មនុស្ស​ទាំង​ប្រុស​ទាំង​ស្រី​​ បាន​នាំ​គ្នា​​ប្រារព្ធ​ប្រពៃណី​អ្នក​ធម្មជាតិ​និយម ដោយ​ចុះ​ងូត​ទឹក​សមុទ្រ​អបអរ​ការ​មក​ដល់​នៃ​ឆ្នាំ ២០២០ នៅ​ឆ្នេរ​អាក្រាត​កាយ Le Cap d''Agde​ ​ឯ​តំបន់ Herault ប្រទេស បារាំង កាល​ពី​ថ្ងៃទី ៣១ ខែ ​ធ្នូ ឆ្នាំ ២០១៩។

ស្ថិត​ក្រោម​កម្ដៅ​ព្រះអាទិត្យ មេឃ​ស្រឡះ និង​សីតុណ្ហភាព​ត្រជាក់​ ១៣ អង្សាសេ អ្នក​ធម្មជាតិ​និយម​ជាង ៤០០ នាក់​ បាន​មក​ចូលរួម​ប្រារព្ធ​នូវ​​ប្រពៃណី​​អាក្រាត​​កាយ ដោយ​ជម្រុះ​សម្លៀក​បំពាក់​រួច​ចុះ​ទឹក​នៅ​ថ្ងៃ​​ចុង​ក្រោយ​​នៃ​ឆ្នាំ​ចាស់។

នេះ​ជា​ការ​ប្រារព្ធ​ប្រពៃណី​ងូត​ទឹកស្រាត​ដំណាច់​ឆ្នាំ លើក​ទី​៣០ ហើយ​សម្រាប់​ក្រុម​អ្នក​ធម្មជាតិ​និយម​ នៅ​ឆ្នេរ​ដែល​អនុញ្ញាត​ឲ្យ​មាន​ការ​ដើរ​ហើរ​ និង​ងូត​ទឹក​សមុទ្រ​ក្នុង​សភាព​អាក្រាត​កាយ។

ប្រទេស ​បារាំង ​ជា​ទិសដៅ​ទេសចរណ៍​អាក្រាត​ដ៏​ល្បីល្បាញ​សម្រាប់​អ្នក​ធម្មជាតិ​និយម ជាមួយ​ចំនួន​អ្នក​លម្ហែកាយ​ដោយ​ការ​ស្លៀក​ខ្យល់​ដណ្ដប់​មេឃ​ដល់​ទៅ​ជាង ៤ លាន​នាក់​ឯណោះ ជា​រៀង​រាល់​ឆ្នាំ។

ជាមួយ​សមាជិក​អាក្រាត​ជា​អ្នក​ធម្មជាតិ​និយម ចំនួន​ដ៏​ច្រើន​ប្រមាណ ៨៨ ០០០ នាក់ នៅ​រដ្ឋធានី និង​ជាយ​ក្រុង ពេល​នេះ​សិទ្ធិ​សេរីភាព​ពួក​គេ​កាន់​តែ​ទូលំទូលាយ។

យ៉ាង​ណា​មិញ ឆ្នាំ​នេះ​អ្នក​ចូលរួម​ទាំង​អស់ មិន​សុទ្ធ​តែ​ស្រាត​ននលគក​​នោះ​ទេ ដោយ​អ្នក​ខ្លះ​មាន​បិទ​បាំង​កេរ្តិ៍​ខ្មាស់​តិចតួច​ដែរ។ ប៉ុន្តែ​អ្វី​ដែល​សំខាន់​ក្នុង​កម្មវិធី​នេះ គឺ​ភាព​ក្លាហាន​ក្នុង​ការ​ចុះ​ទឹក​ប្រៃ​ទោះបីជា​​វា​ត្រជាក់​ខ្លាំង​ប៉ុនណា​ក៏​ដោយ។

ក្រៅ​ពី​ប្រពៃណី​ស្រាត​ងូត​ទឹក​ឆ្លង​ឆ្នាំ ​អ្នក​ចូលរួម​ឆ្នាំ​នេះ​ក៏​តម្រូវ​ឲ្យ​ទិញ​សំបុត្រ ដែល​ថវិកា​ត្រូវ​បាន​បរិច្ចាគ​​ក្នុង​ការ​អភិរក្ស​សមុទ្រ និង​ធនធាន​ធម្មជាតិ​ផង​ដែរ៕ AFP