ក្រុង​ហ្សាការតា៖ រយៈពេល ១៥ ឆ្នាំ ក្រោយ​ពី​ជួប​គ្រោះ​រញ្ជួយ​ដី​ដ៏​បំផ្លិច​បំផ្លាញ និង​រលក​យក្ស​ស៊ូណាមិ បាន​កម្ទេច​ខេត្ដ​អាសេ​ស្ទើរ​តែ​ទាំង​ស្រុង​ក្នុង​​ឆ្នាំ ​២០០៤ ដោយ​អ្នក​រស់រាន​ជា​ច្រើន​ចាប់​ផ្ដើម​សាង​ជីវិត​ថ្មី​។

ខេត្ដ​អាសេ ដែល​មាន​ឈ្មោះ​ល្បីល្បាញ​ជា «Veranda of Mecca» របស់​ឥណ្ឌូនេស៊ី បាន​ប្រែ​ក្លាយ​ជា​មជ្ឈមណ្ឌល​ទេសចរណ៍​សាសនា​ដ៏​ល្អ​ប្រចាំ​ប្រទេស ជាមួយ​ការ​បង្កើន​រៀបចំ​សកម្មភាព​កម្សាន្ដ​ទំនើបៗ និង​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជា​ច្រើន​។

ខេត្ដ​នេះ​ក៏​មាន​ការ​ពេញ​និយម​ចំណោម​ទេសចរ​ប្រាថ្នា​ភ្លក្ស​អាហារ​ចិញ្ចើម​ផ្លូវ​។ ចាប់​ពី​ការី​ពពែ​រហូត​ដល់​សាតេ និង​កាហ្វេ​ប្លែកៗ​ ខេត្ដ​អាសេ ផ្ដល់​នូវ​សេវាកម្ម​អាហារ​ដ៏​សែន​សម្បូរ​បែប​។

ទីក្រុង​បាន​ដា អាសេ ល្បី​ចំពោះ​ភោជនីយដ្ឋាន Warung Nasi Hasan ដែល​បម្រើ​អាហារ​អ្នក​ស្រុក​អាសេ​ រួម​ទាំង​ស៊ុប​បន្លែ​ជាមួយ​ខ្ទិះ​ដូង និង​ការី​ពពែ​ជា​ដើម​។

ឥស្សរជន​ល្បីៗ​ជា​ច្រើន​តែងតែ​បង្ហាញ​វត្ដមាន​នៅ​ភោជនីយដ្ឋាន​នេះ​ដែល​ជាប់​ចិត្ដ​នឹង​ការី​ពពែ​សម្រាប់​ជា​អាហារ​ថ្ងៃ​ត្រង់​ដ៏​វិសេស​។

ក្រៅ​ពី​អាហារ​សាច់​ពពែ ភោជនីយដ្ឋាន Warung Nasi Hasan ក៏​មាន​មុខ​ម្ហូប​គ្រឿង​សមុទ្រ​រួម​ទាំង ត្រីអាំង និង​បង្កង​អាំង​ថែម​ទៀត​។

ស្រដៀង​នឹង​ភោជនីយដ្ឋាន​ Padang ទូទៅ​អ្នក​រត់​តុ​នៅ​ភោជនីយដ្ឋាន Warung Nasi Hasan នឹង​ដាក់​ម្ហូប​ជា​ច្រើន​នៅ​លើ​តុ​ ដោយ​អនុញ្ញាត​ឲ្យ​ភ្ញៀវ​មើល និង​ជ្រើសរើស​ទទួល​ទាន​ភ្លាមៗ​ដោយ​មិន​ចាំបាច់​កុម្ម៉ង់ និង​រង់ចាំ​យូរ​។

ចំពោះ​កាហ្វេ យោង​តាម​ម្ចាស់​ហាង​​ជា​ច្រើន​ក្នុង​ទីក្រុង​បាន​ឲ្យ​ដឹង​ថា ​គ្រាប់​​កាហ្វេ​ត្រូវ​បាន​ប្រមូល​ផល​ពី​ចម្ការ​ពួក​គេ​ផ្ទាល់​ដែល​ដាំ​នៅ​តាម​ជម្រាល​ភ្នំ​នៃ​តំបន់​ហ្គាយូ​ ស្ថិត​នៅ​ភាគ​កណ្ដាល​​ខេត្ដ​អាសេ៕ AFP/HR