ក្រុង​ប៉ារីស៖ ខ្ញែរ​សមុទ្រ​មួយ​ប្រភេទ​ធ្វើ​ការ​ប្រមាញ់​ចំណី​ដោយ​ការ​បញ្ចេញ​​សារធាតុ​ពុល​ដើម្បី​បង្កើត​ជា​ «​ទឹក​ពិស​» ដោយ​ក្រុម​អ្នក​វិទ្យាសាស្ដ្រ​បាន​ឲ្យ​ដឹង​ថ្មីៗ​នេះ ដែល​ជា​ការ​ស្រាយ​ចម្ងល់​ដ៏​អាថ៌​កំបាំង​នូវ​វិធី​ពួក​វា​ប្រមូល​ចំណី​ដោយ​មិន​ចាំ​បាច់​ធ្វើ​អ្វី​សោះ​។

ខ្ញែរ​សមុទ្រ​អម្បូរ Cassiopea xa-machana ដែល​ប្រទះ​ឃើញ​នៅ​ទឹក​ជ្រៅ​បរិវេណ​​រដ្ឋ Florida ខារីបៀន និង​មីក្រូនេស៊ី គឺ​តែងតែ​រំខាន​ដល់​ក្រុម​ជ្រមុជ​ទឹក​ និង​ជិះ​ក្ដា​ររលក​ ដែល​បាន​ត្រូវ​ពិស​ទោះ​​មិន​បាន​ប៉ះពាល់​សត្វ​នោះ​ផ្ទាល់​ក៏​ដោយ​។

ប៉ុន្ដែ​ក្រុម​ស្រាវជ្រាវ​មក​ពី​ US Naval Research Laboratory បាន​បង្ហាញ​ថា ខ្ញែរ​អម្បូរ Cassiopea មាន​សមត្ថភាព​ប្រមាញ់​ចំណី​ដោយ​មិន​ចាំបាច់​វាយ​ប្រហារ​ផ្ទាល់​។

ខ្ញែររ​សមុទ្រ​ដេក​ផ្ងារ​ឡើង​ និង​បាញ់​គុលិកា​មាន​ជាតិ​ពុល​ទៅ​កាន់​ផ្ទៃ​ទឹក​ខាង​លើ​។ សំណង់​រចនា​សម្ព័ន្ធ​ទាំង​នេះ​ ហៅ​ថា cassiosomes អាច​សម្លាប់​សត្វ​ជា​ចំណី​ និង​អាច​ធ្វើ​ឲ្យ​ពុល​ទឹក​ ជា​បទពិសោធ​ដែល​ក្រុម​អ្នក​ជ្រមុជ​ទឹក និង​ប្រជា​នេសាទ​ជួប​ប្រទះ​ក្នុង​ផ្ទៃ​ទឹក​ត្រូពិក​។

ក្រុម​ការងារ​បាន​វិភាគ​អម្បូរ​ខ្ញែរ cassiosomes និង​បាន​រក​ឃើញ​ថា ស្រទាប់​ក្រៅ​របស់​វា​ត្រូវ​បាន​ស្រោប​ដោយ​កោសិកា​ពិស​រាប់​ពាន់​។

ខណៈ​សារធាតុ​ពុល​មិន​មាន​អានុភាព​​​​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​មនុស្ស វា​អាច​បំផ្លាញ​កោសិកា​ស្បែក​ និង​ជា​មច្ចុរាជ​ចំពោះ​អម្បូរ​សត្វ​តូចៗ​។

យោង​តាម Cheryl Ames បញ្ចប់​ការ​សិក្សា​ផ្នែក​វិទ្យាសាស្ដ្រ​កសិកម្ម​មក​ពី​​ប្រទេស​ ​ជប៉ុន បាន​ឲ្យ​ដឹង​ថា ទឹក​ពុល​បង្ក​ជា​រមាស់​លើ​ស្បែក​ពី​តិច​ទៅ​ខ្លាំង ​និង​ធ្វើ​ឲ្យ​អារម្មណ៍​មិន​ស្រណុក​ស្រួល​រហូត​ដល់​អាច​បង្ខំ​ចិត្ដ​ឲ្យ​ឡើង​ចេញ​ពី​ផ្ទៃ​ទឹក​៕ AFP/HR ​