ក្រុងសាន់ត្យាហ្គោ: ខ្មោច​ត្រី​បាឡែន​ខៀវ​មួយ​ក្បាល​ត្រូវបាន​មនុស្សម្នា​នាំគ្នា​ឡើង​ជាន់​ទន្ទ្រាំ​ថតរូប​សែលហ្វ៊ី ដោយ​មាន​ទាំង​ស្លាក​ស្នាម​ឆូត​ស្បែក​សរសេរ​អក្សរ​លើ​ខ្លួន​វា ក្រោយ​ពី​វា​ងាប់​លើ​ឆ្នេរ​ប្រទេស​ស៊ីលី។

ត្រី​បាឡែន​យក្ស​ប្រវែង​ជាង ២០ម៉ែត្រ បានធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​ដល់​អ្នកស្រុក​ក្រោយ​ពី​វា​ត្រូវបាន​ប្រទះ​ឃើញ​ងាប់​ទើរ​លើ ឆ្នេរ​ពុនតា អារ៉េណាស៍ ក្នុង​តំបន់​ម៉ាហ្គាល់​ឡាណេស។

ប៉ុន្ដែ​រូបភាព​ជាច្រើន​សន្លឹក​ដែល​ត្រូវបាន​បង្ហោះ បាន​បង្ហាញ​ពី​មនុស្សម្នា​នាំគ្នា​ជាន់​លើ​ខ្មោច​ត្រី​បាឡែន និង​អង្គុយ​ថតរូប​លើ​ខ្នង​របស់​វា។

ស្លាក​ស្នាមជើង​ត្រូវបាន​មើល​ឃើញ​លើ​សព​ត្រី​បា​ឡែ​ន ហើយ​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ជាច្រើន​បាន​សរសេរ​រិះគន់​ចំពោះ​ទង្វើ​នេះ។

Carmen Julia Gonzalez Escanilla បាន​សរសេរ​ថា៖ «មនុស្ស​យើង​កំពុងតែ​បាត់បង់​ការ​គោរព និង​ក្ដី​អាណិត​អាសូរ​អស់​រលីង​ហើយ»។

រីឯ Xieman Hernandez បាន​បន្ដថា៖ «ឆ្កួត​មែនទែន​ហើយ! ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ កាន់​តែ​យ៉ាប់។ តើ​ពួកគេ​មាន​ទឹក​ចិត្ដ​ជា​មនុស្ស​ដែរ​ឬ​ទេ?»។

ពេលនេះ​សព​ត្រី​បាឡែន​ត្រូវបាន​អាជ្ញាធរ​ស៊ីលី យក​ចេញ​ដើម្បី​តាមដាន​ពី​មូលហេតុ​ធ្វើ​ឲ្យ​វា​ងាប់។ បាឡែន​ខៀវ គឺជា​សត្វ​ធំ​បំផុត​ដែល​មាន​ជីវិត​រស់​នៅ​លើ​ផែនដី។ បាឡែន​ខៀវ​ធ្ងន់​បំផុត​ត្រូវបាន​កត់ត្រា​ថា​មាន​ទម្ងន់ ១៩០ តោន៕HR