ក្រុងតូក្យូ: នៅសល់តែប៉ុន្មានថ្ងៃទៀត ពេលដែលប្រទេសជប៉ុននឹងឈានដល់រជ្ជកាលថ្មី ក្រុមហ៊ុនអាជីវកម្មនានានាំគ្នាមមាញឹកកើបលុយដោយការលក់ខ្យល់ពីរជ្ជកាលចាស់ក្នុងតម្លៃមួយកំប៉ុងជិត ១០ ដុល្លារ។
កំប៉ុងពណ៌សដែលពុំមានផ្ទុកអ្វីក្រៅពីខ្យល់រជ្ជកាល Heisei ៣ ទសវត្សរ៍របស់អធិរាជជប៉ុន អាគីហ៊ីតូ និងកាក់សំណាង ៥ យេនដែលត្រូវបានដាក់លក់តាំងពីថ្ងៃចន្ទ។
ជាមួយមហិច្ឆតាលក់ឲ្យបាន ១ ពាន់កំប៉ុងប្រធានក្រុមហ៊ុន មីណូរ៉ូ អ៊ីណាម៉ូតូ បានថ្លែងប្រាប់ AFP ឲ្យដឹងថា៖ «ខ្យល់គឺ Free មែន ប៉ុន្តែយើងសង្ឃឹមថា យើងអាចរីករាយស្រូបយកខ្យល់បរិសុទ្ធនៃរជ្ជកាល Heisei ក្រោយពីរជ្ជកាលថ្មីបានចូលមកដល់។ យើងអាចទុកកំប៉ុងខ្យល់នេះជាអនុស្សាវរីយ៍ក៏បាន»។
ខ្យល់ច្រកកំប៉ុងរជ្ជកាល Heisei ត្រូវបានផលិតនៅភូមិភាគកណ្ដាលប្រទេសជប៉ុន Henari សម្រាប់ការកុម្ម៉ង់ទិញអនឡាញ និងដាក់លក់តាមដងផ្លូវនានា។
ក្រៅពីកំប៉ុងខ្យល់ កាក់មាសរាងទ្រវែងមានឆ្លាក់អក្សរ Heisei ត្រូវបានដាក់លក់ដាច់គ្មានសល់ តាមហាងទំនិញឯទីក្រុងតូក្យូ។ រីឯក្រុមហ៊ុនផលិតនំ និងស្ករគ្រាប់ក៏បានផលិតចំណីតំណាងឲ្យរជ្ជកាលចាស់ដែរ។
បណ្ដាក្រុមហ៊ុនឯទៀតនៅប្រទេសជប៉ុនក៏បាននាំគ្នាសម្រុកផលិតវត្ថុអនុស្សាវរីយ៍ត្រៀមស្វាគមន៍រជ្ជកាល Reiwa ដែលនឹងចូលមកដល់នៅថ្ងៃទី ១ ខែឧសភាផងដែរនៅពេលដែលរាជបុត្រ ណារ៉ូហ៊ីតូ ឡើងគ្រងរាជបល្ល័ង្ក ដូចជា ស្ទីកឃ័រ ស្រោមទូរស័ព្ទ អាវយឺត ដង្កៀប ដប និងស្រាជប៉ុនផង៕