ភ្នំពេញៈ ថ្មីៗ​នេះ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ក្នុង​បណ្តាញ​សង្គម​ជាមួយ​នឹង​ព័ត៌មាន បែប​ធ្លាយ​រឿង​អាស្រូវ​ក្នុង​សង្គម​អ្នក​សិល្បៈ ដែល​ចេញ​ពី​គណនី​ហ្វេសប៊ុក​ឈ្មោះ Chham Chhany បាន​ទម្លាយ​ថា មាន​អ្នក​សម​គំនិត​ធ្វើ​បាប​ចែ​មុំ អតីត​ថៅកែ​ហាង​កែ​សម្ផស្ស​មីកា​ហ្សា និង​បង្ហាញ​ឈ្មោះ​អ្នក​សិល្បៈ​ដែល​ប្រក​បរបរ​ម៉ែ​យ៉ែម​ក្នុង​សង្គម​សិល្បៈ​ទៀត​ផង។

ពី​គណនី​ហ្វេសប៊ុក​ឈ្មោះ Chham Chhany នេះ​បាន​បង្ហោះ​សារ​ថា៖ «បែក​ហើយ!​ចែ​មុំ ជាប់​គុក​ព្រោះ​មុខរបរ​ម៉ែ​យ៉ែម​កាច់​កុង» និង​បាន​បញ្ជាក់​មូល​ហេតុ​នៃ​ការ​ចាប់​ខ្លួន អតីត​ជា​ថៅកែ​ហាង​កែស​ម្ផ​ស្សមីកា​ហ្សា ផង​ដែរ​ថា៖ «ករណី​ចាប់​ខ្លួន ចែ​មុំ ដាក់​ពន្ធនាគារ​រហូត​ដល់​ថ្ងៃ​នេះ វា​មិន​មែន​ជា​រឿង​អនុវត្ត​ច្បាប់​ស្អី​នោះ​ទេ តែ​វា​ជា​រឿង ដួង ហ្សូរីដា និង ចន ច័ន្ទលក្ខិណា ច្រណែន ចែ​មុំ មាន​ហាង​កែ​សម្ផស្ស ងាយ​ក្នុងការ​ទាក់​តារា និង​ស្រី​ក្មេង​ឲ្យ​តាតា​បាន​ច្រើន​ជាង​ពួក ដួង ហ្សូរីដា និង ចន ច័ន្ទលក្ខិណា ប៉ុណ្ណោះ»។

មិន​តែ​ប៉ុណ្ណោះ​គណនី​ដដែល​នេះ ក៏មាន​សារ​ទម្លាយ​នូវ​ឈ្មោះ​អ្នក​សិល្បៈ​ចំៗ ដែល​ប្រក​បរបរ​ម៉ែ​យ៉ែម​ថា៖ «ក្នុង​រង្វង់​សិល្បៈ​មាន​ម៉ែ​យ៉ែម​ច្រើន​នាក់ ដែល​តែង​តែ​នាំ​តារា និង​ស្រី​ក្មេង​ស្អាតៗ​ឲ្យ​គេង​ជាមួយ​អ្នក​មាន​លុយ។ ថ្វី​ដ្បិត​តែ​មាន​ម៉ែ​យ៉ែម​ច្រើន​នៅ​ក្នុង​រង្វង់​សិល្បៈ តែ​ម៉ែ​យ៉ែម​ដែល​លេច​ធ្លោ​ជាង​គេ​មាន​តែ ៣ នាក់​ទេ​គឺ ១. ដួង ហ្សូរីដា ២.ចន ច័ន្ទ​លក្ខិណា និង ៣. ចាន់ ស្រីណុច ហៅ​ចែ​មុំ អតីត​ជា​ថៅកែ​ហាង​កែ​សម្ផស្ស​មីកាហ្សា»។

ដោយសារតែ​ចំណង​ស្នេហ៍​រវាង​តារា​សម្តែង​ជើង​ចាស់ មាន​មុខរបរ​រកស៊ី​នៅ​ក្រៅ​សិល្បៈ​រីក​ដូច​ផ្សិត ខណៈ​បច្ចុប្បន្ន​ជា​ប្រធាន​សមាគម​អ្នក​សិល្បៈ​ផង​ដែរ អ្នកនាង ចន ច័ន្ទ​លក្ខិណា និង​អ្នក​ជំនួញ​ក្មេង​មាន​ប្រាក់​ស្តុក​ស្តម្ភ​ឈ្មោះ​លោក ហេង ឡុង ហៅ រដ្ឋ មាន​ភាព​ស្អិត​ល្មួត​នឹង​គ្នា​ខ្លាំង ហើយ​ក៏​ជិត​ក្លាយជា​ប្រពន្ធ​ប្តី​ទៅ​ហើយ បើ​តាម​ការ​បង្ហាញ​វត្តមាន​បណ្តើរ​គ្នា​ជា​គូស្នេហ៍​បើក​ចំហ​ទាំង​ក្នុង​សិល្បៈ និង​ក្រៅ​សិល្បៈ​យូរ​មក​ហើយ​ដែរ។

ពាក់ព័ន្ធ​នឹង​រឿង​បុរស​ដែល​ទម្លាយ​សារ​ចោទ​ប្រកាន់​ពី​បទ​ពាក់ព័ន្ធ​ចំនួន ២ ករណី​ខាង​លើ គឺ​ចោទ​ជា​អ្នក​រួម​គំនិត​នោះ ភ្នំពេញ​ប៉ុស្តិ៍​ក៏​ទទួល​បាន​ការ​បក​ស្រាយ​ពី​លោក ហេង ឡុង ជា​គូស្នេហ៍​របស់​អ្នក​នាង ចន ច័ន្ទលក្ខិណា ថា៖ «សម្រាប់​រឿង​នេះ ខ្ញុំ​ដូចជា​មិន​ចាំ​បាច់​ត្រូវ​ធ្វើ​ការ​បកស្រាយ​អ្វី​នោះ​ឡើយ​ព្រោះ​ថា​ជាការ​និយាយ​មិន​ពិត​ពី​បុគ្គល​ម្នាក់​នោះ បាន​បង្កើត​ព័ត៌មាន​ចេញ​តែ​ខ្លួន​ឯង​គ្មាន​ភ័ស្តុតាង»។

រីឯ​រក​វិធានការ​យ៉ាងណា​សម្រាប់​ជន​ដែល​ចោទ​ប្រកាន់​គូស្នេហ៍​ខ្លួន​នោះ​ព្រោះ​អាច​ប៉ះពាល់​ដល់​កេរ្តិ៍​ឈ្មោះ​ក៏​ថា​បាន។ លោក ហេង ឡុង បន្ត​ថា៖ «ដូចជា​មិន​ចាំ​បាច់​រក​វិធានការ​បែប​ណា​ទេ​សម្រាប់​បុគ្គល​នេះ​ទេ ដោយសារ​គេ​និយាយ​មិន​ពិត ហើយ​គេ​ក៏​ធ្លាប់​ផ្សព្វផ្សាយ​ព័ត៌មាន​ដែល​មិន​ពិត​ច្រើន​លើក​ហើយ​ដែរ​ទៅ​លើ​អ្នក​ផ្សេង ខណៈ​យូរៗ​ទៅ​ក៏​សាប​រលាប​ព័ត៌មាន​មិន​ពិត​អស់​ដែរ។ ម្យ៉ាង​ទៀត​ម្នាក់​នេះ គេ​ច្រើន​និយាយ​បែប​និន្នាការ​នយោបាយ រក​ផល​ចំណេញ​ដល់​បក្ខពួក​របស់​គេ​តែ​ប៉ុណ្ណោះ»៕