ក្រុងវីយែន៖ ពេល​ សូភា ហ្គ្រូ និង​អ៊ីរីស ក្លូពហ្វ័រ ឡើង​រាំ​​បង្ហាញ​មុខ​ជា​សាធារណៈ​​នៅ​សាល​មហោស្រព​ Opera Ball ដ៏​ល្បីល្បាញ​ប្រចាំ​ក្រុង​វីយែន កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ពួក​គេ​នឹង​រាំ​បង្កើត​​ប្រវត្ដិសាស្ដ្រ​​។

វា​នឹង​ក្លាយ​ជា​ព្រឹត្ដិការណ៍​ដំបូង​ដែល​គូស្នេហ៍​ភេទ​ដូច​គ្នា​រាំ​ជាមួយ​គ្នា​ ក្នុង​ចំណោម​មហាជន​នៃ​ពិធី​បើក​សម្ពោធ​សាល​មហោស្រព​។

ព្រឹត្ដិការណ៍​នេះ ​គឺ​ជា​ឱកាស​ដ៏​វិសេស​ប្រចាំ​ឆ្នាំ​បំផុត​មួយ​នៅ​ទីក្រុង​វីយែន ដោយ​មាន​ការ​ចូលរួម​ពី​​មហាជន​ ៥ ពាន់​នាក់ ​នៅ​សាល​ទំនើប Opera Ball និង​អ្នក​ទស្សនា​តាម​កញ្ចក់​ទូរទស្សន៍​ប្រមាណ ២ លាន​នាក់​ទៀត​។

កញ្ញា សូភា និង​កញ្ញា អ៊ីរីស បាន​ក្លាយ​ជា​មិត្ដ​ភក្ដិ​នឹង​គ្នា​តាំង​ពី​នៅ​រៀន​ថ្នាក់​វិទ្យាល័យ​ក្នុង​ប្រទេស​កំណើត​អាល្លឺម៉ង់​ ហើយ​មិន​ខុស​ពី​គូស្នេហ៍​ដទៃ​ទៀត មិន​មែន​ជា​គូសង្សារ​ក្រៅ​វេទិកា​រាំ​ឡើយ​។

កញ្ញា សូភា​ អាយុ ២១ ឆ្នាំ បាន​ប្រាប់ AFP ដោយ​ទន្ទឹង​រង់ចាំ​ព្រឹត្ដិការណ៍​រាត្រី​ថ្ងៃ​ព្រហស្បតិ៍​មក​ដល់​ថា​៖ «​ពេល​នេះ យើង​ពិត​ជា​ញាប់ញ័រ​ តែ​នរណា​ក៏​តែងតែ​មាន​អារម្មណ៍​បែប​នេះ ពេល​ជិត​ឡើង​ឆាក​​ដែរ»។

ដៃគូ​រាំ​ភេទ​ដូចគ្នា សូភា និង អីុរីស ត្រៀម​ប្រកៀក​​គ្នា​រាំ​នៅ Opera Ball។ រូបថត AFP

មិន​ខុស​ពី​អ្នក​ចូលរួម​ផ្សេងៗ​ទៀត កញ្ញា សូភា និង​ដៃគូ អ៊ីរីស អាយុ ២២ ឆ្នាំ ត្រូវ​ឆ្លង​កាត់​វគ្គ​ជ្រើសរើស​ដ៏​តឹងរ៊ឹង​ ដែល​ទាមទារ​ឲ្យ​មាន​ជំនាញ​ខ្ពស់​នូវ​ក្បាច់​រាំ​របស់​អ្នក​ស្រុក​វីយែន​។

ខណៈ​ពួក​គេ​ទទូច​ថា ពួក​គេ​មាន​បំណង​ចង់​រាំ​ចេញ​ពី​សេចក្ដី​ស្រឡាញ់​ ដែល​ជា​សារៈសំខាន់​មួយ​ផង​ដែរ​។

កញ្ញា សូភា និយាយ​ថា​៖ «​យើង​កំពុង​ព្យាយាម​ប្រើ​វេទិកា​នេះ​បង្ហាញ​ វា​មិន​មែន​ជា​បញ្ហា​នោះ​ទេ ចំពោះ​អ្វី​ដែល​នៅ​ក្នុង​ខោ ឬ​កើត​មក​ជា​ភេទ​អ្វី​ឡើយ​ អ្នក​នៅ​តែ​អាច​រាំ​ទោះ​​​កាលៈទេសៈ​ណា​ក៏​ដោយ​»។

អ្នក​រៀបចំ​ព្រឹត្ដិការណ៍​របាំ ម៉ារៀ គ្រូស​ប៊័រ និយាយ​ថា​៖ «​សុភាព​នារី​​រាំ​បាន​យ៉ាង​ល្អ និង​ត្រូវ​បាន​ទទួល​ស្គាល់ ​ពី​គណៈកម្មការ។ ​​​ឆ្នាំ ​២០២០ អ្នក​ចូលរួម​រាំ​ភេទ​ដូច​គ្នា​លែង​មាន​​បញ្ហា​ឧបសគ្គ​ទៀត​ហើយ»​៕ AFP/HR