ក្រុងវ៉ាសូវី : ក្រោយពីក្លាហានហ៊ានប្រថុយរត់គេច ខណៈត្រូវបានដឹកយកទៅទីសត្ដឃាត គោមួយក្បាលនៅក្រុងនីសា ប្រទេសប៉ូឡូញ បានហែលទឹកទៅដែនកោះឥតមនុស្សរស់ កាត់ទឹកបឹង និងបានចាប់ផ្ដើមជីវិតថ្មីនៅទីនោះតរៀងមក។
សត្វគោស្ថិតក្នុងចំណោមសត្វចិញ្ចឹមក្នុងស្រុកដ៏ស្ដាប់បង្គាប់ តែពេលមានឱកាសរស់ ពួកគេអាចបង្កើតលទ្ធភាពវិសេសដោយខ្លួនឯង។
យោងតាមវិបសាយព័ត៌មានប៉ូឡូញ Wiadomosci បានបង្ហាញថា មីត្នោតចិត្ដសឿងប្រថុយរត់យកព្រះអាយុកាលពីខែមុន ពេលដែលក្រុមសត្ដឃាតត្រៀមញាត់ពួកវាចូលឡានដឹកទំនិញ។ ពេលដែលគោក្លាហាននេះបានឃើញឡាន វា [គោញី] ចាប់ផ្ដើមកញ្ជ្រោលប្រវេប្រវាគេចពីដៃកម្មករកសិដ្ឋាន និងបានវាត់បុរសនោះបាក់ឆ្អឹងជំនី មុនពេលលោតរំលងរបងដែក និងរត់ដាច់វាលឆ្លងបឹង នីស្គី។
អ្នកឃើញហេតុការណ៍ បាននិយាយថា ពួកគេបានឃើញគោនេះហក់ចូលទឹក និងហែលតាមលទ្ធភាពឆ្ពោះទៅកាន់កោះអត់មនុស្សនៅ។ ម្ចាស់របស់វា ជាកសិករនៅ នីសា ឈ្មោះ លោក លូកាស និងកម្មករបានចំណាយពេលមួយសប្ដាហ៍តាមចាប់គោនោះត្រឡប់វិញ។
សំណាងល្អសម្រាប់គោឧទ្ទាមនេះ ឆន្ទះពុះពាររបស់វាបានធ្វើឲ្យអ្នកនយោបាយ និងជាអតីតតារាចម្រៀង ផាវែល គូគីស រញ្ជួយចិត្ដ និងទទួលចិញ្ចឹម ដោយបានបង្ហោះរូបភាពមីត្នោតលើហ្វេសប៊ុក ដោយអំពាវនាវរក «គោក្លាហាន» និងកោតសរសើរចំពោះការតាំងចិត្ដខ្ពស់រហូតដល់ជីវិតរស់៕ HR
ប្រភព Odditycentral.com