ភ្នំពេញៈ ក្រុមអ្នកថតអាជីពទាំងគ្រូ និងសិស្សមានចំនួន ១២ រូបបានសហការគ្នាបើកពិព័រណ៍មួយក្រោមប្រធានបទថា «ទឹកជាជីវិត» នៅមជ្ឈមណ្ឌលបុប្ផាណា និងដាក់តាំងរហូតទៅដល់ចុងខែកក្កដានេះ ប្រិយមិត្តចូលរួមទស្សនាដោយសេរីដែលឧបត្ថម្ភធំពីក្រុមហ៊ុនសប្បាយណាស់ និងមានការគាំទ្រដោយអង្គការវ័ធធឺរេត និងអង្គការមូលនិធិអូស្ត្រាលី។
គម្រោងពិព័រណ៍រូបថតរួមគ្នានេះគឺជាគម្រោងដែលត្រូវបានជំរុញទឹកចិត្តពីសិល្បករខ្មែរផ្នែកថតរូបជើងចាស់គឺលោក ម៉ក់ រ៉េមីស្សា ដែលស្នាដៃលោកត្រូវគេឲ្យតម្លៃទូលំទូលាយ និងធ្លាប់តាំងនៅមហោស្រពរូបថតសំខាន់ៗទាំងនៅក្នុងប្រទេសកម្ពុជា និងអន្តរជាតិ។
បើតាមសេចក្តីប្រកាសព័ត៌មានពេលបើកពិព័រណ៍រូបថត «ទឹកជាជីវិត» នេះបានឲ្យដឹងថា៖ «គោលបំណងសំខាន់នៃការតាំងពិព័រណ៍នេះ គឺដើម្បីផ្តល់ភាពអង់អាចដល់យុវជននៅក្នុងការរៀបរាប់ពីរឿងរ៉ាវផ្ទាល់ខ្លួន និងបង្ហាញពីបញ្ហានានាដែលកំពុងកើតក្នុងសហគមន៍មួយចំនួនដែលពិបាកទៅដល់បំផុតនៅក្នុងប្រទេសកម្ពុជា។ ខណៈរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានាកំពុងតែខិតខំដើម្បីផ្តល់ជូនប្រជាជនកម្ពុជាទាំងអស់គ្នានូវទឹកស្អាត និងអនាម័យនៅត្រឹមឆ្នាំ ២០២៥ ស្របតាមគោលដៅទី ៦ នៃការអភិវឌ្ឍប្រកបដោយនិរន្តរភាព។ ពិព័រណ៍នេះផ្តោតការយកចិត្តទុកដាក់ទៅលើបញ្ហាប្រឈមធ្ងន់ធ្ងរមួយចំនួននៅខាងមុខ និងរកដំណោះស្រាយសម្រាប់សហគមន៍ទាំងនោះ។ ចាប់ពីពេលនេះតទៅនឹងមិនមាននរណាម្នាក់ត្រូវបានគេទុកចោលនោះឡើយ»។
ដោយឡែកសម្រាប់ក្រុមយុវជនកម្ពុជាដែលរស់នៅតាមទីជនបទ និងសហគមន៍ដែលនៅឆ្ងាយពីគ្នាតាមដងទន្លេមេគង្គបានធ្វើការងារជាមួយលោក ម៉ក់ រ៉េមីស្សា ដើម្បីចងក្រងឯកសារតាមរយៈរូបភាពថាតើ «ទឹកជាជីវិត៖ គ្មាននរណាម្នាក់ត្រូវបានទុកចោល» មានន័យយ៉ាងណាចំពោះពួកគេបានមើលឃើញផ្ទាល់ និងពីសហគមន៍ពួកគេផ្ទាល់។
លោក ម៉ក់ រ៉េមីស្សា គឺជាអ្នកថតឆ្នើមនៃទីភ្នាក់ងារព័ត៌មាន EPA រយៈពេល ១២ ឆ្នាំ និងអតីតអ្នកថតរូបនៅសារព័ត៌មានរបស់បារាំង Cambodge Soir ចំនួន ១០ ឆ្នាំ និងជាអតីតនិស្សិតដែលបានបញ្ចប់ការសិក្សានៅផ្នែកគំនូរ តែក្រោយពីរៀនចប់បានប្រឡូកវិស័យគំនូរនេះបានតែប៉ុន្មានឆ្នាំប៉ុណ្ណោះ។ ដោយសារមានការពេញនិយមខាងថតរូបក៏បានជំរុញចិត្តលោកឲ្យប្រែក្លាយខ្លួនជាអ្នកថតរូបវិញដោយកាលពីដំបូងលោកបានធ្វើការជាអ្នកថតរូបទស្សនាវដ្តី Le Mekong នៅចន្លោះឆ្នាំ ១៩៩៦-៩៧។
ចំពោះពិព័រណ៍បានបើកសម្ពោធនៅបុប្ផាណាកាលពីល្ងាចថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០១៩ និងបន្តរហូតដល់ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០១៩។ ខណៈក្រុមអ្នកថតរូបទាំង ១២ រូបមានលោក ម៉ក់ រ៉េមីស្សា ជាគ្រូ និងអ្នកផ្តើមគម្រោងរៀបចំពិព័រណ៍នេះជាមួយនឹងសិស្សចំនួន ១១ រូបទៀតរួមមាន យូសុះ អាប់ឌុលរ៉ាស់ហ៊ីម, ចាន់ គីមស្រ៊ាង, ហុង រ៉ានី លោក វៀស រ៉ាន លោក ផល ករុណា លោក វ៉ាត ម៉ុម លោក អៀន វណ្ណា, សុខ ស៊ីនាថ, ហ៊ុយ ស្រីនាង, ឆេន ស្រីពេជ្រ និង ធី វត្តី៕