ក្រុង​បាងកក៖ គ្លីនិក​វេជ្ជសាស្ដ្រ​មួយ​ក្នុង​ទីក្រុង​បាងកក ដែល​បើក​ទ្វារ​កាល​ពី​ថ្ងៃ​ចន្ទ បាន​ផ្ដល់​ប្រេង​​កញ្ឆា​​ឥត​​គិត​ថ្លៃ​ដល់​ពលរដ្ឋ​ថៃ​រាប់​រយ​នាក់​ដែល​មក​ព្យាបាល​ជំងឺ​មហារីក គេង​មិន​លក់ និង​ឈឺ​សាច់​ដុំ ខណៈ​រដ្ឋាភិបាល​បាន​អនុញ្ញាត​ការ​ប្រើប្រាស់​កញ្ឆា ​ដើម្បី​បង្កើន​សេដ្ឋកិច្ច​ជាតិ និង​សុខុមាលភាព​ពលរដ្ឋ​។

កាល​ពី​ឆ្នាំ ​២០១៨ ថៃ​បាន​ក្លាយ​ជា​ប្រទេស​ទី ​១ នៅ​អាស៊ី​អាគ្នេយ៍​ផ្ដល់​សិទ្ធិ​ស្រប​ច្បាប់​ដល់​ការ​ប្រើប្រាស់​កញ្ឆា​វេជ្ជសាស្ដ្រ ទោះបី​ជា​ពលរដ្ឋ​ថៃ​ជា​ច្រើន​ធ្លាប់​ប្រើ​រុក្ខជាតិ​នេះ​ជា​ថ្នាំ​សង្កូវ​​យ៉ាង​ណា​ក៏​ដោយ​។

រដ្ឋាភិបាល​មាន​បំណង​ដាំ​ដំណាំ​កញ្ឆា​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ ដោយ​ធ្វើ​ការ​វិនិយោគ​លើ​បច្ចេកវិទ្យា​ដើម្បី​ចម្រាញ់​ប្រេង​ ចំហុយ​ និង​ប្រេង​កញ្ឆា​លក់​លើ​ទីផ្សារ​។

លោក​រដ្ឋមន្ដ្រី​សុខាភិបាល​ អានូទីន ឆានវីរ៉ាគុល ​និយាយ​ប្រាប់​ AFP ​ពេល​​​ឈរ​នៅ​ក្បែរ​រូប​ស្លឹក​កញ្ឆា​ដោយ​ស្លៀក​ឈុត​ពេទ្យ​ថា​៖ «​យើង​កំពុង​ប្រយុទ្ធ​ប្រឆាំង​ ដើម្បី​អត្ថប្រយោជន៍​ចំពោះ​សុខភាព​ពលរដ្ឋ​ថៃ​ និង​បង្កើន​សេដ្ឋកិច្ច​ជាតិ​»។

អ្នក​ជំងឺ​ទៅ​រង់​ចាំពិនិត្យ​ជំងឺ​នៅ​មន្ទីរ​ពេទ្យ​នា​ពេល​កន្លង​មក​។ រូបថត សហ​ការី

ពលរដ្ឋ​ថៃ​វ័យ​ចំណាស់​រាប់​រយ​នាក់​បាន​រង់ចាំ​ទទួល​យក​ប្រេង​កញ្ឆា​ពី ៥ ទៅ ១០ មីល្លីក្រាម សម្រាប់​ព្យាបាល​ជំងឺ​សាច់​ដុំ ដោយ​ខ្លះ​ទៀត​ត្រូវ​ការ​ព្យាបាល​ជំងឺ​រ៉ាំរ៉ៃ​ ដូចជា​ក្មេង​ស្រី​ Natjuta ដែល​​មាន​ជំងឺ​ស្វិត​ដៃ​ជើង​ ពី​កំណើត​ ​និង​ត្រូវ​ជិះ​រទេះ​រុញ​។

ស្ដ្រី​វ័យ ៦០ ឆ្នាំ ជា​ម្ដាយ​​នាង​បាន​ពោល​​ថា​៖ «គាត់​​គេង​មិន​បាន​ស្រួល​​​ទេ​ ធ្វើ​ឲ្យ​ខ្ញុំ​ក៏​គេង​មិន​លក់​ផង​ដែរ។ ខ្ញុំ​គិត​ថា វា​មាន​ប្រសិទ្ធភាព​ព្រោះ​ពេល​​នេះ គាត់​មាន​អារម្មណ៍​ស្ងប់​បន្ដិច​»។

ការ​ស្រាវជ្រាវ​វេជ្ជសាស្ដ្រ​​បង្ហាញ​​ថា ប្រេង​កញ្ឆា​អាច​ជួយ​សម្រួល​ដល់​ការ​ឈឺ​ចាប់​ដល់​អ្នក​ជំងឺ​ ដូចជា​ការ​ឈឺ​ចាប់​ធ្ងន់ធ្ងរ និង​អាការ​ស្កន់​ជា​ដើម តែ​​ចំពោះ​​វិទ្យាសាស្ដ្រ​ វា​ក៏​មាន​ឥទ្ធិពល​លើ​ជំងឺ​មហារីក​មួយ​ចំនួន​ទៀត​ផង​ដែរ។

ការ​ប្រើប្រាស់​កញ្ឆា​នៅ​ក្នុង​វិស័យ​សុខាភិបាល និង​ជំនួញ​កញ្ឆា នៅ​តែ​ផ្ទុយ​ទៅ​នឹង​ច្បាប់ ហើយ​ក៏​អាច​ដាក់​ទោស​ទណ្ឌ​ដល់​ជន​ប្រព្រឹត្ដិ​ខុស​ច្បាប់​ដោយ​ជាប់​គុក​រហូត​ដល់ ១០ ឆ្នាំ​ថែម​ទៀត៕

AFP/HR