ក្រុងឡាអេ: តុលាការ​នៅ​ហូ​ឡង់ កាលពី​ថ្ងៃ​ចន្ទ បាន​ច្រានចោល​ការ​ប៉ុន​ប៉ង​របស់​បុរស​ចំណាស់​ម្នាក់ ដែល​ចាត់​ទុក​ខ្លួន​ជា «អធិរាជ​សាច់​ចាំ» នៃ​អាយុ​ពិត ៧០ ឆ្នាំ​ក្នុង​ការ​កាត់​អាយុ ២០ ឆ្នាំ ដើម្បី​បង្កើន​ភាព​ស្រស់​បំព្រង​នៃ​ជីវិត និង​អានុភាព​សិច។

ក្នុងករណី​ដ៏​កម្រ​ជួប​បែបនេះ តុលាការ​ខណ្ឌ​អាន​ហេម បាន​ប្រាប់ «អា​ធិ​រាជ​សាច់​ចាំ» អេមីល រ៉ាតេលបេនដ៍ ថា វា​គ្មាន​អ្វី​ចាំបាច់​ដល់​ថ្នាក់​កាត់​អាយុ​រហូត​ដល់ ២ ទសវត្សរ៍ មក​ត្រឹម​ថ្ងៃ​ទី ១១ ខែ​មីនា ឆ្នាំ ១៩៦៩ នោះ​ទេ។

ចៅក្រម​បាន​និយាយថា៖ «លោក រ៉ា​តេ​ល​បេន​ដ៍ មាន​សិទ្ធិ​ធ្វើខ្លួន​ក្មេង​ជាង​វ័យ ២០ ឆ្នាំ និង​ធ្វើអ្វីៗ​តាម​ចិត្ដ​ចង់។ ប៉ុន្ដែ​ការ​កែប្រែ​ថ្ងៃខែ​ឆ្នាំ​កំណើត នឹង​ធ្វើ​ឲ្យ​បាត់បង់​កំណត់ត្រា ២០ ឆ្នាំ​តាំង​ពី​បញ្ជី​ជាតិ​កំណើត អាពាហ៍​ពិពាហ៍ និង​ការ​ចុះ​អេតា​ស៊ីវិល​ជាដើម»។

លោក រ៉ា​តេ​ល​បេន​ដ៍ ជា​គ្រូ-បង្គោល​បង្រៀន​មេរៀន​ជីវិត​ដ៏​ល្បីល្បាញ ដែលមាន​ជំនាញ​លើ «ការ​បណ្ដុះ​បណ្ដាល​ចំណេះ​ដឹង និង​ការ​វិនិច្ឆ័យ​ល្អ» ធ្លាប់​បាន​និយាយ​ថា លោក​មាន​អារម្មណ៍​ត្រូវ​គេ​រើស​អើង​ដោយ​សារ​តែ​សម្រស់​ក្មេង​ជាង​វ័យ ហើយ​ត្រូវ​បាន​គេ​រើស​អើង​ពេល​ប្រាប់​ពី​អាយុ​ពិត។

តុលាការ​បានចេញ​សេចក្ដីថ្លែងការណ៍​ថា ថ្វីដ្បិតតែ​ចៅក្រម​ទទួលស្គាល់ថា បុគ្គល​ម្នាក់ៗ​មាន​សិទ្ធិ​ធ្វើ​ខ្លួន​ក្មេង​តាម​ចិត្ដ​ចង់​យ៉ាង​ណា​ក៏ដោយ ក៏​វា​មិន​ចាំបាច់​ត្រូវ​កែ​បញ្ជី​ជាតិ​កំណើត​ឡើយ៕