ភ្នំពេញៈ ចាប់ពី​បាន​បណ្តុះបណ្តាល​បន្ថែម ២ ឆ្នាំ​ឲ្យ​ដឹង​ពី​ប្រភេទ​នៃ​ចម្លាក់​សិល្បៈ​វប្បធម៌​ខ្មែរ​មក​នោះ ក៏​បន្ថែម​ភាព​ច្បាស់លាស់​មួយ​កម្រិត​ទៀត​លើ​ជំនាញ​ជាង​ចម្លាក់​ឈើ ដែល​ធ្លាប់​តែ​ចេះ​ពី​គ្រូ​ក្រៅ​សាលា​ជិត ១០ ​ឆ្នាំ​មុន​របស់​លោក ប៊ន សុភាព និង​មាន​អ្នកគាំទ្រ​ច្រើន​ឡើងៗ​ទាំង​នៅក្នុង និង​ក្រៅ​ប្រទេស​។

លោក ប៊ន សុភាព វ័យ ២៧​ ​ឆ្នាំ​មាន​ស្រុកកំណើត​នៅ​ស្រុក​ស្ទោង ខេត្ត​កំពង់ធំ និង​មាន​ឈាមជ័រ​សិល្បៈ​ជាង​ឈើ​បន្ត​ពី​ឪពុក​ដែល​ជា​ជាង​ធ្វើ​រទេះគោ​ឈ្មោះ វ៉ាត់ ប៊ន នោះ​ក៏​ជំរុញ​ឲ្យ​ការចូលចិត្ត​សិល្បៈ​ចម្លាក់​ឈើ​របស់​លោក​កាន់តែ​ខ្លាំង និង​មាន​ភាពស្ទាត់ជំនាញ​។

លោក ប៊ន សុភាព រៀបរាប់​ពី​ប្រវត្តិ​ខ្លួន​កាលពី ២ ឆ្នាំ​មុន​ថា​៖ «​ខ្ញុំ​ធ្លាប់​ធ្វើការ​ជាង​ចម្លាក់​ឈើ​តាំងពី​ឆ្នាំ​ ២០០៩ និង​ទើប​បាន​រៀន​វគ្គ​បណ្តុះបណ្តាល​ចម្លាក់​ពី​ក្រសួង​វប្បធម៌​រយៈពេល ២ ឆ្នាំ (​ឆ្នាំ​ ២០១៦-២០១៨)​។ អ្វី​ដែល​គេ​ទទួល​ស្គាល់​ពី​ស្នាដៃ​ចម្លាក់​ឈើ​ខ្ញុំ​នោះ​គឺ​ពេល​ខ្ញុំ​បង្កើត​ស្នាដៃ​ចម្លាក់​ឈើ​រូប​ក្រដាស​ប្រាក់រៀល​ខ្មែរ​គឺ​ក្រដាស ១ សែន​រៀល​។ ក្រោយមក​រាល់​ស្នាដៃ​ចម្លាក់​ឈើ​របស់​ខ្ញុំ​ក៏​ត្រូវ​បាន​ក្រសួង​គាំទ្រ និង​បាន​អនុញ្ញាត​ឲ្យ​ខ្ញុំ​ចូលរួម​កម្មវិធី​ដែល​មាន​លក្ខណៈ​អន្តរជាតិ​មាន ១៦០ ប្រទេស​ចូលរួម​កាលពី​ឆ្នាំ​ ២០១៨ កន្លង​មក​នៅ​ខេត្ត​សៀមរាប​ឈ្មោះ​ថា World Wood Day ឆ្នាំ​ ២០១៨»​។

ក្រៅ​ពី​នេះ​ក៏​មាន​ស្នាដៃ​ចម្លាក់​ឈើ​ផ្សេងៗ​ដែល​កំពុង​ពេញនិយម​ផង​ដែរ​គឺ​ចម្លាក់​រូប​ប្រាសាទ​អង្គរវត្ត បាយ័ន ពុទ្ធរូប អប្សរា ក្បាលសត្វ​គោព្រៃ ក្របី ទន្សោង ក្តាន់ រមាំង និង​រូប​ទេសភាព​ជាដើម ខណៈ​ក្រុម​ចម្លាក់​ឈើ​លោក ប៊ន សុភាព គ្រាន់​តែ​ទទួល​សេវាកម្ម​ឆ្លាក់​រូប​យក​កម្រៃ​ឈ្នួល​ប៉ុណ្ណោះ​។

ក្រុម​ជាង​ចម្លាក់​ឈើ​កូន​ខ្មែរ​កំពុង​ឆ្លាក់​រូប​ដកស្រង់​ពី​គំនូរ​ប្រាសាទ​។ រូបថត ហ្វេសប៊ុក

លោក ប៊ន សុភាព ប្រាប់​ថា​៖ «​ខ្ញុំ​មិន​បង្កើត​អាជីវកម្ម​ដាក់​លក់​ឡើយ គ្រាន់​តែ​ទទួល​ការកុម្ម៉ង់​ឆ្លាក់​តាម​តម្រូវការ​របស់​អតិថិជន និង​យក​តែ​ថ្លៃឈ្នួល​ឆ្លាក់​តែប៉ុណ្ណោះ​។ ចំពោះ​ថ្លៃ​ឈ្មួល​គិត​តាម​ទំហំ​ម៉ែត្រការ៉េ​គឺ ១ ម៉ែត្រការ៉េ ១០០០ ដុល្លារ និង​ប្រើ​ពេល​យូរ​រាប់​ខែ​។ ដូចជា​ចម្លាក់​ឈើ​ទទឹង ១ ម៉ែត្រ និង​បណ្តោយ ៣ ម៉ែត្រ​ត្រូវ​ប្រើពេល ២-៣ ខែ ឯណោះ​។ ក្រៅពី​មាន​ការគាំទ្រ​ពី​សំណាក់​ភ្ញៀវ​ខ្មែរ​ដែល​មាន​ឋានៈ​ខ្ពស់​កុម្ម៉ង់​ឲ្យ​ឆ្លាក់​នោះ ស្នាដៃ​ចម្លាក់​ឈើ​លោក ប៊ន សុភាព ក៏​មាន​ការគាំទ្រ​ពី​សំណាក់​ភ្ញៀវ​បរទេស​ផងដែរ​ដូចជា​ប្រទេស​ចិន អាមេរិក បារាំង និង​កូរ៉េ​ខាង​ត្បូង​។

ប្រសិន​បើ​ត្រូវការ​សេវាកម្ម​ក្រុម​ជាង​ចម្លាក់​ឈើ​របស់​កូន​ខ្មែរ​នៃ​ក្រុម​លោក ប៊ន សុភាព ដែល​មាន​ទឹកដៃ​ល្អ​នោះ​អាច​ទាក់ទង​ផ្ទាល់​បាន​តាម​លេខ​ទូរស័ព្ទ 086 45 99 97 ឬ 087 64 00 66៕