ភ្នំពេញៈ ហាក់ជាចេតនាមួយចង់ប្រាប់ថា ខ្លួននៅតែមានទេពកោសល្យ និងសមត្ថភាពក្នុងការតែងនិពន្ធបទចម្រៀងថ្មីៗបានជាហូរហែជាពិសេសនោះគឺកំពុងតែត្រៀមបទចម្រៀងថ្មី ជាមួយម្ចាស់ចិត្តទៀតពីសំណាក់តារាចម្រៀងរ៉េបប្រុសរាងខ្ពស់ស្រឡះលោក ងួន ចាន់ដេវីត ក្រោយពីបានចាកចេញពីផលិតកម្មហង្សមាសប្រមាណជិត ១ ឆ្នាំមកនោះ។
ថ្មីៗនេះក៏មានការបង្ហោះរូបថត ១ សន្លឹករួមគ្នានៅក្នុងឈុតតុបតែងយ៉ាងស្អាត និងកាលីបកប់ៗដោយកញ្ញា ទេព បូព្រឹក្ស ស្លៀកឈុតរ៉ូបពណ៌ក្រហមដែលមើលទៅមានស្ទីលតែងខ្លួនកាន់តែដូចនឹងតារាចម្រៀងស្រីកូរ៉េកញ្ញា CL ខណៈលោក ងួន ចាន់ដេវីត វិញលេងឈុតពណ៌ខ្មៅស្រដៀងគ្នាទៅនឹងស្ទីលរបស់តារាចម្រៀងកូរ៉េប្រុសលោក G-Dragon នោះ។ អមទៅនឹងរូបមួយសន្លឹកនេះលោក ងួន ចាន់ដេវីត បានបង្ហើរសារមួយឃ្លាថា៖ «ទម្រាំតែបានអង្គុយបែបនេះ តើបងប្អូនដឹងទេថាយើងត្រូវឆ្លងកាត់អ្វីខ្លះ?»។
មួយរំពេចមកក៏មានអ្នកគាំទ្រចូលទៅចុច Like និង Comment ជាហូរហែ និងមានអ្នកលើកឡើងថា៖ «ប្រាកដជាដឹងហើយយល់! គ្រប់យ៉ាងសុទ្ធតែកើតចេញពីការខិតខំរបស់បងទាំង ២ និងក្រុមការងារហេតុផលក៏ព្រោះតែស្រឡាញ់ចង់ធ្វើឲ្យល្អ»។
កន្លងមកតារាចម្រៀងប្រុសមានរាងខ្ពស់ស្រឡះដែលចេះនិពន្ធទាំងទំនុកច្រៀង និងទំនុកភ្លេងលោក ងួន ចាន់ដេវីត បានប្រកាសលាឈប់ពីទ្រនំហង្សមាសបង្កើតចម្ងល់មហាជនមួយប្រាវក៏ស្រាប់តែក្រោយមកទៀតលេចឮរហៀងៗថា ដៃគូចម្រៀងស្រីពូកែខាងចាក់ក្បាច់រាំគឺកញ្ញា ទេព បូព្រឹក្ស ក៏ទំនងលាឈប់ពីហង្សមាសម្នាក់ទៀតដែរ។
តែកញ្ញា ទេព បូព្រឹក្ស ក៏ប្រាប់ពីមន្ទិលចេញពីហង្សមាសដែរថា៖ «ខ្ញុំនៅមានកុងត្រាយូរទៀតជាមួយហង្សមាសមិនបានឈប់ទេគឺមានតែ Devith ទេដែលឈប់ ខណៈពេលនេះគាត់ច្រៀង និងធ្វើបទឲ្យក្រុមហ៊ុនស្មាត»។
លើសពីនេះភ្នំពេញប៉ុស្តិ៍ក៏ពុំទទួលបានការបកស្រាយពីរឿងត្រៀមចេញបទចម្រៀងថ្មីរបស់អ្នកទាំង ២ កំពុងថតនោះដែរ ដោយសារប្រព័ន្ធទូរស័ព្ទរបស់លោក ងួន ចាន់ដេវីត និង កញ្ញា ទេព បូព្រឹក្ស គឺមិនអាចទាក់ទងបាន។
គួរបញ្ជាក់ថាតារាចម្រៀង ១ គូជាសំណព្វចិត្តយុវវ័យសម័យនេះដែលបានចាប់ដៃគូចម្រៀងជាមួយគ្នាត្រឹមតែប្រមាណ ២ ឆ្នាំតែប៉ុណ្ណោះ ហើយប្រិយមិត្តគាំទ្រអ្នកទាំង ២ ក៏បានធ្វើការប្រដូចពួកគេទៅនឹងគូរបស់តារាកូរ៉េខាងត្បូងផងដែរគឺទេព បូព្រឹក្ស ត្រូវមហាជនខ្មែរហៅថានាង CL ខ្មែរ ហើយ G-Devith ត្រូវគេហៅថា G-Dragon ខ្មែរ៕