ក្រុងប៉េកាំង: បណ្ដាញផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ចុងសប្ដាហ៍ថា ចិនគ្រោងបង្កើតព្រះខែសិប្បនិម្មិតផ្ទាល់ខ្លួននៅឆ្នាំ ២០២០ ដើម្បីជំនួសអំពូលភ្លើងតាមដងផ្លូវ និងកាត់បន្ថយការចំណាយអគ្គិសនីក្នុងតំបន់ទីក្រុង។
យោងតាម China Daily បានឲ្យដឹងថា ក្រុងឈិងឌូ ស្ថិតនៅនិរតីខេត្ដស៊ីឈួន កំពុងអភិវឌ្ឍ «តារាពន្លឺសិប្បនិម្មិត» ដែលនឹងបញ្ចេញពន្លឺ្លភ្លឺជាងព្រះចន្ទដល់ទៅជាង ៨ ដង។
លោក វូ ឈុនហ្វេង ប្រធាន Tian Fu New Area Science Society ជាអង្គភាពទទួលខុសត្រូវគម្រោងនេះ បាននិយាយថា ព្រះខែសិប្បនិម្មិតនឹងត្រូវបានបង្ហោះពីមជ្ឈមណ្ឌលបង្ហោះតារាសិប្បនិម្មិត ស៊ីឆាង ក្នុងខេត្ដស៊ីឈួន ដោយព្រះខែ ៣ ដួងទៀត នឹងបង្ហោះនៅឆ្នាំ ២០២២ បើដួងដំបូងទទួលជោគជ័យ។
ដោយការទទួលពន្លឺពីព្រះអាទិត្យ តារាសិប្បនិម្មិតនេះ អាចប្រើជំនួសអំពូលភ្លើងតាមដងផ្លូវក្នុងតំបន់ទីក្រុង ដោយអាចសន្សំការចំណាយថាមពលអគ្គិសនីប្រមាណ ១,២ ពាន់លានយន់ (១៧០ លានដុល្លារ) ក្នុង ១ ឆ្នាំសម្រាប់ក្រុងឈិងឌូ បើព្រះខែសិប្បនិម្មិតអាចជះពន្លឺលើផ្ទៃដី ៥០ គីឡូម៉ែត្រការ៉េ។
យ៉ាងណា ទីភ្នាក់ងារ AFP មិនអាចទាក់ទងលោក វូ និងអង្គភាព Tian Fu New Area Science Society សុំការបញ្ជាក់ពីរបាយការណ៍នេះបានឡើយ។
ចិនមិនមែនជាប្រទេសទីមួយដែលព្យាយាមអូសទាញពន្លឺព្រះអាទិត្យមកប្រើនៅលើផែនដីនាពេលយប់នោះទេ។ អំឡុងឆ្នាំ ១៩៩០ ក្រុមអ្នកវិទ្យាសាស្ដ្ររុស្ស៊ី ធ្លាប់ប្រើកញ្ចក់យក្សដើម្បីបញ្ចាំងពន្លឺពីអវកាស ក្នុងគម្រោងថាមពលក្រៅភព ឬ ហៅថា Znamya តែតារាសិប្បនិម្មិតនោះមិនយូរប៉ុន្មានក៏ឆេះខ្ទេចអស់៕