ក្រុងប៉េកាំង: ចិនផ្ដើមបង្ក្រាបលើប្រពៃណីរាំស្រាតក្នុងពិធីបុណ្យសព ដែលត្រូវបានចាត់ទុកជាទង្វើខុសច្បាប់ និងបង្ខូចដល់សីលធម៌សង្គម ដោយបន្ដពេញនិយមនៅទីជនបទ។
ការរាំស្រាតត្រូវបានសម្ដែងក្នុងពិធីបុណ្យសពខ្លះ បំណងទាក់ទាញអ្នកចូលរួមមរណទុក្ខ និងសម្ញែងពីទ្រព្យក្រុមគ្រួសារ ជាវប្បធម៌ទទួលបានការនិយមខ្លាំងអស់រយៈពេលជាច្រើនឆ្នាំ។
ក្រសួងវប្បធម៌ចិនថា ខ្លួនកំពុងតាមដានមើលលើ «ការរាំស្រាត» រួមទាំងទង្វើអាគ្រាម សកម្មភាពសិច និងការសម្ដែងស្រើបស្រាលផ្សេងៗទៀត ក្នុងពិធីបុណ្យសព អាពាហ៍ពិពាហ៍ និងពិធីជួបជុំដទៃទៀត។
ដំបូង អាជ្ញាធរផ្ដើមបង្ក្រាបលើការសម្ដែងសិចកាលពីឆ្នាំ ២០០៦ និងបើកយុទ្ធនាការទី ២ លុបបំបាត់ទាំងស្រុងក្នុងឆ្នាំ ២០១៥។ ការបង្ក្រាបចុងក្រោយនេះផ្ដោតលើក្រុង ១៩ ក្នុង ៤ ខេត្ដ រួមមាន ហេណាន អានហ៊ួយ ជៀងស៊ូ និងហឺប៉ី។
ក្រសួងបានផ្ដោតលើក្រុមរាំស្រាត the Red Rose Song and Dance Troupe ដែលរាំស្រាតសម្លៀកបំពាក់ក្នុងពិធីបុណ្យសពមួយនៅខេត្ដហឺប៉ីកាលពីខែកុម្ភៈ ឆ្នាំ ២០១៥។
ក្រសួងបានបន្ថែមថា នារីក្រុមរាំទាំងនោះ ដោះសម្លៀកបំពាក់ក្រោយពីបង្ហាញក្បាច់រាំធម្មតា។ ប្រធានក្រុម Red Rose ម្នាក់ ត្រកូល លី ត្រូវបានឃុំខ្លួន ១៥ ថ្ងៃ និងពិន័យជាប្រាក់ ៧ ម៉ឺនយន់ (១១៣០០ ដុល្លារ) ក្រោយមន្ដ្រីអនុវត្ដច្បាប់ចុះអន្ដរាគមន៍៕HR